35.4 C
Phnom Penh

ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ឆាបឆេះ​សន្ធោសន្ធៅ​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​ចូល​ឆ្នាំ​២០២៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកដឹកនាំ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា លោក ហ៊ុន ម៉ានី អះអាង​ថា ក្រុម​ការងារ​កំពុង​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ក្នុង​កម្មវិធី​ព្រឹត្តិការណ៍ «សាទរ​កម្ពុជា» កាលពី​យប់​ឆ្លង​ឆ្នាំ​សកល។

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) លោក ហ៊ុន ម៉ានី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ មករា នេះ​ថា ព្រឹត្តិការណ៍ «សាទរ​កម្ពុជា» បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សប្បាយ​រីករាយ ដោយ​បន្សល់​ទុក​នូវ​ស្នាម​ញញឹម និង​ការ​ជួបជុំ​សាទរ​ជា​មហា​គ្រួសារ​ខ្មែរ។ ប៉ុន្តែ​លោក​លើកឡើង​ថា ជា​ការ​សោកស្តាយ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី មាន​កើត​ឧបទ្ទវហេតុ​អគ្គិភ័យ​មួយ​កើតឡើង ប៉ុន្តែ​ត្រូវ​បាន​គ្រប់គ្រង​ភ្លាមៗ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ឈរជើង​ក្នុង​ទីតាំង​នោះ ដែល​ពុំ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ណា​មួយ​ដល់​អ្នក​ចូលរួម​ឡើយ។

លោក ហ៊ុន ម៉ានី បញ្ជាក់​ថា បន្ទាប់ពី​កើត​មាន​ឧបទ្ទវហេតុ​នេះ ក្រុម​ការងារ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​នៃ​ការ​កើត​មាន​ហេតុការណ៍​នេះ​ភ្លាមៗ​ផង​ដែរ។

កាលពី​រាត្រី​ឆ្លង​ឆ្នាំ​សកល​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ អគ្គិភ័យ​មួយ​បាន​កើត​មាន​ឡើង​នៅ​មុខ​ព្រះបរមរាជវាំង ដោយ​ឆាបឆេះ​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី យ៉ាង​សន្ធោសន្ធៅ។

បន្ទាប់ពី​មាន​អគ្គិភ័យ​ឆាបឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ខ្មែរ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ផ្ដិត​យក​រូបភាព និង​ថត​ជា​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ព្រោងព្រាត ខណៈ​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ដូចជា Fresh News ឬ​ទូរទស្សន៍​បាយ័ន ជាដើម មិន​បាន​ផ្សាយ​អំពី​ហេតុការណ៍​នេះ​ទេ។

ទោះជា​យ៉ាងណាក៏ដោយ ការ​បង្ហោះ​អគ្គិភ័យ​ឆាបឆេះ​រូប​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​នេះ ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​ផង​ដែរ ក្រោម​ហេតុផល​ថា ការ​ផ្សព្វផ្សាយ​បែប​នេះ​នឹង​នាំ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ប៉ុន្តែ​ប្រជាពលរដ្ឋ​រិះគន់​ថា​ជា​ចេតនា​បំបិទ​ព័ត៌មាន​ប៉ុណ្ណោះ។ នេះ​មិន​ខុស​ពី​ពាក្យ​ចាស់​បុរាណ​ខ្មែរ​ពោល​ថា «ដំរី​ស្លាប់​យក​ចង្អេរ​ទៅ​បាំង» ដូច្នោះ​ឯង។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ មករា នេះ​ថា ក្នុង​រដ្ឋធម្មនុញ្ញ​បាន​កំណត់​យ៉ាង​ច្បាស់​ថា មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ម្នាក់​ប្រមាថ​ព្រះមហាក្សត្រ​ដាច់ខាត ទោះ​ក្នុង​រូបភាព​ណា​មួយ​ក៏ដោយ ហើយ​ការ​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​នេះ គឺជា​ការ​ប្រមាថ​លើ​ព្រះអង្គ​យ៉ាង​ធ្ងន់ធ្ងរ។

លោក គឹម សុខ លើកឡើង​ថា ការ​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ អាច​មាន​មូលហេតុ​ពីរ គឺ​ទី​១ ជា​កំហុស​បច្ចេកទេស​ដែល​ជា​ឧបទ្ទវហេតុ និង​ទី​២ អាច​មាន​បុគ្គល​មាន​ចេតនា​ដុត​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​តែម្តង។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ដំណោះស្រាយ​ជា​បឋម​ក្នុង​រឿង​នេះ រដ្ឋាភិបាល​ត្រូវ​ដក​លោក ហ៊ុន ម៉ានី ពី​តំណែង​ទាំងអស់​ជា​មុន​សិន ពីព្រោះ​គាត់​គឺជា​អ្នក​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​ក្នុង​នាម​ជា​អ្នកដឹកនាំ​រៀបចំ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា​នេះ។

លោក​ថា បន្ទាប់ពី​ដក​តំណែង​ទាំងអស់​ហើយ ត្រូវ​ធ្វើ​ការ​ស៊ើបអង្កេត​ដើម្បី​ឱ្យ​លោក ហ៊ុន ម៉ានី ទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​ទៅ​តាម​ការ​រក​ឃើញ​ថា ការ​ឆេះ​នោះ​ដោយ​ចេតនា ឬ​កំហុស​បច្ចេកទេស​ជា​ឧបទ្ទវហេតុ។

អ្នកវិភាគ​រូប​នេះ​បារម្ភ​ថា ពេល​នេះ​មាន​ឧបទ្ទវហេតុ​ឆេះ​រូប​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ តើ​បន្ទាប់​មក​ទៀត អាច​មាន​ឧបទ្ទវហេតុ​ឆេះ​ព្រះបរមរាជវាំង​បំផ្លាញ​កេតនភណ្ឌ​ជាតិ​ដែរ​ឬ​ក៏​អត់ ពីព្រោះ​មាន​គ្រួសារ​មួយ​ដែល​កំពុង​ក្តាប់​អំណាច​ផ្ដាច់មុខ ចង់​ធ្វើ​ស្ដេច​សាធារណរដ្ឋ​ត​ពូជ​ដូច​កូរ៉េខាងជើង ទៅ​ហើយ​នោះ។

បើ​គេ​និយាយ​អំពី​កេតនភណ្ឌ​ពិតប្រាកដ​សម្រាប់​ខ្មែរ​នោះ បច្ចុប្បន្ន​នេះ​គ្មាន​ទេ ពីព្រោះ​ឯករាជភាព​ពិតប្រាកដ​ក៏​គ្មាន សេរីភាព​ពេញលេញ​ក៏​គ្មាន។ បើ​និយាយ​អំពី​ជំនឿ​តាម​ហោរាសាស្ត្រ​ក្នុង​សង្គម​ខ្មែរ អគ្គិភ័យ​លើ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ក្នុង​ឱកាស​បុណ្យទាន ជា​ប្រផ្នូល​អាក្រក់ អបលក្ខណ៍​មួយ​សម្រាប់​ប្រជាជាតិ ទោះ​ជា​វា​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ក៏ដោយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស