26.3 C
Phnom Penh

គណបក្ស​កម្លាំង​ជាតិ​គ្រោង​ធ្វើ​សមាជ​បោះឆ្នោត​ជ្រើស​ប្រធាន​បក្ស​ថ្មី​បន្ទាប់ពី​មេដឹកនាំ​អស់​សិទ្ធិ​ធ្វើ​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​កម្លាំង​ជាតិ គ្រោង​រៀបចំ​សមាជ​បក្ស​ក្នុង​ពេល​ឆាប់ៗ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​បក្ស​ថ្មី ក្រោយពី​តុលាការ​បាន​សម្រេច​ដក​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក ស៊ុន ចន្ធី អស់​មួយ​ជីវិត ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គណបក្ស​កម្លាំង​ជាតិ នឹង​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​បក្ស ដើម្បី​កំណត់​ថ្ងៃ​ធ្វើ​សមាជ ដើម្បី​រៀបចំ​ក្បាលម៉ាស៊ីន​គណបក្ស​ឱ្យ​ត្រូវ​ទៅ​តាម​នីតិវិធី ពីព្រោះ​មុខនាទី​ប្រធាន​បក្ស​មិន​អាច​ទុក​នៅ​ទំនេរ​បាន​ទេ។ លោក​បន្ថែម​ថា គណបក្ស​កម្លាំង​ជាតិ នឹង​ស្វែងរក​យុត្តិធម៌​ដល់​លោក ស៊ុន ចន្ធី និង​សកម្មជន​នយោបាយ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

គណបក្ស​កម្លាំង​ជាតិ បាន​ចាត់ទុក​ការ​ផ្ដន្ទាទោស​លោក ស៊ុន ចន្ធី ថា​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ឡើយ។ គណបក្ស​ជំទាស់​នេះ​លើក​ហេតុផល​ថា រូបភាព​នេះ​ជា​ការ​រើសអើង និង​គំរាមកំហែង​ខាង​នយោបាយ ដែល​បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​បំផុត និង​បាន​ដើរ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ក៏ដូចជា​សេចក្តី​ប្រកាស​សកល​ស្តីអំពី​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤ បន្ទាប់ពី​លោក​បាន​លើកឡើង​ជុំវិញ​បញ្ហា​ការ​ចែក​បណ្ណ​សមធម៌ ឬ​បណ្ណ​ក្រីក្រ ដែល​លោក​អះអាង​ថា​ការ​ចែក​បណ្ណ​នេះ​មាន​ការ​រើសអើង​និន្នាការ​នយោបាយ ដោយ​លម្អៀង​ទៅ​បក្ស​កាន់​អំណាច ដែល​សព្វថ្ងៃ​នេះ​លោក​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ «ម​៤» ក្នុង​ខេត្ត​ពោធិ៍សាត់។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» កាលពី​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​ក្នុង​នោះ ចៅក្រម​ជំនុំជម្រះ​ក៏​បាន​ដក​សិទ្ធិ​របស់​លោក ស៊ុន ចន្ធី មិន​ឲ្យ​បោះឆ្នោត និង​ដក​សិទ្ធិ​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​ជា​ស្ថាពរ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស