អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា ក្រោមការដឹកនាំផ្ដាច់ការជាង ៤០ឆ្នាំ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នឹងត្រូវប្រឈមមុខជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូចមេដឹកនាំយោធាភូមា ដែរ។
លោក សម រង្ស៊ី សរសេររលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៩ វិច្ឆិកា នេះថា អំពើឧក្រិដ្ឋដែលលោក ហ៊ុន សែន បានប្រព្រឹត្តកន្លងមក នឹងត្រូវតុលាការអន្តរជាតិចាត់ទុកជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ មិនខុសពីបទឧក្រិដ្ឋសម្លាប់រង្គាល និងប្រល័យពូជសាសន៍ឡើយ។
ប្រភពដដែលលើកឡើងថា អំពើឧក្រិដ្ឋដែលជាប់ពាក់ព័ន្ធនឹងលោក ហ៊ុន សែន រួមមានផែនការ «ក៥» ក្នុងទសវត្សរ៍១៩៨០ ដែលលោក ហ៊ុន សែន បានកេណ្ឌប្រជាពលរដ្ឋខ្មែរឲ្យទៅស្លាប់រាប់សិបម៉ឺននាក់ ការធ្វើរដ្ឋប្រហារឆ្នាំ១៩៩៧ ដែលលោក ហ៊ុន សែន ក៏បានសម្លាប់មនុស្សរាប់រយនាក់។ ជាងនេះទៀត ឆ្នាំ១៩៩៧ ដដែលនោះ លោក ហ៊ុន សែន ក៏ជាអ្នកបញ្ជាពីក្រោយនៃការបោកគ្រាប់បែកនៅមុខរដ្ឋសភាដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសមនុស្សរាប់រយនាក់ថែមទៀត។
លើសពីនេះ នៅអំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ លោក ហ៊ុន សែន ក៏ជាអ្នកបញ្ជាឱ្យបាញ់ប្រហារសម្លាប់ក្រុមបាតុកររាប់រយនាក់ដែលប្រឆាំងនឹងគាត់ដែរ។ បន្ថែមពីនេះ ក៏មានករណីសម្លាប់ធ្ងន់ធ្ងរជាច្រើនទៀត ដូចជា ការសម្លាប់សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងមនុស្សល្បីៗមួយចំនួនទៀត រួមមាននាដការីរបាំព្រះរាជទ្រព្យ អ្នកស្រី ពិសិដ្ឋ ពិលីកា លោក ជា វិជ្ជា បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី លោក កូវ សាមុត និងអតីតអគ្គស្នងការនគរបាលលោក ហុក ឡង់ឌី ជាដើម។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ម្យ៉ាងទៀត ឃាតកម្មសម្លាប់ និងចាប់អ្នកតវ៉ាពាក់ព័ន្ធទៅនឹងការរឹបអូសយកដីធ្លី និងការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងលោក ហ៊ុន សែន រហូតមកនោះ ក៏ត្រូវតុលាការអន្តរជាតិចាត់ទុកជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិដែរ។
កាលពីថ្ងៃទី២៧ វិច្ឆិកា រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានអះអាងថា លោកបានដាក់សំណើទៅចៅក្រមនៃតុលាការនេះ ឱ្យចេញដីកាចាប់ខ្លួនមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះការបណ្ដេញចេញ និងការធ្វើទុក្ខបុកម្នេញជាតិសាសន៍រ៉ូហ៊ីងយ៉ា។
ការស្វែងរកដីកាចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីគេរកឃើញថារបបសឹកភូមា បានធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋរ៉ូហ៊ីងយ៉ាយ៉ាងព្រៃផ្សៃ ដោយការជម្លៀសចេញទៅកាន់ប្រទេសជិតខាង ការដុតបំផ្លាញផ្ទះសម្បែង និងការចាប់រំលោភលើស្ត្រី និងកុមារ ជាដើម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចេញមុខប្រតិកម្ម ដោយចាត់ទុកការប្រៀបធៀបរបស់លោក សម រង្ស៊ី ថាជាការប្រៀបធៀបខុសស្រឡះដូចមេឃនិងដី។ ខុសស្រឡះដូចមេឃនិងដី ព្រោះមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង បានឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារ ខណៈដែលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានឡើងកាន់អំណាចតាមការបោះឆ្នោតដោយប្រជាធិបតេយ្យស្របច្បាប់។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ លើកឡើងថា មេដឹកនាំខ្មែរបាតដៃប្រឡាក់ឈាមលោក ហ៊ុន សែន បានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មធំៗទាំងអស់ដែលកើតមាននៅក្នុងប្រទេសកម្ពុជា ដូចជា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មឈ្លានពាន និងឧក្រិដ្ឋកម្មបែបភេរវកម្មរដ្ឋ ឬឧក្រិដ្ឋកម្មបែបបណ្ដាញ ជាដើម។
អ្នកវិភាគរូបនេះបញ្ជាក់ថា ទង្វើរបស់លោក ហ៊ុន សែន ដែលបានរៀបរាប់មកនេះ បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត កំពុងរស់រានមានជីវិតក្នុងប្រព័ន្ធដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះនៅឡើយ ទោះមេដឹកនាំខ្មែរក្រហមលោក ប៉ុល ពត បានស្លាប់ទៅហើយក៏ដោយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

