ចលនាមាតាធម្មជាតិ (Mother Nature) លើកឡើងថា រដ្ឋាភិបាលកម្ពុជាមានមោទនភាពក្នុងការផលិតរ៉ែមាសដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែហេតុអ្វីកម្ពុជានៅតែជាប្រទេសដែលក្រីក្រ និងត្រូវខ្ចីលុយពីបរទេស ២,៦ពាន់លានដុល្លារអាមេរិកបន្ថែមលើបំណុលចាស់ទៀតសម្រាប់ឆ្នាំ២០២៥ នេះ។
ចលនាមាតាធម្មជាតិ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៩ កុម្ភៈ នេះថា មានការសាទរជាច្រើនពីសំណាក់រដ្ឋាភិបាលត្រកូលហ៊ុនទាក់ទងនឹងអណ្ដូងរ៉ែមាសនៅខេត្តមណ្ឌលគិរី ប៉ុន្តែខ្លួនក៏មានសំណួរជាច្រើនដែរដែលចង់សួរទៅក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធផ្សេងទៀតពីការជីកយករ៉ែមាសទាំងនោះ។
ប្រភពដដែលលើកជាសំណួរថា តើរដ្ឋាភិបាលទទួលបានថវិកាសរុបប៉ុន្មានពីការដេញថ្លៃគម្រោងអូរខ្វាវរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ក្នុងអាជីវកម្មរ៉ែមាសនៅក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នោះ? ហើយថាតើការដេញថ្លៃនេះមានតម្លាភាព និងគណនេយ្យភាពដែរឬទេ?
ចលនាមាតាធម្មជាតិ សួរបញ្ជាក់បន្ថែមថា តើរដ្ឋប្រមូលពន្ធបានប៉ុន្មានក្នុង ១ឆ្នាំ ក្រៅតែពីថ្លៃសួយសារចំនួន ១៤,៤លានដុល្លារអាមេរិកពីគម្រោងរ៉ែមាសនេះ? ហើយថាតើថវិកាដែលបានមកពីការដេញថ្លៃគម្រោងការបង់សួយសារ និងពន្ធផ្សេងៗ បានចូលរួមយ៉ាងដូចម្ដេចក្នុងការអភិវឌ្ឍជាតិ និងការដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ?
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សារព័ត៌មានក្នុងស្រុកបានចុះផ្សាយអំពីដំណើរការនៃការជីកយករ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ជាបន្តបន្ទាប់ ទាក់ទងនឹងដំណើរការនៃប្រតិបត្តិការរុករករ៉ែមាស និងដំណើរការនៃការដឹកនាំជញ្ជូនរ៉ែមាសតាមរយៈរថយន្តខ្នាតយក្ស ជាដើម។
ជុំវិញបញ្ហានេះ របាយការណ៍រដ្ឋាភិបាលបង្ហាញថា កម្ពុជាបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសសរុបមានចំនួន ១១ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តចំនួន ៦ រួមមាន៖
- ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត
- ក្រុមហ៊ុន ស៊ីនសាន អ៊ិនដាសស្ទៀល (ខេមបូឌា)
- ក្រុមហ៊ុន ដែលខុម (កម្ពុជា) ភីធីស៊ី អិលធីឌី
- ក្រុមហ៊ុន រង់ ឈីង អ៊ីនដាសស្ទៀល អ៊ិនវេសមេន (ខេមបូឌា) ខូអិលធីឌី
- ក្រុមហ៊ុន សឹង យន្ត គ័ង យិក ខូអិលធីឌី
- ក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបម៉ិន ឯ.ក
- ក្រុមហ៊ុន ភូ យ៉ាង (ខេមបូឌា)
- ក្រុមហ៊ុន ខេមបូឌាន ខេ៨៨ អ៊ុនដាសស្ត្រី ឯ.ក
- ក្រុមហ៊ុន អូរៀនថល វីសដឹម ខនសាល់ធីង សឺវីស (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក
- ក្រុមហ៊ុន មេអូហ្គោល (ខេមបូឌា) អិលធីឌី
- និងក្រុមហ៊ុន ទ្រីផូឌី ប្រស្ទើ ប្រតិបត្តិម៉ាញនីង (ខេមបូឌា)។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមគម្រោងទាំង ១១ នេះ មាន ៧គម្រោងកំពុងធ្វើប្រតិបត្តិការទាញយករ៉ែមាសតាំងឆ្នាំ២០២១ មក និង ៤គម្រោងទៀតស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ ហើយគិតត្រឹមចុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានសួយសាររ៉ែមាសសរុបប្រមាណ ៣០លានដុល្លារអាមេរិកដែលត្រូវបានប្រមូលចូលរដ្ឋ។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២២ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថា ក្នុងមួយសប្ដាហ៍ កម្ពុជាផលិតមាសបានចន្លោះពី ៨០ ទៅ ១០០គីឡូក្រាម និងកាន់តែច្រើនទៅៗ ចំណែកខេត្តមណ្ឌលគិរី អាចផលិតបានដុំមាសបានទម្ងន់ចន្លោះពី ២០គីឡូក្រាមដល់ ៣០គីឡូក្រាម និងជាង ១០គីឡូក្រាម ដែលត្រូវដឹកយកទៅចម្រាញ់ទៅជាមាសទឹក១០ នៅប្រទេសអូស្ត្រាលី។
បើផ្អែកតាមការអះអាងរបស់លោក ហ៊ុន សែន កាលពីឆ្នាំ២០២២ ដែលថាកម្ពុជាអាចផលិតមាសបានចន្លោះពី ៨០ ទៅ ១០០គីឡូក្រាមក្នុង ១សប្តាហ៍ នោះកម្ពុជាទំនងជាអាចផលិតដុំមាសបានប្រមាណជា ១ម៉ឺនគីឡូក្រាម ឬស្មើនឹងប្រមាណជា ១០តោនហើយមកដល់ពេលនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

