33.8 C
Phnom Penh

នាយករដ្ឋមន្ត្រី​កូន​និយាយ​ថា​ស្រូវ​អង្ករ​ចុះ​ថ្លៃ ឬ​ឡើង​ថ្លៃ ទីណា​ក៏​មាន​ដែរ លោក​មិន​ដឹង​ធ្វើ​ម៉េច​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា តម្លៃ​កសិផល​ឡើង​ចុះ​មិនមែន​កើតមាន​តែ​នៅ​កម្ពុជា​ទេ សូម្បី​នៅ​ប្រទេស​ផ្សេង​ក៏​កើតមាន​ដូច​គ្នា​ដែរ ខណៈ​រដ្ឋាភិបាល​មិន​មាន​លទ្ធភាព​ដោះស្រាយ​គ្រប់​បញ្ហា​ដែល​កើតឡើង​ទាំងអស់​បាន​ឡើយ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​នៅ​មជ្ឈមណ្ឌល​អតីត​យុទ្ធជន​ប៊ុនរ៉ានី​សែនជ័យ​ដំណាក់ទ្រយឹង នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ នេះ​ថា ប្រទេស​វៀតណាម អាមេរិក និង​ប្រទេស​កូរ៉េខាងត្បូង ក៏​មាន​ការ​ឡើង​ចុះ​តម្លៃ​កសិផល​ដែរ ដោយសារ​ការ​ឡើង​ចុះ​តម្លៃ​កសិផល​នៅ​លើ​ពិភពលោក។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា តម្លៃ​អង្ករ​កាលពី​ឆ្នាំ​មុន​ឡើង​ថ្លៃ ដោយសារ​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ ប្រទេស​ឥណ្ឌា បាន​ផ្អាក​ការ​នាំចេញ ដែល​ធ្វើ​ឱ្យ​មាន​ការ​ខ្វះខាត​អង្ករ​នៅ​ទូទាំង​ពិភពលោក ដូច្នេះ​ហើយ​បាន​ជា​តម្លៃ​អង្ករ​ឡើង​ថ្លៃ ប៉ុន្តែ​ឆ្នាំ​នេះ​ចាប់ពី​ខែ​កញ្ញា ឆ្នាំ​២០២៤ មក ប្រទេស​ឥណ្ឌា បញ្ចេញ​អង្ករ​ទៅ​កាន់​ពិភពលោក​ឡើងវិញ ដូច្នេះ​ហើយ​ទើប​នៅ​ប្រទេស​វៀតណាម ចាប់ផ្ដើម​ទម្លាក់​តម្លៃ​អង្ករ​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ ទើប​បណ្តាល​ឱ្យ​មាន​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​បែបនេះ។

នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា វិស័យ​កសិកម្ម​នៅតែ​ជា​វិស័យ​អាទិភាព​ខ្ពស់​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ដដែល ហើយ​រាជរដ្ឋាភិបាល​មិន​ដែល​នៅ​ស្ងៀម​ចំពោះ​បញ្ហា​ដែល​កសិករ​ប្រឈម​នោះ​ឡើយ ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​បញ្ចេញ​កញ្ចប់​ថវិកា ១៥០​លាន​ដុល្លារ ដើម្បី​ជួយ​ទិញ​ស្រូវ​ពី​ប្រជាកសិករ និង​អំពាវនាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ផ្តល់​កម្ចី​ការប្រាក់​ទាប​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក្នុង​ការ​ទិញ​ស្រូវ​ពី​កសិករ​ផង​ដែរ។

កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​ជាច្រើន​រស់នៅ​ភូមិ​ព្រៃដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង បាន​នាំគ្នា​ចេញ​មក​បិទ​ផ្លូវ​ជាតិ​លេខ​៥ ដើម្បី​ធ្វើ​សកម្មភាព​តវ៉ា ស្នើ​ឱ្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជួយ​ដោះស្រាយ​បញ្ហា​ស្រូវ​ដែល​កំពុង​ធ្លាក់​ចុះ​តម្លៃ។

កសិករ​ទាំងនេះ​អះអាង​ថា តម្លៃ​ស្រូវ​ប្រភេទ អូអឹម (OM) របស់​ពួកគេ​អាច​ទទួល​បាន​តែ​ចន្លោះ​ពី ៧០០​រៀល​ទៅ ៨០០​រៀល​ប៉ុណ្ណោះ​ក្នុង ១​គីឡូក្រាម ហើយ​តម្លៃ​ស្រូវ​ក្នុង​កម្រិត​នេះ​មិន​អាច​ទូទាត់​នឹង​ថ្លៃ​ចំណាយ​បាន​ឡើយ គឺ​មាន​ន័យ​ថា​កសិករ​ត្រូវ​ខាត​ដើម​ទាំងស្រុង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ចូល​ក្នុង​បំណុល​ជាមិនខាន។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មួយ​រូប​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២០ មករា នេះ​ថា សព្វថ្ងៃ​នេះ មិនមែន​ប្រជាពលរដ្ឋ​មិន​ចេះ​ធ្វើ​កសិកម្ម​នោះ​ទេ ប៉ុន្តែ​មកពី​រដ្ឋាភិបាល​មិន​អាច​ធានា​នូវ​ទីផ្សារ​កសិផល តម្លៃ​សម្ភារៈ​សម្រាប់​ធ្វើ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​តែប៉ុណ្ណោះ ទោះ​ជា​រាជរដ្ឋាភិបាល​បាន​ពង្រាយ​មន្ត្រី​កសិកម្ម​នៅ​តាម​ឃុំ-សង្កាត់​ហើយ​ក៏ដោយ។

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​កសិកម្ម​ដដែល​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​គ្មាន​ផែនការ​លើកស្ទួយ​វិស័យ​កសិកម្ម​ឱ្យ​បាន​ច្បាស់លាស់ និង​ឱ្យ​មាន​និរន្តរភាព​ទេ ព្រោះ​កសិករ​នៅតែ​ធ្វើ​ស្រែ​ពឹង​លើ​មេឃ និង​នាំចូល​សម្ភារៈ​កសិកម្ម​ពី​ប្រទេស​វៀតណាម ដដែល ខណៈ​តម្លៃ​កសិផល​ដែល​កសិករ​ប្រមូល​បាន គឺ​ស្រេច​តែ​នៅ​លើ​ឈ្មួញ​ជា​អ្នក​កំណត់​ប៉ុណ្ណោះ។

គួរ​រំឭក​ថា៖ ក្នុង​ទីផ្សារ​សេរី ផលិតផល​អ្វី​ក៏ដោយ បើ​ផលិត​ជន់ជោរ ចាក់​ធារ​ហួស​សេចក្តី​ត្រូវការ តម្លៃ​ផលិតផល​នោះ​នឹង​ធ្លាក់​ចុះ។ បើ​សេចក្តី​ត្រូវការ​មាន​ច្រើន​លើសលប់ លើស​ពី​ផលិតផល តម្លៃ​ផលិតផល​នឹង​ឡើង​វិញ ហើយ​ពេល​ហ្នឹង​ក៏​ត្រូវ​ប្រយ័ត្ន​ចំពោះ​ឈ្មួញ​ដំឡើង​ថ្លៃ​ផលិតផល ១​ជា​២ ជា​៣ ដែរ។

មួយ​វិញ​ទៀត បើ​ទីផ្សារ​ផលិតផល​ខ្មែរ​នៅ​រួម​តូច សំអាង​ត្រឹមតែ​ប្រទេស​យៀកណាម ឬ​ប្រទេស​ថៃ ដែល​ផលិត​ស្រូវ-អង្ករ​ដូច​យើង​ដែរ​នោះ ទោះជា​ស្រូវ-អង្ករ​ខ្មែរ​ល្អ​លើស​គេ​យ៉ាងណាក៏ដោយ ក៏​មិន​បាន​ថ្លៃ​ដូច​បំណង​ដែរ។ បើ​កសិករ​ខ្មែរ​ចំណាយ​ទុន​ច្រើន​ធ្វើ​ស្រែ​ដាំ​ស្រូវ កន្លែង​ខ្លះ​ទិញ​តាំងពី​ទឹក តាំងពី​ជី តាំងពី​ថ្នាំ​បាញ់​សត្វ​ល្អិត គាត់​មិន​អាច​លក់​តម្លៃ​ថោក​បាន​ឡើយ។ បរទេស​ជិតខាង​ក៏​គេ​មិន​ចង់​ឲ្យ​អង្ករ​ខ្មែរ​ដឹក​ចេញ​ក្រៅ​លើស​គេ​ដែរ។ ដូច្នេះ​មាន​ឈ្មួញ​ដើរ​ទិញ​ស្កាត់​មុន កំណត់​ថ្លៃ​ឲ្យ​កសិករ​ខ្មែរ។ កសិករ​ខ្មែរ​សុខចិត្ត​លក់​ឲ្យ​ឈ្មួញ​ក្នុង​ស្រុក ពីព្រោះ​គាត់​មិន​ដឹង​ទៅ​រក​ទីផ្សារ​ខ្លួនឯង​របៀប​ដូចម្តេច ហើយ​ក៏​បាន​ប្រាក់​ទូទាត់​ភ្លាមៗ​ដែរ។

ទាំងអស់​នេះ​ជា​ភារកិច្ច​រដ្ឋាភិបាល ដើម្បី​ជួយ​ផលិតករ​ក្នុង​ស្រុក​ពង្រីក​ទីផ្សារ​លើ​ផលិតផល​របស់​ខ្លួន ជួយ​រក្សា​តម្លៃ​ផលិតផល​ក្នុង​ស្រុក​ឲ្យ​មាន​តុល្យភាព​ជាមួយ​ទំនិញ​បរទេស ព្យាយាម​កំណត់​ការ​នាំចូល​ផលិតផល​ពី​បរទេស​មក​ចាក់​ធារ​ក្នុង​ស្រុក ដែល​នាំ​ដល់​ការ​បញ្ចុះ​តម្លៃ​ផលិតផល​ក្នុង​ស្រុក។

បើ​ប្រមុខ​រដ្ឋាភិបាល​ថា​មិន​ដឹង​ធ្វើ​យ៉ាងម៉េច ទីណា​ក៏​ដូច​គ្នា កសិករ​ខ្មែរ​នឹង​ស្លាប់​ដោយសារ​គេ​ទម្លាក់​តម្លៃ​ស្រូវ-អង្ករ​ខ្លួន ថា​មកពី​គុណភាព​មិន​ល្អ មិន​ស្មើ​នឹង​គេ។

យោង​តាម​ស្ថិតិ​ពី​ការ​ស្រាវជ្រាវ ផ្សាយ​ក្នុង​ព្រឹត្តិបត្រ TENDATA នា​ខែ​សីហា ឆ្នាំ​២០២៤ ប្រទេស​១០ ដែល​នាំ​ស្រូវ-អង្ករ​ចេញ​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ប្រទេស​កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​៨។ តាម​លេខ​រៀង​ពី​១ ដល់ ១០ គឺ​ប្រទេស​ឥណ្ឌា ថៃឡង់ដ៍ យៀកណាម ប៉ាគីស្ថាន សហរដ្ឋ​អាមេរិក ចិន ភូមា កម្ពុជា ប្រេស៊ីល អ៊ុយរូហ្គាយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស