26.2 C
Phnom Penh

លោក ហ៊ុន សែន ចង់​ឃើញ​ចលនា​ក្រៅ​ស្រុក​បង្ហាញ​ក្បាលម៉ាស៊ីន​ដឹកនាំ ដើម្បី​លោក​ចេញ​ច្បាប់​ដាក់​ទោស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​កាន់​អំណាច និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ចំអក​ឱ្យ​ក្រុម​រដ្ឋាភិបាល​និរទេស​បង្ហាញ​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​និរទេស​របស់​ពួកគេ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​លោក​ងាយស្រួល​បង្កើត​ច្បាប់​រៀបចំ​ដាក់​ក្រុម​ជ្រុល​និយម​ក្រៅ​ប្រទេស​ជា​ក្រុម​ភេរវកម្ម។

ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា លោក​ចង់​ឱ្យ​ប្រកាស​គណៈរដ្ឋមន្ត្រី​ឱ្យ​បាន​លឿន តែ​ពួកគេ​មិន​ព្រម​ចេញ​ឈ្មោះ អ្នក​ណា​ធ្វើ​នាយករដ្ឋមន្ត្រី អ្នក​ណា​ធ្វើ​ឧបនាយករដ្ឋមន្ត្រី អ្នក​ណា​ធ្វើ​រដ្ឋមន្ត្រី ដើម្បី​ឲ្យ​លោក​ចេញ​ច្បាប់​មួយ​រៀបចំ​ដាក់​ក្រុម​ជ្រុល​និយម​ក្រៅ​ប្រទេស​ជា​ក្រុម​ភេរវកម្ម។

លោក ហ៊ុន សែន អះអាង​ថា ពួក​រដ្ឋាភិបាល​និរទេស​មិន​ហ៊ាន​ប្រកាស​ទេ។ លោក​ថា បើ​ពួកគេ​ហ៊ាន​ចេញ​ប្រធានាធិបតី បាន​សេចក្ដី​ថា​ពួកគេ​កំពុង​ប្រឆាំង​នឹង​របប​រាជា​និយម ព្រោះ​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​មាន​ប្រធានាធិបតី។

កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​អនុសំវច្ឆរ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣២ ឆ្នាំ​២០២៤ ថា លោក​កំពុង​តាមដាន​សកម្មភាព​ក្រុម​ប្រឆាំង​ដែល​កំពុង​ញុះញង់​ពលរដ្ឋ​ខ្មែរ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អាច​កំណត់​បាន​ថា តើ​ល្មម​ដល់​ពេល​បង្កើត​ច្បាប់​ដាក់​អ្នក​ទាំងនោះ​ឱ្យ​ក្លាយ​ក្រុម​ភេរវករ​ហើយ​ឬ​នៅ។

លោក ហ៊ុន សែន អះអាង​ថា ទង្វើ​ក្រុម​ប្រឆាំង​នៅ​ពេលនេះ​មិនមែន​ត្រឹមតែ​ធ្វើ​ឱ្យ​មាន​ទំនាស់​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ ប៉ុន្តែ​នឹង​នាំ​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត។ លោក​ថា ការ​មើល​មុខ​គ្នា​មិន​ត្រង់​ជាមួយ​ប្រទេស​ជិតខាង មិនមែន​បញ្ហា​តូចតាច​ឡើយ។

ឆ្លើយតប​នឹង​ការ​បង្កើត​ចលនា​តស៊ូ​នយោបាយ​ក្រៅ​ប្រទេស​នេះ​ដែរ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ចង់​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ប្ដឹង​លោក សម រង្ស៊ី ទៅ​កាន់​ប្រទេស​ដែល​ពួកគេ​កំពុង​យក​ជា​មូលដ្ឋាន​ដើម្បី​ប្រកាស​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស និង​កម្ទេច​ការ​បង្កើត​ចលនា​ក្រៅ​ប្រទេស​នេះ​តែម្ដង។

បណ្ឌិត សុខ ទូច លើកឡើង​ថា នៅ​លើ​ពិភពលោក​នេះ​គ្មាន​ប្រទេស​ណា​មួយ​ដែល​ទទួល​បាន​ជោគជ័យ​តាមរយៈ​ចលនា​បដិវត្តន៍​ពណ៌​ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​នោះ​ទេ តួយ៉ាង​ដូច​នៅ​មជ្ឈិមបូព៌ា ទុយណេស៊ី លីប៊ី អ៊ុយក្រែន ដែល​កំពុង​ក្លាយ​ទៅ​ជា​គំនរ​ផេះផង់។

កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ លោក សម រង្ស៊ី សម្រេច​បង្កើត​ចលនា​ជាតិ​តស៊ូ​មួយ​នៅ​ក្រៅ​ស្រុក ដែល​លោក​អះអាង​ថា ជា​ចលនា​តំណាង​ឆន្ទៈ​ពិតប្រាកដ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ​ដែល​ស្រឡាញ់​ជាតិ សេរីភាព និង​យុត្តិធម៌​ពិតប្រាកដ ហើយ​ចលនា​នេះ​នឹង​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​មួយ​ស្ថិត​នៅ​ក្រៅ​ប្រទេស​ជា​បណ្ដោះអាសន្ន៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស