35.4 C
Phnom Penh

រដ្ឋការ​លោក ចូ បៃដិន ទទួលស្គាល់​មេ​បក្ស​ប្រឆាំង​និរទេស​ខ្លួន​ជា​ប្រធានាធិបតី​ឈ្នះ​ឆ្នោត​នៅ​វេណេហ្ស៊ុយអេឡា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋការ​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប្រកាស​ទទួលស្គាល់​បេក្ខជន​បក្ស​ប្រឆាំង​លោក Edmundo Gonzalez Urrutia ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា។

ការ​ប្រកាស​របស់​ទីក្រុង​វ៉ាស៊ីនតោន ធ្វើ​ឡើង​រយៈពេល ៤​ខែ​បន្ទាប់ពី​ប្រទេស​វេណេហ្ស៊ុយអេឡា បាន​បោះឆ្នោត​ភ្លូកទឹកភ្លូកដី​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ថ្ងៃទី​២៨ កក្កដា ដែល​លោក Nicolas Maduro បាន​ប្រកាស​ខ្លួនឯង​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ប៉ុន្តែ​បាន​រង​ការ​ចោទប្រកាន់​ថា​មាន​ការ​លួច​បន្លំ​ការ​បោះឆ្នោត។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន DW នៃ​ប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា នេះ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ព្រោះតែ​ប្រជាជន​ត្រូវការ​លទ្ធិប្រជាធិបតេយ្យ និង​ទាមទារ​ឱ្យ​មាន​ការ​គោរព​ចំពោះ​ឆន្ទៈ​របស់​ម្ចាស់​សន្លឹកឆ្នោត ទើប​ប្រជាជន​វេណេហ្ស៊ុយអេឡា បាន​សម្រេច​ជាក់លាក់​ជ្រើសរើស​លោក Gonzalez Urrutia ជា​ប្រធានាធិបតី ដែល​ប្រជាជន​មិន​បាន​បោះឆ្នោត​ជ្រើសរើស​លោក Maduro នោះ​ទេ។

កន្លង​មក ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ក៏​ធ្លាប់​និយាយ​ថា លោក Gonzalez Urrutia គឺជា​អ្នក​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា។

រដ្ឋមន្ត្រី​ការបរទេស​វេណេហ្ស៊ុយអេឡា លោក Yvan Gil បាន​ប្រតិកម្ម​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​លោក Blinken។

លោក Gonzalez Urrutia បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ គឺ​ភ្លាមៗ​ក្រោយពី​លោក Maduro បញ្ជា​ឱ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ពី​បទ​ដឹកនាំ​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​មួយ​ស្រប​ច្បាប់។

យោង​តាម​ក្រុម​អ្នក​សង្កេតការណ៍​បោះឆ្នោត​ឯករាជ្យ លោក Gonzalez Urrutia បាន​សំឡេង​ឆ្នោត ៦៧% នៃ​ចំនួន​សន្លឹកឆ្នោត​ជាង ៧​លាន​សន្លឹក តែ​លោក Maduro បាន ៣០% នៃ​សន្លឹកឆ្នោត​ជាង ៣​លាន​សន្លឹក។

តែ​បើ​តាម​ក្រុមប្រឹក្សា​ជាតិ​បោះឆ្នោត​ប្រទេស​វេណេហ្ស៊ុយអេឡា វិញ លោក Gonzalez Urrutia បាន​សំឡេង​ឆ្នោត​ជាង ៤៣% នៃ​សន្លឹកឆ្នោត​ជាង ៥​លាន​សន្លឹក។ ចំណែក​លោក Maduro បាន​ជាង ៥១% នៃ​សន្លឹកឆ្នោត​ជាង ៦​លាន​សន្លឹក។

ក្នុង​ស្ថានភាព​ដូចនេះ នាំ​ឱ្យ​ប្រជាជន​ចេញ​តវ៉ា​ពាសពេញ​ប្រទេស​ប្រឆាំង​ជ័យជម្នះ​របស់​លោក Maduro ដោយ​ចោទ​ថា​លោក Maduro បាន​គាបសង្កត់​ស្ថាប័ន​បោះឆ្នោត​ឱ្យ​ប្រកាស​តាម​តួលេខ​ដែល​លោក​បាន​កំណត់ ហើយ​នាំ​ឱ្យ​លោក​ជា​អ្នក​ឈ្នះ​ឆ្នោត​អាណត្តិ​ថ្មី​ទី​៣។

នៅ​ក្នុង​ការ​តវ៉ា​ដែល​រង​ការ​បាញ់​បង្ក្រាប​ពី​សំណាក់​ប៉ូលិស និង​យោធា បណ្ដាល​មនុស្ស​ស្លាប់ ២៨​នាក់ រង​របួស ២០០​នាក់ និង​ចាប់​ខ្លួន ២៤០០​នាក់ ក្នុង​នោះ​ក៏​មាន​ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ផង​ដែរ។

មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយ អ្នកស្រី Maria Corina Machado បាន​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ស្ថានទូត​របស់​ពួក​បស្ចិម​ប្រទេស​នៅ​ទីក្រុង​ការ៉ាកាស រដ្ឋធានី​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា។

អ្នកស្រី Machado ជា​ប្រធាន​របស់​លោក Gonzalez Urrutia។

មិនមែន​មាន​តែ​សហរដ្ឋ​អាមេរិក​ទេ​ដែល​មិន​ទទួលស្គាល់​ជ័យជម្នះ​របស់​លោក Maduro គឺ​សហភាព​អឺរ៉ុប និង​សម្ព័ន្ធភាព​នៃ​ប្រទេស​អាមេរិកឡាទីន ក៏​មិន​ទទួលស្គាល់​ផង​ដែរ រហូត​ដល់​ប្រទេស​ទាំងនោះ​ដាក់​ទណ្ឌកម្ម​លើ​លោក Maduro និង​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ទៀត​ផង។

ចំពោះ​សហរដ្ឋ​អាមេរិក តាមរយៈ​ក្រសួង​រតនាគារ បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​គ្រួសារ​លោក Maduro និង​មន្ត្រី​ជាន់ខ្ពស់​របស់​លោក ដែល​យ៉ាងតិច​ណាស់​ជាង ៦០​នាក់។ ការ​ដាក់​ទណ្ឌកម្ម​នេះ គឺជា​ការ​បិទ​ដំណោះស្រាយ​ការទូត ដែល​មាន​ន័យ​ថា ទ្រព្យសម្បត្តិ​គ្រួសារ​លោក Maduro ត្រូវ​បង្កក និង​រឹបអូស បើ​មាន​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ឬ​ទ្រព្យសម្បត្តិ​នៅ​ប្រទេស​ក៏ដោយ ដែល​ជាប់​ពាក់ព័ន្ធ​បុគ្គល​ទាំង ៦០​រូប​នោះ អាច​នឹង​បង្កក បើ​ប្រទេស​នោះ​យល់ព្រម​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក។

មិន​តែប៉ុណ្ណោះ​ចំពោះ​លោក Maduro គឺជា​បុគ្គល​ម្នាក់​គត់​ក្នុង​មុខសញ្ញា​ដែល​ប៉ូលិស FBI សហរដ្ឋ​អាមេរិក ត្រូវ​ស្វែងរក​ចាប់​ខ្លួន​ឱ្យ​តែ​ជន​ផ្ដាច់ការ​ម្នាក់​នេះ​ចាកចេញ​ពី​ប្រទេស ទៅ​ប្រទេស​ណា​ដែល​អាច​ជួយ​ឃាត់​ខ្លួន​តាម​សំណើ​របស់​ក្រសួង​យុត្តិធម៌​អាមេរិក។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​ចោទ​លោក Maduro ជា​ថ្មី​ម្ដង​ទៀត​ពី​បទ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន ក្រោយពី​មេ​បណ្ដាញ​គ្រឿងញៀន​ក្នុង​តំបន់​អាមេរិកឡាទីន​ដែល​ត្រូវ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន DEA សហរដ្ឋ​អាមេរិក​ចាប់​ខ្លួន​បាន និង​សួរ​ចម្លើយ។ តាម​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក លោក Maduro គឺជា​មេខ្លោង​នៅ​ពីក្រោយ​បណ្ដាញ​រត់ពន្ធ​គ្រឿងញៀន​ដ៏​ធំ​នៅ​ក្នុង​តំបន់ និង​ចូល​ទៅ​ដែនដី​សហរដ្ឋ​អាមេរិក។

នៅ​ក្រោម​រដ្ឋអំណាច​របស់​លោក Maduro ប្រជាជន​វេណេហ្ស៊ុយអេឡា ជិត ៨​លាន​នាក់​បាន​រត់​ចោល​ប្រទេស ខណៈ​មេ​បក្ស​ប្រឆាំង​ជាច្រើន​សិប​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាត់ទោស​ពី​បទ​ក្បត់​ជាតិ និង​ការ​ប្រឆាំង​រដ្ឋាភិបាល​នៃ​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ។

លោក Maduro ដែល​ធ្លាប់​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ធ្វើឡើង​នៅ​ក្នុង​ខែ​កញ្ញា ជា​រៀង​រាល់​ឆ្នាំ តែ​នៅ​ឆ្នាំ​២០២៤ នេះ ជន​ផ្ដាច់ការ​វេណេហ្ស៊ុយអេឡា​រូប​នេះ​មិន​បាន​ទៅ​ចូលរួម​នោះ​ទេ ព្រោះ FBI ប៉ូលិស​សហព័ន្ធ​សហរដ្ឋ​អាមេរិក​បាន​កំណត់​មុខសញ្ញា​ចាប់​ខ្លួន​រួច​ទៅ​ហើយ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស