28.8 C
Phnom Penh

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លែង​ចេញ​អាជ្ញាបណ្ណ​ថ្មី​ឱ្យ​ផលិត​ស្រាបៀរ ព្រោះ​មាន​ច្រើន​ពេក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ឈប់​ផ្ដល់​អាជ្ញាបណ្ណ​ដល់​រោងចក្រ​ផលិត​ស្រាបៀរ​ក្នុង​ស្រុក​ថ្មី ពីព្រោះ​ចំនួន​រោងចក្រ​ផលិត​ស្រាបៀរ​នៅ​កម្ពុជា​មាន​ច្រើន​ហើយ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ផលិត​សម្រាប់​នាំចេញ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​រ៉ែ និង​ថាមពល លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា លោក​ប្រកាស​ដាច់ខាត​ដោយ​មិន​បន្ត​ផ្ដល់​អាជ្ញាបណ្ណ​ដល់​រោងចក្រ​ផលិត​ស្រាបៀរ​ក្នុង​ស្រុក​ថ្មី​នោះ​ទេ ប៉ុន្តែ​បើ​ផលិត​សម្រាប់​នាំចេញ គឺ​អនុញ្ញាត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា បើ​តាម​មើល​ឃើញ គឺ​ចំនួន​រោងចក្រ​ផលិត​ស្រាបៀរ​នៅ​កម្ពុជា​មាន​ច្រើន​ហើយ ពោល​មាន ៧​រោងចក្រ​ធំៗ។ លោក​ថា លោក​បញ្ជាក់​ឱ្យ​ហើយ ក្រែងលោ​អ្នក​ណា​ចង់​ធ្វើ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​លើកឡើង​កន្លង​មក​ថា ការ​ពិសា​គ្រឿង​ស្រវឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ថ្លើម ខូច​លំពែង រលាក​ក្រពះ​ពោះវៀន និង​កើត​ជំងឺ​មហារីក​ផ្សេងៗ។ លោកស្រី​ថា ក្នុង​ចំណោម​មនុស្ស ១០០​នាក់​ដែល​ពិសា​គ្រឿងស្រវឹង មាន ៤៨​ភាគរយ​ដែល​កើត​មាន​ជំងឺ​ថ្លើម និង​ក្នុង​ចំណោម ៤៨​ភាគរយ​នេះ នឹង​វិវឌ្ឍ​ទៅ​រក​ការ​ស្លាប់ ៦៦,៥​ភាគរយ។

លោកស្រី ឱ វណ្ណឌីន បន្ថែម​ថា គ្រឿងស្រវឹង​ក៏​បណ្តាល​ឱ្យ​ខូច​លំពែង ២៦​ភាគរយ រលាក​ក្រពះ​ពោះវៀន ឬ​មហារីក​ក្រពះ​ពោះវៀន ១១​ភាគរយ មហារីក​មាត់ និង​មហារីក​បំពង់ក ២៦​ភាគរយ និង​ខូច​បញ្ញាញាណ​ដែល​ឈាន​ទៅ​ដល់​កើត​ជំងឺ​ឆ្កួតជ្រូក ១៣​ភាគរយ រួម​ទាំង​ជំងឺ​ផ្សេងៗ​ទៀត។ ការ​ទទួលទាន​គ្រឿងស្រវឹង មិន​ត្រឹម​នាំ​ឱ្យ​ខូច​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បង្ក​ឱ្យ​កើត​មាន​អំពើ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បាន​ថ្លែង​ថា ការ​ឈប់​ផ្ដល់​អាជ្ញាបណ្ណ​ដល់​រោងចក្រ​ផលិត​ស្រាបៀរ​នេះ ជា​ការ​ប្រសើរ។ លោក​ថា ការ​មិន​បន្ត​ចេញ​អាជ្ញាបណ្ណ​ថ្មី​នេះ មិនមែន​មាន​ន័យ​ថា​កាត់បន្ថយ​ការ​បរិភោគ​គ្រឿងស្រវឹង​ក្នុង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ។

ប្រភព​ដដែល​អះអាង​ថា ការ​មិន​ផ្ដល់​អាជ្ញាបណ្ណ​បន្ថែម​នេះ​ជា​ឆន្ទៈ​នយោបាយ​មួយ​របស់​រដ្ឋាភិបាល ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​លើ​វិស័យ​ផ្សេងៗ ដែល​មាន​រយៈពេល​វែង និង​មិន​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាជន ជាពិសេស​បង្កើន​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច។

លោក យង់ គិមអេង ថ្លែង​ថា គួរ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្ដល់​រង្វាន់​យ៉ាង​គឃ្លើន​ដែល​ប៉ះពាល់ និង​គ្រោះថ្នាក់​ដល់​ការ​អភិវឌ្ឍ​នៅ​ក្នុង​សង្គម និង​សុខភាព​សាធារណៈ។

យោង​តាម​ស្ថិតិ​ចេញ​ផ្សាយ​ដោយ​ស្ថាប័ន​ស្រាវជ្រាវ Statista គេ​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២៣៖

  • ប្រទេស​ដែល​មាន​មនុស្ស​ផឹក​ស្រា​ច្រើន​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ គឺ​ប្រទេស​ឡាវ។ នៅ​ក្នុង​មួយ​ឆ្នាំ ជា​មធ្យម​ពលរដ្ឋ​ឡាវ​ម្នាក់​ផឹក​ស្រា​អស់​ជិត ១២​លីត្រ។
  • ទី​២ គឺ​ប្រទេស​យៀកណាម ពលរដ្ឋ​ម្នាក់​ផឹក​ស្រា​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ជិត ១០​លីត្រ។
  • ប្រទេស​កម្ពុជា នៅ​លំដាប់​លេខ​៣ ដោយ​គិត​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​ផឹក​ស្រា​អស់​ជិត ៩​លីត្រ​ក្នុង ១​ឆ្នាំ។
  • ពលរដ្ឋ​ថៃ ផឹក​ស្រា​ក្នុង​មួយ​ឆ្នាំ​ជា​មធ្យម​ជិត ៨​លីត្រ។
  • ហ្វីលីពីន ជាង ៦​លីត្រ។
  • ភូមា ជាង ២​លីត្រ​ក្នុង​មួយ​ឆ្នាំ។
  • សិង្ហបុរី ជិត ២​លីត្រ។
  • ម៉ាឡេស៊ី ជិត ១​លីត្រ ឬ ៨១​សង់ទី​លីត្រ។
  • ប្រ៊ុយណេ ក្រោម​កន្លះ​លីត្រ ឬ ៤៣​សង់ទី​លីត្រ។
  • ទីម័រឡេស្ត ៣៩​សង់ទី​លីត្រ។
  • ឥណ្ឌូនេស៊ី ស្ថិត​នៅ​ក្រោម​គេ​បង្អស់ មាន​ប្រជា​ពលរដ្ឋ​ផឹក​ស្រា​តិច​បំផុត គឺ ១១​សង់ទី​លីត្រ បើ​ធៀប​ជាមួយ​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ាន។

រីឯ​ប្រទេស​សម្បូរ​សប្បាយ​រីករាយ​ជាងគេ​ក្នុង​សហគមន៍​អាស៊ាន​ទាំង ១០​ប្រទេស​ក្នុង​ឆ្នាំ​២០២៤ គឺ​សិង្ហបុរី នៅ​លើ​គេ ចំណែក​ប្រទេស​ដែល​មិន​សម្បូរ​សប្បាយ​រីករាយ ឬ​មាន​ទុក្ខ​សោកសៅ ស្ថិត​នៅ​ក្រោម​គេ​បំផុត គឺ​ប្រទេស​កម្ពុជា៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស