អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការបង្កើតចលនាតស៊ូនៅក្រៅស្រុករបស់អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ថាជាការញុះញង់ បញ្ឆេះកំហឹង ធ្វើឲ្យមានហិង្សាវឹកវរក្នុងសង្គម និងធ្វើឱ្យមនុស្សស្លាប់។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «ការបង្កើតចលនាតស៊ូនយោបាយក្រៅស្រុក» នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នេះថា ការបង្កើតចលនាតស៊ូនៅក្រៅប្រទេស គ្រាន់តែជាល្បិចប្រើប្រាស់ប្រជាពលរដ្ឋជាឈ្នាន់ដើម្បីឈោងចាប់អំណាចរបស់លោក សម រង្ស៊ី ប៉ុណ្ណោះ។
លោក ប៉ែន បូណា អះអាងថា ការបង្កើតចលនាតស៊ូនៅក្រៅប្រទេសក្រៅប្រព័ន្ធបោះឆ្នោតរបស់កម្ពុជាបែបនេះ គឺជាការប៉ុនប៉ងអូសទាញប្រទេសជាតិឲ្យដើរថយក្រោយយ៉ាងជាក់ច្បាស់ ព្រោះថាមិនមានអ្នកប្រជាធិបតេយ្យឯណាប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដោយស្របច្បាប់នោះឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបញ្ជាក់ថា លោក សម រង្ស៉ី តែងតែបង្កបញ្ហានៅក្នុងស្រុក ដែលទង្វើនេះផ្ទុយស្រឡះពីចេតនារបស់រាជរដ្ឋាភិបាលដែលខិតខំរក្សាសន្តិភាព និងថែរក្សាសេចក្ដីសុខជូនប្រជាពលរដ្ឋរហូតមក។
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី លើកឡើងនៅថ្ងៃទី៦ ធ្នូ នេះថា បើប្រជាពលរដ្ឋខ្មែរនាំគ្នាផ្លាស់ប្ដូររបបដឹកនាំនៅកម្ពុជាសព្វថ្ងៃនេះ គ្មានអ្វីត្រូវខាតដល់ប្រទេសជាតិទេ គឺមានតែចំណេញទៅវិញ។
លោកថា ដើម្បីផ្លាស់ប្ដូររបបដឹកនាំសព្វថ្ងៃនេះបានសម្រេច ត្រូវប្រើយុទ្ធសាស្ត្រផ្ការីកដែលដឹកនាំដោយចលនាជាតិតស៊ូនៅក្រៅប្រទេស ព្រោះក្នុងយុទ្ធសាស្ត្រនេះមិនចាំបាច់លើកកម្លាំងទៅវាយយកទីតាំងណាមួយពីក្រៅទេ តែត្រូវប្រើវិធីឲ្យកម្លាំងបង្កប់នៅខាងក្នុង។
លោក សម រង្ស៊ី អះអាងថា យុទ្ធសាស្ត្រផ្ការីក គឺត្រូវរៀបចំ និងបង្កើនកម្លាំងបង្កប់ ដោយលើកទឹកចិត្តអ្នកតស៊ូដែលស្រឡាញ់ជាតិ និងស្រឡាញ់យុត្តិធម៌ ហើយស្អប់ខ្ពើមអំណាចផ្ដាច់ការ អំពើពុករលួយ ភាពអយុត្តិធម៌ វប្បធម៌គ្រួសារនិយម និងទង្វើក្បត់ជាតិ ជាអ្នកធ្វើសកម្មភាពបំផ្ទុះពីខាងក្នុងមកវិញ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ លោក សម រង្ស៊ី សម្រេចបង្កើតចលនាជាតិតស៊ូមួយនៅក្រៅស្រុក ដែលលោកអះអាងថាជាចលនាតំណាងឆន្ទៈពិតប្រាកដឱ្យប្រជារាស្ត្រខ្មែរដែលស្រឡាញ់ជាតិ សេរីភាព និងយុត្តិធម៌ពិតប្រាកដ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

