រាជរដ្ឋាភិបាលអះអាងថា រយៈពេល ១១ខែក្នុងឆ្នាំ២០២៤ អាជ្ញាធរតាមបណ្តាខេត្តភាគឦសាន បង្ក្រាបបទល្មើសគ្រឿងញៀនបានជិត ២០០ករណី ឃាត់ខ្លួនជនសង្ស័យជិត ៤០០នាក់ និងរឹបអូសគ្រឿងញៀនបានជាង ២តោន។
អនុគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែនភាគឦសាន បង្ហាញសេចក្តីរាយការណ៍របស់ខ្លួននៅថ្ងៃទី២២ មករា នេះថា គិតចាប់តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ មក អនុគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែនភាគឦសាន បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ១៧១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៧៥នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនសរុប ២តោន ៦៣២គីឡូក្រាម និង ៩៦ក្រាម។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការប្រចាំឆ្នាំ២០២៤ នៅថ្ងៃទី២២ មករា នេះ ដោយជំរុញឱ្យគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនតាមបណ្តាខេត្តភាគឦសានចុះអប់រំផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះណែនាំឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន បង្កើនការអប់រំ ណែនាំរំលឹកដាស់តឿនដល់មន្ត្រីអនុវត្តច្បាប់ ឱ្យគោរពបទបញ្ញត្តិ និងគោលការណ៍នានាពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយអនុវត្តវិធានការច្បាប់ដោយគ្មានការលើកលែងដាច់ខាតចំពោះមន្ត្រីណាដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន។
ទោះជាមានកិច្ចប្រឹងប្រែងដូច្នេះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទក្នុងបណ្តាខេត្តមួយចំនួន ដូចជា ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ជាដើម បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីពេលថ្មីៗនេះថា ការចែកចាយគ្រឿងញៀននៅតាមភូមិ-ឃុំរបស់ពួកគាត់ គឺមានការបើកដៃពីអាជ្ញាធរមានសមត្ថកិច្ចតែម្តង។
ប្រជាពលរដ្ឋដដែលនេះអះអាងថា អាជ្ញាធរក៏ធ្លាប់បានចាប់ខ្លួនអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិ-ឃុំរបស់ពួកគេដែរ ប៉ុន្តែអ្នកទាំងនោះនៅតែត្រូវបានដោះលែងមកវិញបន្ទាប់ពីពួកគេបង់លុយទៅឱ្យសមត្ថកិច្ច ហើយករណីដដែលនេះក៏ចេះតែបន្តកើតមានរហូតមក គឺមានន័យថា រាល់ការចាប់ខ្លួនតែងតែត្រូវបានដោះលែងនៅពេលដែលជនល្មើសបានបង់លុយទៅឱ្យអាជ្ញាធរ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចបង្កើតគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងអនុគណៈកម្មការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែនផងដែរ បន្ទាប់ពីរកឃើញថាប្រទេសកម្ពុជាកំពុងត្រូវបានជនទុច្ចរិតប្រើជាទីតាំងផលិត និងចែកចាយគ្រឿងញៀនក្នុងពេលបច្ចុប្បន្ននេះ។
ទាក់ទិននឹងបញ្ហានេះ ម្តាយមីងបង្កើតរបស់នាយករដ្ឋមន្ត្រីខ្មែរ អ្នកស្រី ហ៊ុន ស៊ីណាត បានទម្លាយកាលពីពេលថ្មីៗនេះថា ជនល្មើសដែលចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន គឺជាអ្នករកលុយឱ្យមន្ត្រីបង្ក្រាបគ្រឿងញៀនតែប៉ុណ្ណោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

