26.3 C
Phnom Penh

អ្នក​ឃ្លាំមើល​មិន​រំពឹង​ថា​អាជ្ញាធរ​អាច​រក​ឃើញ​មេខ្លោង​ធំ​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា លើកឡើង​ថា សំណុំរឿង​ឃាតកម្ម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា អាច​នឹង​កាត់ទោស​បាន​ត្រឹមតែ​ឃាតករ និង​អ្នក​ពាក់ព័ន្ធ​តូចតាច​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មករា នេះ​ថា បើ​សំណុំរឿង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ត្រូវ​បាន​កាត់ទោស​ត្រឹមតែ​ឃាតករ និង​អ្នក​ពាក់ព័ន្ធ​ដូចជា​ជនសង្ស័យ​ឈ្មោះ ពេជ្រ គឹមស្រ៊ិន និង​ជនសង្ស័យ​ឈ្មោះ លី រតនៈរស្មី ដែល​មាន​ឈ្មោះ​ភាសា​ថៃ​ថា ស៊ុមវ៉ាំង បាំរុងគីត នោះ​ការ​កាត់​សេចក្តី​នេះ​មិនមែន​ជា​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ឡើយ។

លោក គឹម សុខ លើកឡើង​ថា ការ​ស្រាវជ្រាវ​រក​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​ក្នុង​រឿង​ឃាតកម្ម​នេះ អាច​នឹង​មាន​ភាព​ស្មុគស្មាញ​ខ្លាំង ដោយសារតែ​ជនល្មើស​មិន​ហ៊ាន​សារភាព ព្រោះតែ​រង​នូវ​ការ​គំរាមកំហែង​ពី​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​លើ​សុវត្ថិភាព​ក្រុម​គ្រួសារ​របស់​គេ។ លើស​ពី​នេះ បើ​គេ​រក​ឃើញ​ថា​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​នោះ គឺជា​អ្នក​មាន​ឥទ្ធិពល​ក្នុង​ជួរ​កម្លាំង​ប្រដាប់អាវុធ​ក្នុង​ប្រទេស​ថៃ ទៀត​នោះ ថៃ​អាច​នឹង​បញ្ចប់​សំណុំរឿង​នេះ​ដោយ​ទុក​ឱ្យ​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​នោះ​រួច​ខ្លួន ដោយ​សំអាង​ថា​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​នោះ​គឺជា​ជនជាតិ​ខ្មែរ។

លោក គឹម សុខ បញ្ជាក់​ថា ទោះជា​មាន​ការ​ស្នើសុំ ឬ​គ្មាន​ការ​ស្នើសុំ​សហការ​ពី​ភាគី​ថៃ ក៏ដោយ បើ​ភាគី​ខ្មែរ​មិន​បញ្ជូន​ជនសង្ស័យ​ទាំងនោះ​ទៅ​តុលាការ​ថៃ ឬ​សមត្ថកិច្ច​ថៃ ដើម្បី​បើក​ការ​ស៊ើបអង្កេត​ទេ នោះ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ត្រកូល​ហ៊ុន​ដែល​មាន​អំណាច​បំផុត​នៅ​ប្រទេស​កម្ពុជា ច្បាស់​ជា​មិន​អាច​គេច​ផុត​ពី​ការ​សង្ស័យ​ថា​ជា​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​នេះ​ឡើយ។

ខ្មាន់កាំភ្លើង​ជនជាតិ​ថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) ដែល​បាន​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ក្នុង​ទីក្រុង​បាងកក ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​កម្ពុជា​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ កាលពី​ថ្ងៃទី​១១ មករា ប៉ុន្តែ​រហូត​ដល់​ពេលនេះ ឃាតករ​មិន​ទាន់​ផ្តល់​ចម្លើយ​ប្រាប់​សមត្ថកិច្ច​ថៃ ពី​សមាសភាព​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​នៅឡើយ​ទេ។

ជុំវិញ​បញ្ហា​នេះ លោក អដ្ឋាផន វង្សសិរីព្រីដា (Arthaphorn Wongsiripreeda) មន្ត្រី​ប៉ូលិស​ប្រចាំ​ទីក្រុង​បាងកក បាន​អះអាង​កាលពី​ថ្ងៃទី​១២ ខែ​មករា នេះ​ថា ខ្មាន់កាំភ្លើង​បាន​សារភាព​ថា​រូបគេ​បាន​ទទួល​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា ពី​ជនជាតិ​ថៃ​ម្នាក់ ព្រោះតែ​ជំពាក់​គុណ​ដែល​គេ​ធ្លាប់​ជួយ​ពេល​ដែល​ខ្លួន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កង​នាវាចរណ៍​ថៃ។

ឃាតករ​ដដែល​នេះ​អះអាង​ថា រូបគេ​ទទួល​បាន​ថ្លៃឈ្នួល ៦​ម៉ឺន​បាត ឬ​ជាង ១៧០០​ដុល្លារ​សហរដ្ឋ​អាមេរិក ក្រោម​ការ​រៀបចំ​គម្រោង​ពី​ជនជាតិ​ខ្មែរ​ដែល​មាន​ប្រើ​ឈ្មោះ​ជា​ភាសា​ថៃ​ថា ស៊ុមវ៉ាំង បាំរុងគីត (Sumvang Bamrongkit) និង​មាន​ឈ្មោះ​ខ្មែរ​ថា លី រតនៈរស្មី ជា​អ្នក​ផ្ទេរ​លុយ​ឱ្យ ហើយ​ក៏​ជា​អ្នក​បង្ហាញ​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ ពេលវេលា និង​ទីតាំង​ចំណត​រថយន្ត​របស់​ជនរងគ្រោះ​ផង​ដែរ។

មន្ត្រី​ប៉ូលិស​ថៃ​រូប​នេះ បង្ហាញ​ចម្លើយ​ឃាតករ​ថា ក្រោយ​ពេល​បាញ់​សម្លាប់​ជនរងគ្រោះ រូបគេ​បាន​រត់​គេច​ខ្លួន​តាម​គម្រោង​ដែល​គេ​បាន​រៀបចំ​រហូត​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ព្រំដែន​ស្រុក​ខៅដិន (Khao Din) ខេត្ត​ស្រះកែវ (Sa Keo) ដែល​មាន​បុរស​ជនជាតិ​ខ្មែរ ២​នាក់​រង់ចាំ​ទទួល ដើម្បី​គេច​ខ្លួន​ចូល​ក្នុង​ប្រទេស​កម្ពុជា តាម​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។

យ៉ាងណាក៏ដោយ ឃាតករ​រូប​នេះ​នៅតែ​បន្ត​បដិសេធ​មិន​ព្រម​ប្រាប់​ថា នរណា​ជា​មេខ្លោង​នៅ​ពីក្រោយ​ឃាតកម្ម​នេះ​ឡើយ ទោះបីជា​ខ្លួន​កំពុង​ត្រូវ​ប្រឈមមុខ​នឹង​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ពី​តុលាការ​ព្រហ្មទណ្ឌ​ថៃ ក៏ដោយ។

ទាក់ទិន​នឹង​អ្នក​ផ្ទេរ​ប្រាក់ឈ្នួល​ឲ្យ​ឃាតករ​ឈ្មោះ លី រតនៈរស្មី ឈ្មោះ​ថៃ ស៊ុមវ៉ាំង បាំរុងគីត ប្រភព​ច្បាស់​ការណ៍​ក្នុង​កងកម្លាំង​សន្តិសុខ​ប្រដាប់អាវុធ​ថៃ បាន​ឲ្យ​ដឹង​កាលពី​ឆ្នាំ​២០២២ ថា គាត់​ជា​មនុស្ស​សំខាន់​លាក់​មុខ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើការ​ជាមួយ​ពលករ​ខ្មែរ​ចំណាកស្រុក​ក្នុង​ប្រទេស​ថៃ ជួយ​ពិនិត្យ​គុណភាព​ផលិតផល​ថៃ នាំ​ទៅ​សហរដ្ឋ​អាមេរិក​ឲ្យ​ទៅ​តាម​ស្ដង់ដា​អាមេរិកាំង។ មុន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គាត់​ធ្លាប់​ប្រាស្រ័យ​កិច្ចការងារ​ការពារ​សិទ្ធិ​ពលករ​ខ្មែរ​ក្នុង​អង្គការ​ស៊ីហ្វាត់ (CFAT=Cambodian Workers’ Friendship Association of Thailand) ឬ​ប្រែ​ថា សមាគម​មិត្តភាព​ពលករ​ខ្មែរ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ និង​ធ្លាប់​រត់​ទៅ​លាក់​ខ្លួន​នៅ​ស្ថានទូត​អាមេរិកាំង និង​គេច​ខ្លួន​ទៅ​ប្រទេស​ហ្វីលីពីន ពី​ការ​តាម​រក​ពី​អាជ្ញាធរ​ថៃ។ បន្ទាប់​មក សមាជិក​នៃ​អង្គការ​ស៊ីហ្វាត់ ១៣៥​នាក់​បាន​ទៅ​ចុះចូល​សុំ​ជ្រកកោន​ក្នុង​មូលនិធិ​សម្តេច​តេជោ ហ៊ុន សែន ដែល​មាន​ឈ្មោះ សុខ សុក្រឹត្យា កូន​លោក សុខ ឥសាន ជា​ប្រធាន តែងតាំង​ដោយ​ប្រធាន​បក្ស លោក សាយ ឈុំ។ លោក លី រតនៈរស្មី បាន​ក្លាយ​ខ្លួន​ជា​អ្នក​លក់​អចលនទ្រព្យ​នៅ​ក្រុង​ប៉ោយប៉ែត។

ក្នុង​ករណី​ឃាតកម្ម​ស៊ីឈ្នួល​សម្លាប់​អតីត​សមាជិក​សភា​ពី​បក្ស​ជំទាស់ លោក លិម គិមយ៉ា ជា​សញ្ជាតិ​បារាំង មាន​ការ​ចុះផ្សាយ​អត្ថបទ​ពាសពេញ​ទ្វីប​អឺរ៉ុប រិះគន់​របប​ដឹកនាំ​ក្រុង​ភ្នំពេញ​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​កូន និង​លោក ហ៊ុន សែន ជា​ឪពុក។

ដំណាល​ពេល​គ្នា​នេះ ក្រុមប្រឹក្សា ២៣​តុលា​១៩៩១ ដែល​មាន​ទីស្នាក់ការ​នៅ​ទ្វីប​អឺរ៉ុប បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៨ ខែ​មករា ដោយ​ចាត់ទុក​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ថា​ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន។ ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះហត្ថលេខា​ដោយ​លោក ឌួង វចនៈ ប្រធាន​គណៈនាយក​នៃ​ក្រុមប្រឹក្សា ថ្លែង​ថា៖ ក្នុង​របប​ផ្ដាច់ការ​គេ​ចាប់​មនុស្ស​ដាក់​គុក ធ្វើ​ទារុណ ដើម្បី​បញ្ឈប់​សកម្មភាព​ជន​ទាំងនោះ ឲ្យ​ឈប់​ហ៊ាន​ប្រឆាំង​នឹង​ពួក​ផ្ដាច់ការ​តទៅទៀត ហើយ​ជួនកាល ពួក​ទុច្ចរិត​ទុក​អ្នក​ទាំងនោះ​ប្រើ​ទៅ​ថ្ងៃ​ក្រោយ​បន្ត តាម​វិធី​គាបសង្កត់​ផ្សេងៗ។

សេចក្តី​ថ្លែងការណ៍​ចោទ​ជា​សំណួរ​ថា តើ​អាច​ទាក់ទង​នឹង​ព័ត៌មាន​ពិសេស​អ្វី​ទេ​ដែល​លោក លិម គិមយ៉ា ដឹង ហើយ​មិន​ត្រូវ​ឲ្យ​បែកការ​ជាដាច់ខាត។ តើ​ព័ត៌មាន​នោះ​អាច​ខូចខាត​ផល​ប្រយោជន៍​ធំ​ប៉ុនណា​ដល់​ពួក​ផ្ដាច់ការ​ក្រុង​ភ្នំពេញ ឬ​ប៉ះពាល់​ដល់​ចៅហ្វាយ​បរទេស​របស់​ពួកគេ?៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស