នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត សារភាពថាស្ថានភាពគ្រឿងញៀននៅកម្ពុជានៅតែស្ថិតក្នុងសភាពប្រឈមធ្ងន់ធ្ងរនៅឡើយ ព្រោះការជួញដូរ ការប្រើប្រាស់ ការចែកចាយ និងការកែច្នៃ ផលិតគ្រឿងញៀននៅតែបន្តកើតមាននៅកម្ពុជា។
នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន ម៉ាណែត ចេញសេចក្តីប្រកាសផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ រយៈពេល ១ឆ្នាំសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី១២ កុម្ភៈ នេះថា ក្តីបារម្ភរបស់រដ្ឋាភិបាលដែលជាបញ្ហាប្រឈមរ៉ាំរ៉ៃនោះ គឺគ្រឿងញៀនកំពុងបង្កហានិភ័យដល់សហគមន៍នៅមូលដ្ឋានដែលតម្រូវឱ្យមានការដោះស្រាយជាបន្ទាន់។
លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជានៅតែប្រឈមការប្រើប្រាស់ល្បិចកលរបស់ឧក្រិដ្ឋជនដោយការនាំចូលនូវសារធាតុគីមីបម្រើឱ្យវិស័យកសិកម្ម ឧស្សាហកម្ម ដើម្បីបន្លំកែច្នៃផលិតជាសារធាតុញៀនសំយោគ ការផ្លាស់ប្ដូរច្រក និងផ្លូវចរាចរ ការនាំឆ្លងកាត់ និងការកែច្នៃផលិត ជាដើម។
នាយករដ្ឋមន្ត្រីខ្មែររូបនេះបញ្ជាក់ថា ដើម្បីឆ្លើយតបការប្ដេជ្ញាចិត្តថាកម្ពុជាគឺជាប្រទេសគ្មានគ្រឿងញៀន រដ្ឋាភិបាលសម្រេចដាក់ចេញនូវផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់សម្រាប់ឆ្នាំ២០២៥ បន្តទៀត ដើម្បីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងកិត្តិយស និងកិត្យានុភាពរបស់កម្ពុជាទៅថ្ងៃមុខ។
របាយការណ៍រដ្ឋាភិបាលបង្ហាញនៅថ្ងៃទី១២ កុម្ភៈ នេះថា ក្រោមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឆ្នាំ២០២៤ កន្លងទៅ សមត្ថកិច្ចបានបិទទីតាំងអាជីវកម្មជិត ៥០កន្លែង (៤៨កន្លែង) និងឃាត់ខ្លួនជនសង្ស័យជាច្រើនម៉ឺននាក់ រួមទាំងចាប់យកគ្រឿងញៀនបានជាង ៤២តោន (៤២៨៤៨គីឡូក្រាម) និងសារធាតុគីមីជិត ៦០០តោន (៥៩៦៣៩៩គីឡូក្រាម) និងរឹបអូសបាននូវវត្ថុតាងជាច្រើនទៀតផងដែរ។
ជាងនេះទៀត សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញ និងបង្ក្រាបបទល្មើសគ្រឿងញៀនដែលមានអង្គការចាត់តាំងជាង ៦០០ករណី (៦២៧ករណី) ព្រមទាំងឃាត់ខ្លួនឧក្រិដ្ឋជនដែលជាមេខ្លោងបានចំនួនជិត ២០០នាក់ (១៩៥នាក់) ថែមទៀត។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ធ្លាប់បានត្អូញត្អែរថា កន្លងមក កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងផលិតគ្រឿងញៀនយកទៅប្រទេសក្រៅផង និងជាកន្លែងចរាចរសម្រាប់ឆ្លងកាត់ទៅប្រទេសទី៣ ផងដែរ។
បញ្ហាគ្រឿងញៀននៅប្រទេសកម្ពុជាសព្វថ្ងៃនេះ ត្រូវគេមើលឃើញថាកំពុងក្លាយជាវិបត្តិមួយដ៏ធ្ងន់ធ្ងរ ដែលយុទ្ធនាការរបស់រដ្ឋាភិបាលលុបបំបាត់មិនបានឡើយ ព្រោះការផលិត និងចែកចាយគ្រឿងញៀនខុសច្បាប់ទាំងនោះ ត្រូវគេដឹងថាសុទ្ធតែមានមន្ត្រីក្នុងជួររដ្ឋាភិបាលគ្រាក់ៗនៅពីក្រោយខ្នង ខណៈក្រុមគ្រួសារត្រកូលហ៊ុនក៏ត្រូវបានរកឃើញថាពាក់ព័ន្ធក្នុងអំពើខុសច្បាប់នេះដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

