28.6 C
Phnom Penh

ហេតុការណ៍​នៅ​ប្រាសាទ​តាមាន់ធំ ឬ​តាមឿនធំ រវាង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ខ្មែរ​ប្តឹង​ថៃ លើ​ករណី​វិវាទ​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី រួម​ទាំង​បញ្ហា​កោះ​គុត​ទៅ​តុលាការ​អន្តរជាតិ ដូច​ករណី​ប្រាសាទ​ព្រះវិហារ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា ប្រាសាទ​តាមាន់ធំ ត្រូវ​បាន​ឈ្លានពាន​ដោយ​ភាគី​ថៃ តាំងពី​អំឡុង​ឆ្នាំ​២០០៨ មក ប៉ុន្តែ​សព្វថ្ងៃ​នេះ ភាគី​ថៃ បាន​ដាក់​ទាហាន​មក​យាម​រួម​គ្នា​ជាមួយ​ភាគី​ខ្មែរ​ទៅវិញ ក្នុង​នោះ​គឺ​មាន​ទាហាន​ខ្មែរ ៧​នាក់ និង​ទាហាន​ថៃ ៧​នាក់។

លោក​បន្ត​ថា ចំណែកឯ​ប្រាសាទ​តាក្របី ក៏​ប្រទេស​ទាំង​ពីរ​បាន​ដាក់​ទាហាន​យាម​រួម​គ្នា​ដែរ គឺ​មាន​ទាហាន​ខ្មែរ ២​នាក់ និង​ទាហាន​ថៃ ២​នាក់ ខណៈ​ប្រាសាទ​តាមាន់តូច ត្រូវ​បាន​ថៃ គ្រប់គ្រង​ទាំងស្រុង​ទៅ​ហើយ​នៅ​ពេលនេះ។

លោក ម៉ែន ណាត លើកឡើង​ថា សព្វថ្ងៃ​នេះ ថៃ​មិន​ត្រឹមតែ​គ្រប់គ្រង​កោះ​គុត​របស់​ខ្មែរ​ទេ ថៃ​ថែមទាំង​គ្រប់គ្រង​ប្រាសាទ​ខ្មែរ​ចំនួន ៣​ទៀត។ ហេតុ​នេះ រាជរដ្ឋាភិបាល​ត្រូវតែ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ដើម្បី​ស្វែងរក​យុត្តិធម៌​លើ​ការ​រំលោភបំពាន​អធិបតេយ្យ​ជាតិ​របស់​ខ្លួន។

លោក ម៉ែន ណាត គូស​បញ្ជាក់​ថា យោង​តាម​ផែនទី​បារាំង ដែល​ភ្ជាប់​នឹង​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ បង្ហាញ​ថា ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី ស្ថិត​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ផ្ដាច់មុខ មិន​ពាក់ព័ន្ធ​នឹង​ប្រទេស​ថៃ ឡើយ។

កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​បាន​កើតឡើង​រវាង​ប្រជាពលរដ្ឋ​ខ្មែរ​ជាមួយ​ទាហាន​ថៃ ដែល​ឈរជើង​យាមកាម​នៅ​ប្រាសាទ​តាមាន់ធំ បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​នាំគ្នា​ច្រៀង​ចម្រៀង​ជាតិ​បទ «ដែនដី​ខ្មែរ​ប្រែ​ថា​សុវណ្ណ​ភូមិ» នៅ​ទីនោះ ព្រោះ​ទាហាន​ថៃ បាន​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ច្រៀង​ចម្រៀង​នេះ​ទៀត​ដាច់ខាត។

ក្រោយ​ការ​ប៉ះទង្គិច​គ្នា​នេះ​ភ្លាមៗ លោក​ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤២ នៃ​យោធភូមិភាគ​៤ ព្រមាន​ទៅ​កាន់​ទាហាន​ថៃ វិញ​ថា បើ​មាន​ពលរដ្ឋ​ថៃ មក​តំបន់​នេះ​ក៏​ត្រូវ​ឱ្យ​មាន​ការ​ច្រៀង​ចម្រៀង​ជាតិ​គេ​ដែរ។ លោក​ប្រាប់​កងទ័ព​ខ្មែរ​ថា កម្ពុជា​មិន​ខ្លាច​ទេ បើ​គេ​បាញ់ ខ្មែរ​នឹង​បាញ់​វិញ។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កម្មវិធី​ចែក​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​អាស៊ី-អឺរ៉ុប នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ នេះ​ថា ទាំង​អ្នក​នយោបាយ​កម្ពុជា និង​អ្នក​នយោបាយ​ថៃ កុំ​យក​រឿង​នយោបាយ​ទៅ​លូកលាន់​កិច្ចការ​បច្ចេកទេស​ឱ្យ​សោះ ព្រោះ​រឿង​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​គ្នា គឺ​មិន​ទាន់​យក​ជា​ការណ៍​នៅឡើយ​ទេ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា កម្ពុជា​ចង់​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ប៉ុន្តែ​កម្ពុជា​ក៏​រក្សា​សិទ្ធិ​នៅ​ក្នុង​ការ​ការពារ​ខ្លួន​គ្រប់​មធ្យោបាយ រួម​ទាំង​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ដែរ បើសិនជា​ប្រទេស​ណា​មួយ​ហ៊ាន​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ឈ្លានពាន​កម្ពុជា​នោះ។

ប្រាសាទ​តាមាន់ធំ មាន​ទីតាំង​ស្ថិត​នៅ​លើ​ជួរភ្នំ​ដងរែក ក្នុង​ភូមិ​តាមាន់សែនជ័យ ឃុំ​គោកមន ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ ដែល​ត្រូវ​បាន​កសាង​ឡើង​តាម​រចនាបថ​បាយ័ន​ដោយ​ព្រះបាទ ឧទ័យាទិត្យវរ្ម័ន​ទី​២ សោយរាជ្យ​ពី​ឆ្នាំ​១០៥០-១០៦៦ ហើយ​សាងសង់​បង្ហើយ​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ក្នុង​សតវត្ស​ទី​១១។

តាម​ការ​ពណ៌នា​ក្នុង Wikipedia ព្រះបាទ ឧទ័យាទិត្យវរ្ម័ន​ទី​២ ក៏​បាន​ស្ថាបនា​ប្រាសាទ​បាពួន ឧទ្ទិស​ដល់​ព្រះសិវៈ ឬ​ព្រះឥសូរ ហើយ​និង​ប្រាសាទ​ស្តុកកក់ធំ នៅ​ជាប់​ព្រំដែន​ថៃ ក្នុង​ស្រុក​អារញ្ញ។

សូម​បញ្ជាក់​ថា៖ ការ​បកស្រាយ​ពី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា​អ្នក​នយោបាយ​ខ្មែរ និង​អ្នក​នយោបាយ​ថៃ កុំ​យក​រឿង​នយោបាយ​ទៅ​លូកលាន់​នឹង​រឿង​បច្ចេកទេស​នោះ ជា​ការ​បកស្រាយ​មិន​សមរម្យ​ទេ ពីព្រោះ​ថា​ប្រាសាទ​នោះ​ស្ថិត​នៅ​ក្នុង​ទឹកដី​ប្រទេស​ទាំង​ពីរ។ ហេតុ​នេះ​ហើយ​បាន​ជា​ទាំង​សងខាង​ដាក់​ទាហាន​យាម​ការពារ​រៀង​ខ្លួន។

ដើមហេតុ​ដែល​នាំ​រឿង​ដល់​ការ​ប៉ះ​ពាក្យសម្ដី​គ្នា​រវាង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ ហើយ​សឹងតែ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នោះ គឺ​មកពី​មាន​ការ​រៀបចំ​ឲ្យ​មនុស្ស​មួយ​ក្រុម​ទៅ​លេង​ប្រាសាទ ហើយ​សម្ដែង​ស្មារតី​ស្នេហា​ជាតិ មនសិការ​ជាតិ​និយម ស្រណោះ​អាឡោះអាល័យ​ប្រាសាទ​បុរាណ​ខ្មែរ ដោយ​ច្រៀង​ចម្រៀង​ស្នេហា​ជាតិ។ មេទ័ព​ខ្មែរ​ក៏​បោះ​សម្ដី​ថ្លោសៗ​ដាក់​គេ​យ៉ាង​អង់អាច​ក្លាហាន​ដែរ មិន​ដឹង​ជា​អាង​អ្វី។ តាម​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ ភូមិធម៌ វេជយជ័យ (Phumtham Wechayachai) គេ​ថា​ទេសចរ​ខ្មែរ​ដើរ​ចូល​ទៅ​ខាង​បរិវេណ​ដី​គេ បាន​ជា​គេ​ហាម មក​តែ​ពី​តំបន់​នោះ​មិន​ទាន់​បាន​កំណត់​ជា​ផ្លូវការ​ថា​ជា​របស់​អ្នក​ណា​ពិតប្រាកដ​នោះ​ឯង។

ម្យ៉ាង​វិញ​ទៀត បើ​មាន​ការ​ប្រយុទ្ធ​គ្នា ព្រំដែន​នឹង​បិទ ពលករ​ខ្មែរ​លែង​បាន​ឆ្លង​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ ជំនួញ​រវាង​ប្រទេស​ទាំង​ពីរ​ក៏​ផ្អាក។ នេះ​មិន​ទាំង​គិត​អំពី​រឿង​ដែល​ថា ថៃ​អាច​នឹង​បញ្ជូន​ពលករ​ខ្មែរ​ជាង ២​លាន​នាក់​ទៅ​ស្រុក​ខ្មែរ​វិញ​ផង។

ជំនួញ​នាំចេញ-នាំចូល​ឆ្លងកាត់​ព្រំដែន​ក្នុង​ឆ្នាំ​២០២៤៖ ប្រទេស​កម្ពុជា​នាំចូល​ពី​ប្រទេស​ថៃឡង់ដ៍ មាន​ទឹកប្រាក់​ជាង ៣​ពាន់​លាន​ដុល្លារ រីឯ​នាំ​ទំនិញ​ចេញ​ទៅ​ប្រទេស​ថៃ មាន​ទឹកប្រាក់​ស្មើ​នឹង​ជិត ៦៥០​លាន​ដុល្លារ។

ក្រោយពី​មាន​ការ​រកាំរកូស​រវាង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ ឧបនាយករដ្ឋមន្ត្រី ស សុខា ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ទៅ​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​ប្រទេស​យៀកណាម ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ តាម​ការ​អញ្ជើញ​ពី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ ឧត្ដមសេនីយ៍ឯក លឿង តាំគ្វាង។ ក្នុង​ជំនួប​នៅ​ក្រុង​ហាណូយ ជាមួយ​នាយករដ្ឋមន្ត្រី ផាម មិញជីញ ភាគី​យៀកណាម បាន​រំឭក​ឲ្យ​លោក ស សុខា ពន្លឿន​ការ​ផ្តល់​សញ្ជាតិ​ឲ្យ​ជនជាតិ​យៀកណាម ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​ឲ្យ​ស្រប​ច្បាប់​បាន​ឆាប់​រហ័ស៕

ពលរដ្ឋ​ខ្មែរ​នាំគ្នា​ច្រៀង​ចម្រៀង​ជាតិ​បទ «ដែនដី​ខ្មែរ​ប្រែ​ថា​សុវណ្ណ​ភូមិ» នៅ​ប្រាសាទ​តាមាន់ធំ នា​ពេល​កន្លង​មក

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស