32.3 C
Phnom Penh

លោក សម រង្ស៊ី អះអាង​ថា​ដើម្បី​សង្គ្រោះ​ប្រទេស​ជាតិ គឺ​មាន​តែ​បញ្ចប់​របប​ត្រកូល​ហ៊ុន​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​មាន​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ពី​របប​ផ្ដាច់ការ​ដែល​ពោរពេញ​ដោយ​ការ​ចាប់ចង មក​ជា​ប្រទេស​មាន​សុខ​សន្តិភាព​ពិតប្រាកដ គឺ​ត្រូវតែ​នាំគ្នា​បញ្ចប់​របប​ដឹកនាំ​គ្រួសារ​ត្រកូល​ហ៊ុន។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ស្រុក លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា រយៈពេល ៤៥​ឆ្នាំ​នៃ​ការ​រង​ទុក្ខវេទនា​របស់​ពលរដ្ឋ​ខ្មែរ គឺ​វា​ល្មម​គ្រប់គ្រាន់​ហើយ ពីព្រោះ​ខ្មែរ​ឈឺចាប់ និង​មាន​ជម្លោះ​ផ្ទៃក្នុង​ជាតិ​រហូត​បាត់បង់​ទឹកដី​ជា​បន្តបន្ទាប់។

លោក​ថា វា​ល្មម​ដល់​ពេល​ដែល​ខ្មែរ​ត្រូវតែ​ក្រោកឈរ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​ហើយ ព្រោះ​ពលរដ្ឋ​បង់ក្លាដេស ធ្វើ​បាន​ហើយ​ចំពោះ​រដ្ឋាភិបាល​របស់​ពួកគេ ដូច្នេះ​ពលរដ្ឋ​ប្រទេស​កម្ពុជា​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​ដែរ។

លោក សម រង្ស៊ី លើកឡើង​ថា រយៈពេល ៤៥​ឆ្នាំ​ក្រោយ​ការ​ដួល​រលំ​របប ប៉ុល ពត កេរដំណែល​ដែល​ខ្មែរ​គ្រប់​រូប​បាន​មកពី​ការ​ដឹកនាំ​ត​ត្រកូល​នៃ​គ្រួសារ​ហ៊ុន គឺ​ការ​បាត់បង់​ទឹកដី និង​អធិបតេយ្យ​បាត់បង់​ឯករាជ្យ​ជាតិ និង​ធនធាន​ធម្មជាតិ​ដ៏​មហាសាល​ជាច្រើន​រាប់​មិន​អស់។ លើស​ពី​នេះ​ទៀត ក៏​បាន​ធ្វើ​ឱ្យ​បាត់បង់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាត់បង់​លទ្ធិប្រជាធិបតេយ្យ បាត់បង់​សេរីភាព បាត់បង់​យុត្តិធម៌ និង​ធ្វើ​ឱ្យ​បាត់បង់​សម្ព័ន្ធមិត្ត​ជាមួយ​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ថែម​ទៀត។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា អ្វី​ដែល​ជំនួស​មក​វិញ គឺ​ភ្នំ​បំណុល​ដែល​ចេះ​តែ​កើន​ច្រើន​ឡើងៗ​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា ខណៈ​អំពើពុករលួយ​ក៏​រីក​រាលដាល ដែល​បង្កើត​ឱ្យ​មាន​ក្រុម​ម៉ាហ្វីយ៉ា​ដែល​ត្រូវ​បាន​ការពារ​ដោយ​គ្រួសារ​ហ៊ុន​សព្វថ្ងៃ​នេះ។

លោក សម រង្ស៊ី បញ្ជាក់​ថា សរុប​មក ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ត្រកូល​ហ៊ុន គឺ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ខ្មៅ​ងងឹត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ព្រោះ​នៅ​ពេលនេះ ប្រទេស​កម្ពុជា​កំពុង​ក្លាយ​ជា​ប្រទេស​ឯកោ​មួយ​ស្រដៀង​គ្នា​ទៅ​នឹង​ប្រទេស​កូរ៉េខាងជើង ដែរ។

កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​១១ នៃ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព (IPTP) ថា មាន​សន្តិភាព​ទើប​មាន​អ្វីៗ​ទាំងអស់ ហើយ​សន្តិភាព​ដែល​កម្ពុជា​មាន​នៅ​ពេលនេះ គឺជា​សន្តិភាព​វែង​ជាងគេ គឺ​ជិត ២៧​ឆ្នាំ​ហើយ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​យ៉ាងហោចណាស់​ក្នុង​រយៈពេល ៥០០​ឆ្នាំ​ចុងក្រោយ​នេះ។

សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព ស្ថិត​នៅ​ក្រោម​ឆត្រ​ក្រុមប្រឹក្សា​ពិភពលោក​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព (GCTP) ផ្តើម​គំនិត​ដោយ​រាជាណាចក្រ​អារ៉ាប់អ៊ីមីរ៉ាត ឬ​អារ៉ាប់រួម នៅ​ឆ្នាំ​២០១៧ ហើយ​មក​ទល់​ពេលនេះ​មាន​ប្រទេស​ចំនួន ១០០​ជា​សមាជិក។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រយៈពេល​ជាង ៤០​ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​ត្រកូល​ហ៊ុន កម្ពុជា​ប្រៀប​បីដូចជា​ប្រទេស​កុម្មុយនីស្ត​ដូច្នោះ​ដែរ បើ​ទោះបីជា​មាន​រដ្ឋធម្មនុញ្ញ ឬ​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា​សម្រាប់​ធានា​សិទ្ធិ​ពលរដ្ឋ ធានា​អធិបតេយ្យ​ជាតិ និង​ធានា​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ក៏ដោយ។

ប្រសាសន៍​របស់​លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នោះ លោក​មិន​បាន​បង្ហាញ​ថា ក្នុង​រយៈពេល ៥០០​ឆ្នាំ​ដែល​ថា​ខ្មែរ​គ្មាន​សន្តិភាព​នោះ មិនមែន​សុទ្ធតែ​ខ្មែរ​ឈ្លោះ​តែ​គ្នា​ឯង ៥០០​ឆ្នាំ​នោះ​ទេ។ លោក​មិន​បាន​បញ្ជាក់​ថា តើ​បរទេស​ជិតខាង​ឈ្លានពាន​ស្រុក​ខ្មែរ​ប៉ុន្មាន​ដង​នោះ​ទេ។ មួយ​វិញ​ទៀត ប្រសាសន៍​ដែល​ថា​មាន​សន្តិភាព ទើប​មាន​អ្វីៗ​ទាំងអស់​នោះ គឺ​ផល​ប្រយោជន៍​បាន​តែ​ទៅ​លើ​សមាជិក​គ្រួសារ បក្សពួក ក្លើម្រាក់ គូកន ត្រកូល​លោក ហ៊ុន សែន ស្ទើរតែ​ទាំងអស់ មិនមែន​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ឡើយ។ លោក​គិត​ថា​គេ​មិន​ដឹង។

ទាក់ទង​ទៅ​នឹង​សេចក្តី​ថ្លែង​ពី​មេដឹកនាំ​បក្ស​ជំទាស់​នៅ​ក្រៅ​ស្រុក លោក សម រង្ស៊ី ដែល​ដៅ​ត្រកូល​ហ៊ុន ថា​ជា​មូលហេតុ​នៃ​ការ​បាត់បង់​អធិបតេយ្យ​ជាតិ ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី​ខ្មែរ សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ ធនធាន​ធម្មជាតិ​ខ្មែរ​សព្វ​យ៉ាង ហើយ​ត្រូវតែ​បញ្ចប់​ត្រកូល​នេះ​ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​នោះ ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ដែល​មាន​លោក ឌួង វចនៈ ជា​ប្រធាន​នៃ​គណៈនាយក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៦ វិច្ឆិកា នេះ​ថា បញ្ហា​ខ្មែរ​មិនមែន​ត្រឹមតែ​មកពី​ត្រកូល​ហ៊ុន​មួយ​ប៉ុណ្ណោះ​ទេ។

តាម​ខ្លឹមសារ​ប្រតិកម្ម​ចេញពី​ទីស្នាក់ការ​នៅ​ទ្វីប​អឺរ៉ុប​ថ្ងៃ​នេះ លោក ឌួង វចនៈ ថា៖ ក្រុមប្រឹក្សា​បាន​សរសេរ​សេចក្តី​ថ្លែងការណ៍ និង​និយាយ​ជា​យូរ​មក​ហើយ​ថា ប្រទេស​ខ្មែរ​សព្វថ្ងៃ​នេះ​គឺជា​អាណាខេត្ត​មួយ​នៃ​ប្រទេស​វៀតណាម ដែល​គេ​គ្រប់គ្រង​យើង​តាំងពី​ថ្ងៃ ៧ មករា ១៩៧៩ មក​ម្ល៉េះ។ ដូច​នេះ ដើម្បី​រំដោះ​ស្រុក រួច​ឈាន​ទៅ​សង្គ្រោះ​ជាតិ​ខ្មែរ​ឱ្យ​រួច​ផុត​ពី​ក្តី​មហន្តរាយ ចាប់ពី​ពេល​នេះ​ទៅ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​នាំគ្នា​គណនា និង​បង្ហាញ​ឱ្យ​ឃើញ​ថា របប​ក្រុង​ភ្នំពេញ​ជា​របប​ខុស​ច្បាប់ ជា​របប​ផ្ដាច់ការ ហើយ​ក៏​ជា​របប​អាយ៉ង​វៀតណាម ផង​ដែរ។

កាលណា​មតិ​ជាតិ និង​អន្តរជាតិ​យល់​ឃើញ​ថា ប្រទេស​យើង​ត្រូវ​បរទេស​ឈ្លានពាន​គ្រប់គ្រង​ខុស​ច្បាប់ នោះ​យើង​ជា​ខ្មែរ​ម្ចាស់​ទឹកដី មាន​សិទ្ធិ​តស៊ូ​តាម​មធ្យោបាយ​គ្រប់​យ៉ាង​ក្នុង​ការ​ទាមទារ​ឯករាជ្យ និង​អធិបតេយ្យ​មក​វិញ។ បើ​បញ្ចប់​តែ​ត្រកូល​ហ៊ុន វៀតណាម​នឹង​ដាក់​ត្រកូល​ផ្សេង​មួយ​ទៀត​មក​ជំនួស​បន្ត​ទៅ​ទៀត​មិន​ខាន​ឡើយ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស