28 C
Phnom Penh

លោក ហ៊ុន ម៉ានី ប្ដេជ្ញា​ដង្ហែ​តាម​ព្រះមហាក្សត្រ ក្រោយ​ពី​ភ្លើង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​យប់​ឆ្លង​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ដឹកនាំ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា លោក ហ៊ុន ម៉ានី ប្ដេជ្ញា​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​ព្រះនាម​ជា​និមិត្តរូប​ជាតិ​ឆ្ពោះ​ទៅ​កាន់​ត្រើយ​សន្តិភាព ថ្វីបើ​លោក​មាន​ភារកិច្ច​រក​ខុស​ត្រូវ​រឿង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​នោះ​ក្តី។

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) ដែល​ជា​អ្នក​ដឹកនាំ​រៀបចំ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា លោក ហ៊ុន ម៉ានី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មករា នេះ​ថា ប្រជារាស្ត្រ​ប្រទេស​កម្ពុជា​មាន​ភ័ព្វ​សំណាង​ដែល​បាន​រស់​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ​ខ្មែរ ក្រោម​ព្រះរាជហឫទ័យ​សន្តោស​ប្រោសប្រណី​ដ៏​ជ្រាលជ្រៅ​របស់​ព្រះអង្គ ដែល​បាន​ផ្តល់​នូវ​ភាព​កក់ក្តៅ និង​សុខដុមរមនា​ក្រៃលែង​ដល់​កូនចៅ ចៅទួត ជា​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​គ្នា។

លោក ហ៊ុន ម៉ានី លើកឡើង​ថា ក្នុង​ស្មារតី​ចងចាំ​នូវ​ព្រះមហាករុណាទិគុណ​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ ក្នុង​នាម​លោក​តំណាង​ឱ្យ​ស្ថាប័ន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​តំណាង​ឱ្យ​យុវជន​ខ្មែរ​ដ៏​ធំ​មួយ​តែងតែ​រៀបចំ​នូវ​កម្មវិធី​នានា​កន្លង​មក ដើម្បី​សម្ដែង​នូវ​កតញ្ញូ​កតវេទី​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ជា​ទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់។

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រូប​នេះ​ថ្លែង​អំណរគុណ​ព្រះមហាក្សត្រ​ខ្មែរ​ដែល​រាជានុញ្ញាត​ឱ្យ​លោក​រៀបចំ​កម្មវិធី «សាទរ​កម្ពុជា» នៅ​ខាង​មុខ​ព្រះបរមរាជវាំង ដែល​បាន​បង្ហាញ​នូវ​ការ​សាទរ​នៃ​មហា​គ្រួសារ​ខ្មែរ ក្រោម​ម្លប់​នៃ​ព្រះមហាក្សត្រ​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​រាត្រី​ឆ្លង​ឆ្នាំ​សកល​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ អគ្គិភ័យ​មួយ​បាន​កើត​មាន​ឡើង​នៅ​មុខ​ព្រះបរមរាជវាំង ដោយ​ឆាបឆេះ​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី យ៉ាង​សន្ធោសន្ធៅ។ ក្រោយ​កើត​មាន​ហេតុការណ៍​នេះ គេ​មិន​បាន​ឃើញ​លោក ហ៊ុន ម៉ានី ចេញ​មុខ​សុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ​ទេ​រហូត​ដល់​ពេលនេះ ប៉ុន្តែ​ជំនួស​ឱ្យ​ការ​សុំ​ព្រះរាជទាន​ទោស អ្នក​ដឹកនាំ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា​រូប​នេះ បែរ​ជា​ប្រកាស​ប្ដេជ្ញា​ដង្ហែ​តាម​ព្រះមហាក្សត្រ​ទៅ​រក​ត្រើយ​សន្តិភាព​ទៅវិញ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ មករា នេះ​ថា បើ​គ្រួសារ​ហ៊ុន​ចង់​ដង្ហែ​តាម​ព្រះមហាក្សត្រ​នាំ​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ត្រើយ​សន្តិភាព​មែន ហេតុ​អ្វី​គ្រួសារ​មួយ​នេះ​ដណ្ដើម​យក​រាជកិច្ច​ទាំងអស់​របស់​ព្រះអង្គ​រហូត​មក។ ជាង​នេះ​ទៀត ពួកគេ​ក៏​ព្យាយាម​បំបាត់​ឥទ្ធិពល​រាជបល្ល័ង្ក និង​មិន​គោរព​តាម​ព្រះ​រាជតម្រិះ​របស់​ព្រះមហាក្សត្រ ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ផ្សះផ្សា បង្រួបបង្រួម​ជាតិ និង​គោរព​សិទ្ធិ​សេរីភាព​ប្រជារាស្ត្រ​នោះ។

លោក គឹម សុខ ចាត់ទុក​ថា ការ​ប្ដេជ្ញាចិត្ត​របស់​លោក ហ៊ុន ម៉ានី គ្រាន់​ជា​ចេតនា​ដោះសា​ឱ្យ​រួច​ពី​ទោស​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះមហាក្សត្រ​ប៉ុណ្ណោះ ហើយ​ទង្វើ​បែប​នេះ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ដែរ​ថា គ្រួសារ​ហ៊ុន​ប្រើ​ការ​ដោះសា ជាជាង​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្ត​ខុស​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស​កម្ពុជា​នោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស