អ្នកវិភាគលើកឡើងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ារបស់លោក ហ៊ុន សែន នៅពេលនេះ បង្ហាញឱ្យឃើញពីសញ្ញាអវិជ្ជមានធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា បន្ទាប់ពីមិត្តដែកថែបចិន បដិសេធឈប់ផ្តល់ជំនួយមកឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ ធ្នូ នេះថា សម្រាប់កិច្ចព្រមព្រៀងនានារវាងកម្ពុជា និងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាដែលធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅពេលនេះ គឺជាកិច្ចព្រមព្រៀងដែលមានតែនៅលើក្រដាសកំប៉ិកកំប៉ុកប៉ុណ្ណោះ ប៉ុន្តែមិនចេញជាលទ្ធផលសម្រាប់កិច្ចសហការលើសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសទាំងនោះជាមួយកម្ពុជាទេ ដែលមានន័យថា នឹងមិនចេញជាលុយតាមការរំពឹងទុករបស់លោក ហ៊ុន សែន ឡើយ។
លោក គឹម សុខ ថាការស្វែងរកកិច្ចសហការជាមួយប្រទេសនៅមជ្ឈិមបូព៌ាដែលជាប្រទេសមិនសូវឱ្យតម្លៃលើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបនេះ បង្ហាញថាលោក ហ៊ុន សែន គ្មានមុខមាត់ស្វែងរកកិច្ចសហការជាមួយប្រទេសសេរីប្រជាធិបតេយ្យបន្តទៀតទេ ស្របពេលដែលសហភាពអឺរ៉ុបព្រមានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាក្នុងពេលនេះ។
អ្នកវិភាគរូបនេះបញ្ជាក់ថា ការសន្យារបស់ចិន លើទំនាក់ទំនងត្បូងពេជ្រ ឬទំនាក់ទំនងដែកថែប រួមទាំងទំនាក់ទំនងវាសនារួមគ្នាក៏ដោយ ក៏គ្រាន់តែជាការសន្យាជាលក្ខណៈការទូតប៉ុណ្ណោះ ប៉ុន្តែចិន នឹងមិនទម្លាក់លុយជំនួយជាក់ស្តែងដល់គម្រោងណាមួយរបស់កម្ពុជាទេ សូម្បីតែគម្រោងព្រែកជីកហ្វូណន។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជាធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាចំនួន ៤ប្រទេស ដូចជា រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) រដ្ឋកាតា (Qatar) សាធារណរដ្ឋតួកគី (Turkye) និងអេមីរ៉ាតអារ៉ាប់រួម (United Arab Emirate) ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ នេះ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន បានជួបជាមួយមេដឹកនាំ ៣ប្រទេសហើយគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ គឺរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត រដ្ឋកាតា និងសាធារណរដ្ឋតួកគី ប៉ុន្តែប្រទេសដែលបានចុះកិច្ចព្រមព្រៀងលើការការវិនិយោគ និងពាណិជ្ជកម្មជាមួយកម្ពុជា គឺមានតែរដ្ឋកាតា មួយប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ានាពេលនេះ គឺដើម្បីស្វែងរកកិច្ចសហការពីប្រទេសទាំងនោះក្នុងបំណងគេចចេញពីសម្ពាធរបស់សហគមន៍អឺរ៉ុប ដើម្បីឱ្យគាត់អាចបន្តរំលោភសិទ្ធិមនុស្ស និងជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យទៅថ្ងៃមុខទៀតប៉ុណ្ណោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

