30.5 C
Phnom Penh

លោក ពូទីន ថា​ការ​ចរចា​រក​សន្តិភាព​ធ្វើ​ទៅ​បាន ប៉ុន្តែ​មិនមែន​ជាមួយ​លោក ហ្សេឡេនស្គី នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន The Moscow Times ផ្សាយ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បង្ហាញ​ជំហរ​ចង់​ចរចា​ជាមួយ​មេដឹកនាំ​ប្រទេស​អ៊ុយក្រែន ដែល​លោក ពូទីន ថា​អាច​ទៅ​រួច ប៉ុន្តែ​មិនមែន​ជាមួយ​ប្រធានាធិបតី​លោក វូឡូឌីមៀ ហ្សេឡេនស្គី នោះ​ទេ។

លោក ពូទីន បាន​ថ្លែង​ដូចនេះ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​នៃ​ក្រុម​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី Pavel Zarubin កាលពី​ថ្ងៃ​អង្គារ ទី​២៨ មករា។

លោក ពូទីន បាន​និយាយ​ថា ប្រសិនបើ​លោក ហ្សេឡេនស្គី ចង់​ចូលរួម​ក្នុង​កិច្ចចរចា​នឹង​រូបលោក​ផ្ទាល់ នឹង​មិន​អាច​ទៅ​រួច​ទេ ព្រោះ​លោក ហ្សេឡេនស្គី ពុំ​អាច​ជា​មេដឹកនាំ​ស្រប​ច្បាប់​នៃ​ប្រជាជន​អ៊ុយក្រែន ទៀត​ទេ។

ប្រធានាធិបតី​រុស្ស៊ី​រូប​នេះ​បាន​បញ្ជាក់​ថា បើ​ប្រទេស​អ៊ុយក្រែន ពិត​ជា​មាន​បំណង​ចង់​ចរចា​ស្វែងរក​ការ​ព្រមព្រៀង​គ្នា​ដោយ​ប្រាកដប្រជា​មែន​នោះ អ៊ុយក្រែន​ត្រូវ​មាន​មេដឹកនាំ​ថ្មី​ជំនួស​លោក ហ្សេឡេនស្គី ប៉ុន្តែ​ជាមួយ​គ្នា​នេះ បុរស​ខ្លាំង​នៅ​ក្រុង​មូស្គូ បន្ត​ថា សង្គ្រាម​ដែល​កំពុង​បន្ត​អូស​បន្លាយ​នៅ​អ៊ុយក្រែន មុខ​ជា​នឹង​ចប់​ក្នុង​រយៈពេល​ត្រឹម ២​ខែ ឬ​ឆាប់​ជាង​នេះ​ទៅ​ទៀត ប្រសិនបើ​ក្រុម​បស្ចិម​ប្រទេស​ឈប់​ផ្តល់​ការ​គាំទ្រ​ដល់​ទីក្រុង​គៀវ តទៅទៀត។

ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី លោក ពូទីន ថា​អ៊ុយក្រែន នឹង​មិន​មាន​លទ្ធភាព​តស៊ូ​ប្រយុទ្ធ​បាន​យូរ​ទៀត​ឡើយ សូម្បីតែ​ត្រឹម ១​ខែ​ក៏​មិន​បាន​ដែរ ប្រសិនបើ​លែង​ទទួល​បាន​ការ​គាំទ្រ​ហិរញ្ញវត្ថុ និង​សព្វាវុធ​ពី​លោកខាងលិច។ លោក​បញ្ជាក់​ថា យ៉ាងតិច​ត្រឹម ១​ខែ​កន្លះ ឬ​ក៏ ២​ខែ​ប៉ុណ្ណោះ សង្គ្រាម​ត្រូវតែ​បញ្ចប់។

ប្រតិកម្ម​ទៅ​នឹង​ការ​លើកឡើង​ពី​ប្រធានាធិបតី​រុស្ស៊ី តាមរយៈ​សារ​ក្នុង​បណ្ដាញ​សង្គម X ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ចំអក​ថា លោក ពូទីន ភ័យ​ខ្លាច​ចំពោះ​ការ​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​ឈ្លានពាន​នៅ​ប្រទេស​អ៊ុយក្រែន ទើប​លោក ពូទីន ច្រានចោល​លទ្ធភាព​ជួប​និយាយ​គ្នា​ដោយ​ផ្ទាល់​ជាមួយ​រូបលោក​ឋានៈ​ជា​ប្រធានាធិបតី​អ៊ុយក្រែន។

សង្គ្រាម​ដែល​មាន​រយៈពេល​ជិត ៣​ឆ្នាំ​មក​ហើយ​នោះ នៅតែ​មិន​ទាន់​មាន​សញ្ញា​ថា​គូបដិបក្ខ​ច្បាំង​គ្នា​ទាំង​សងខាង​បន្ធូរ​ដៃ​ប្រយុទ្ធ​គ្នា​នៅឡើយ​ទេ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​ដាក់​សម្ពាធ​ឱ្យ​ភាគី​ទាំង​ពីរ​ស្វែងរក​ទី​បញ្ចប់​សង្គ្រាម។ លោក ត្រាំ បាន​អះអាង​ថា លោក ហ្សេឡេនស្គី បាន​បង្ហាញ​បំណង​ចង់​ចរចា​ឱ្យ​បាន​កិច្ចព្រមព្រៀង​មួយ ដើម្បី​បញ្ចប់​សង្គ្រាម ខណៈ​លោក ត្រាំ ថា​លោក​កំពុង​ត្រៀម​ជួប​លោក ពូទីន ព្រោះ​មេដឹកនាំ​វិមាន​ក្រឹមឡាំង បាន​បង្ហាញ​ពី​ការ​ត្រៀម​លក្ខណៈ​រួចរាល់ ដើម្បី​ជួប​គ្នា​ជជែក​អំពី​បញ្ហា​អ៊ុយក្រែន។

កាលពី​សប្ដាហ៍​មុន​នេះ ទីប្រឹក្សា​លោក ត្រាំ ម្នាក់​ដែល​ជា​បេសកជន​សម្រាប់​ប្រទេស​អ៊ុយក្រែន និង​រុស្ស៊ី គឺ​លោក Keith Kellogg បាន​បង្ហើប​ថា លោក ត្រាំ ចង់​ជួយ​ធ្វើ​ឱ្យ​សង្គ្រាម​នៅ​អ៊ុយក្រែន អាច​បិទ​បញ្ចប់​ក្នុង​រយៈពេល ១០០​ថ្ងៃ​ដំបូង​ក្នុង​ឆ្នាំ​ទី​១ នៃ​អាណត្តិ ៤​ឆ្នាំ​របស់​លោក។

ប៉ុន្តែ​អតីត​ឧត្ដមសេនីយ៍ឯក​កង​ឆត្រយោង​អាមេរិកាំង​រូប​នេះ​ព្រមាន​ថា បើ​លោក ពូទីន និង​រុស្ស៊ី ក្លាយ​ជា​ឧបសគ្គ​នៃ​ការ​ចរចា គឺជា​ការ​បង្ខំ​ឱ្យ​រដ្ឋការ​លោក ត្រាំ បន្ថែម​ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ី ថែម​ទៀត ហើយ​ក៏​បន្ថែម​ការ​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន ថែម​ទៀត​ដែរ។

ដំណាល​ពេល​ដែល​គេ​មើល​ឃើញ​ថា​លោក ពូទីន កំពុង​រក​លេស​គេច​ពី​ការ​ចរចា ដោយ​សំអាង​ថា​មិន​ចង់​ជួប​លោក ហ្សេឡេនស្គី នឹង​នាំ​ឱ្យ​មាន​ការ​ព្រមាន​ថា​ការ​ចរចា​អាច​នឹង​បរាជ័យ​ពី​អគ្គលេខាធិការ​អង្គការ​ណាតូ (NATO) លោក Mark Rutte។ លោក​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ជា​សមាជិក បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ឱ្យ​លើស​ពី​គោលដៅ ២% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ លោក​បាន​បញ្ជាក់​ថា គោលដៅ​នេះ​ត្រូវ​បាន​កំណត់​តាំងពី ១០​ឆ្នាំ​មុន​រួច​ទៅ​ហើយ។

ការ​អំពាវនាវ​ពី​លោក Mark Rutte បើ​ទោះបីជា​បង្ហាញ​អំពី​ការ​ប្ដេជ្ញាចិត្ត​ក្នុង​សម្ព័ន្ធភាព​ណាតូ ក្នុង​ការ​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ និង​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​រុស្ស៊ី ក៏ដោយ ក៏​លោក​បាន​ជំរុញ​ឱ្យ​ប្រទេស​ជា​សមាជិក​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ ដើម្បី​ធានា​សន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​អឺរ៉ុប និង​អាត្លង់ទិច ជាមួយ​នឹង​បង្កើន​ជំនួយ​យោធា​ថែម​ទៀត​ទៅ​ឱ្យ​អ៊ុយក្រែន។

ដោយឡែក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​ប្រកាស​ថា លោក​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា អ៊ុយក្រែន និង​លោកខាងលិច បាន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​កិច្ចចរចា​រក​សន្តិភាព​នោះ​ទេ ទោះ​ជា​មាន​ការ​និយាយ​កាន់តែ​ខ្លាំង​អំពី​តម្រូវការ​សម្រាប់​កិច្ចចរចា​រក​សន្តិភាព​ក៏ដោយ។

លោក Lavrov បាន​បញ្ជាក់​ថា ការ​ផ្គត់ផ្គង់​អាវុធ និង​ការ​ដាក់​ទណ្ឌកម្ម​ពី​លោកខាងលិច បង្ហាញ​ថា​ពួកគេ​មិន​ចង់​បញ្ចប់​សង្គ្រាម​នៅឡើយ​ទេ។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​ការទូត​រុស្ស៊ី ក៏​បាន​លើកឡើង​ពី​បញ្ហា​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី និង​លោក ហ្សេឡេនស្គី ផ្ទាល់ ពីព្រោះ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី បាន​អស់​ភាព​ស្រប​ច្បាប់ អស់​អាណត្តិ​តាំងពី​ខែ​ឧសភា ទៅ​ហើយ​នោះ។

ប្រទេស​អ៊ុយក្រែន ត្រូវ​ធ្វើ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៤ តែ​ត្រូវ​បាន​សភា​ជាតិ​ប្រទេស​អ៊ុយក្រែន លើក​ពេលវេលា​ទៅ​មុខ​ទៀត ដោយសារតែ​ប្រទេស​ស្ថិត​ក្នុង​សង្គ្រាម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស