ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជំរុញឱ្យរាជរដ្ឋាភិបាលខ្មែរប្តឹងថៃ លើករណីវិវាទប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី រួមទាំងបញ្ហាកោះគុតទៅតុលាការអន្តរជាតិ ដូចករណីប្រាសាទព្រះវិហារ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ កុម្ភៈ នេះថា ប្រាសាទតាមាន់ធំ ត្រូវបានឈ្លានពានដោយភាគីថៃ តាំងពីអំឡុងឆ្នាំ២០០៨ មក ប៉ុន្តែសព្វថ្ងៃនេះ ភាគីថៃ បានដាក់ទាហានមកយាមរួមគ្នាជាមួយភាគីខ្មែរទៅវិញ ក្នុងនោះគឺមានទាហានខ្មែរ ៧នាក់ និងទាហានថៃ ៧នាក់។
លោកបន្តថា ចំណែកឯប្រាសាទតាក្របី ក៏ប្រទេសទាំងពីរបានដាក់ទាហានយាមរួមគ្នាដែរ គឺមានទាហានខ្មែរ ២នាក់ និងទាហានថៃ ២នាក់ ខណៈប្រាសាទតាមាន់តូច ត្រូវបានថៃ គ្រប់គ្រងទាំងស្រុងទៅហើយនៅពេលនេះ។
លោក ម៉ែន ណាត លើកឡើងថា សព្វថ្ងៃនេះ ថៃមិនត្រឹមតែគ្រប់គ្រងកោះគុតរបស់ខ្មែរទេ ថៃថែមទាំងគ្រប់គ្រងប្រាសាទខ្មែរចំនួន ៣ទៀត។ ហេតុនេះ រាជរដ្ឋាភិបាលត្រូវតែប្តឹងថៃ ទៅតុលាការអន្តរជាតិទីក្រុងឡាអេ ដើម្បីស្វែងរកយុត្តិធម៌លើការរំលោភបំពានអធិបតេយ្យជាតិរបស់ខ្លួន។
លោក ម៉ែន ណាត គូសបញ្ជាក់ថា យោងតាមផែនទីបារាំង ដែលភ្ជាប់នឹងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ បង្ហាញថា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ស្ថិតក្នុងទឹកដីប្រទេសកម្ពុជាផ្ដាច់មុខ មិនពាក់ព័ន្ធនឹងប្រទេសថៃ ឡើយ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ មានការប៉ះទង្គិចគ្នាមួយបានកើតឡើងរវាងប្រជាពលរដ្ឋខ្មែរជាមួយទាហានថៃ ដែលឈរជើងយាមកាមនៅប្រាសាទតាមាន់ធំ បន្ទាប់ពីពលរដ្ឋខ្មែរនាំគ្នាច្រៀងចម្រៀងជាតិបទ «ដែនដីខ្មែរប្រែថាសុវណ្ណភូមិ» នៅទីនោះ ព្រោះទាហានថៃ បានហាមឃាត់មិនឱ្យពលរដ្ឋខ្មែរបន្តច្រៀងចម្រៀងនេះទៀតដាច់ខាត។
ក្រោយការប៉ះទង្គិចគ្នានេះភ្លាមៗ លោកឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ នៃយោធភូមិភាគ៤ ព្រមានទៅកាន់ទាហានថៃ វិញថា បើមានពលរដ្ឋថៃ មកតំបន់នេះក៏ត្រូវឱ្យមានការច្រៀងចម្រៀងជាតិគេដែរ។ លោកប្រាប់កងទ័ពខ្មែរថា កម្ពុជាមិនខ្លាចទេ បើគេបាញ់ ខ្មែរនឹងបាញ់វិញ។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងកម្មវិធីចែកសញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅថ្ងៃទី១៩ ខែកុម្ភៈ នេះថា ទាំងអ្នកនយោបាយកម្ពុជា និងអ្នកនយោបាយថៃ កុំយករឿងនយោបាយទៅលូកលាន់កិច្ចការបច្ចេកទេសឱ្យសោះ ព្រោះរឿងព្រំដែនដែលមិនទាន់ឯកភាពគ្នា គឺមិនទាន់យកជាការណ៍នៅឡើយទេ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងការការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដែរ បើសិនជាប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធឈ្លានពានកម្ពុជានោះ។
ប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលត្រូវបានកសាងឡើងតាមរចនាបថបាយ័នដោយព្រះបាទ ឧទ័យាទិត្យវរ្ម័នទី២ សោយរាជ្យពីឆ្នាំ១០៥០-១០៦៦ ហើយសាងសង់បង្ហើយដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងសតវត្សទី១១។
តាមការពណ៌នាក្នុង Wikipedia ព្រះបាទ ឧទ័យាទិត្យវរ្ម័នទី២ ក៏បានស្ថាបនាប្រាសាទបាពួន ឧទ្ទិសដល់ព្រះសិវៈ ឬព្រះឥសូរ ហើយនិងប្រាសាទស្តុកកក់ធំ នៅជាប់ព្រំដែនថៃ ក្នុងស្រុកអារញ្ញ។
សូមបញ្ជាក់ថា៖ ការបកស្រាយពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាអ្នកនយោបាយខ្មែរ និងអ្នកនយោបាយថៃ កុំយករឿងនយោបាយទៅលូកលាន់នឹងរឿងបច្ចេកទេសនោះ ជាការបកស្រាយមិនសមរម្យទេ ពីព្រោះថាប្រាសាទនោះស្ថិតនៅក្នុងទឹកដីប្រទេសទាំងពីរ។ ហេតុនេះហើយបានជាទាំងសងខាងដាក់ទាហានយាមការពាររៀងខ្លួន។
ដើមហេតុដែលនាំរឿងដល់ការប៉ះពាក្យសម្ដីគ្នារវាងទាហានខ្មែរ និងទាហានថៃ ហើយសឹងតែប៉ះទង្គិចគ្នាដោយអាវុធនោះ គឺមកពីមានការរៀបចំឲ្យមនុស្សមួយក្រុមទៅលេងប្រាសាទ ហើយសម្ដែងស្មារតីស្នេហាជាតិ មនសិការជាតិនិយម ស្រណោះអាឡោះអាល័យប្រាសាទបុរាណខ្មែរ ដោយច្រៀងចម្រៀងស្នេហាជាតិ។ មេទ័ពខ្មែរក៏បោះសម្ដីថ្លោសៗដាក់គេយ៉ាងអង់អាចក្លាហានដែរ មិនដឹងជាអាងអ្វី។ តាមរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ភូមិធម៌ វេជយជ័យ (Phumtham Wechayachai) គេថាទេសចរខ្មែរដើរចូលទៅខាងបរិវេណដីគេ បានជាគេហាម មកតែពីតំបន់នោះមិនទាន់បានកំណត់ជាផ្លូវការថាជារបស់អ្នកណាពិតប្រាកដនោះឯង។
ម្យ៉ាងវិញទៀត បើមានការប្រយុទ្ធគ្នា ព្រំដែននឹងបិទ ពលករខ្មែរលែងបានឆ្លងទៅធ្វើការនៅស្រុកថៃ ជំនួញរវាងប្រទេសទាំងពីរក៏ផ្អាក។ នេះមិនទាំងគិតអំពីរឿងដែលថា ថៃអាចនឹងបញ្ជូនពលករខ្មែរជាង ២លាននាក់ទៅស្រុកខ្មែរវិញផង។
ជំនួញនាំចេញ-នាំចូលឆ្លងកាត់ព្រំដែនក្នុងឆ្នាំ២០២៤៖ ប្រទេសកម្ពុជានាំចូលពីប្រទេសថៃឡង់ដ៍ មានទឹកប្រាក់ជាង ៣ពាន់លានដុល្លារ រីឯនាំទំនិញចេញទៅប្រទេសថៃ មានទឹកប្រាក់ស្មើនឹងជិត ៦៥០លានដុល្លារ។
ក្រោយពីមានការរកាំរកូសរវាងទាហានខ្មែរ និងទាហានថៃ ឧបនាយករដ្ឋមន្ត្រី ស សុខា ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទៅបំពេញទស្សនកិច្ចពីរថ្ងៃនៅប្រទេសយៀកណាម ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ តាមការអញ្ជើញពីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ឧត្ដមសេនីយ៍ឯក លឿង តាំគ្វាង។ ក្នុងជំនួបនៅក្រុងហាណូយ ជាមួយនាយករដ្ឋមន្ត្រី ផាម មិញជីញ ភាគីយៀកណាម បានរំឭកឲ្យលោក ស សុខា ពន្លឿនការផ្តល់សញ្ជាតិឲ្យជនជាតិយៀកណាម ដែលកំពុងរស់នៅប្រទេសកម្ពុជាឲ្យស្របច្បាប់បានឆាប់រហ័ស៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

