សមត្ថកិច្ចបង្ក្រាបទីតាំងប្រតិបត្តិការអនឡាញខុសច្បាប់ពីរកន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយរកឃើញជនបរទេស ២៣០នាក់ពាក់ព័ន្ធ ក្នុងនោះពលរដ្ឋថៃ ច្រើនជាងគេ។
អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤ កុម្ភៈ នេះថា ភ្នាក់ងារសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងចំនួន ២កន្លែងក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីតាមដានអស់រយៈពេលជាង ៣ខែ ហើយជាលទ្ធផល បានរកឃើញជនល្មើសសម្ងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ជាង ២០០នាក់ (២៣០នាក់) ក្នុងនោះក៏មានជនជាតិថៃ ចំនួន ១២៣នាក់ផងដែរ។
នគរបាលជាតិកម្ពុជា បញ្ជាក់ថា អាជ្ញាធរខ្មែរនឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីមានវិធានការបន្ត ក៏ដូចជាសហការដើម្បីកំណត់មុខសញ្ញាមេខ្លោងសំខាន់ដទៃទៀតដើម្បីស្វែងរកការចាប់ខ្លួនជនល្មើសដែលជាមេខ្លោងយកមកអនុវត្តច្បាប់របស់កម្ពុជាឱ្យខាងតែបាន។
សេចក្តីប្រកាសព័ត៌មាននេះធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់ក្នុងតំបន់សព្វថ្ងៃនេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ កុម្ភៈ នេះថា បទល្មើសអនឡាញមានច្រើនទម្រង់ដែលកំពុងធ្វើប្រតិបត្តិការនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ ដូច្នេះការបង្ក្រាបបទល្មើសទាំងនេះមិនទាន់គ្រប់គ្រាន់ទេ គឺត្រូវបោសសម្អាតឱ្យអស់តែម្តង។
លោក សេក សុជាតិ លើកឡើងថា បើអាជ្ញាធរមិនអាចលុបបំបាត់បទល្មើសទាំងនេះបានទេ ឥទ្ធិពលអាក្រក់នឹងជះត្រឡប់មកលើរដ្ឋាភិបាលកម្ពុជាវិញប៉ុណ្ណោះ ហើយអ្នកដែលខាតបង់ក៏ជាកម្ពុជាដែរ ខណៈពលរដ្ឋខ្មែរក៏ត្រូវរងគ្រោះដោយសារអំពើខុសច្បាប់ទាំងនេះថែមទៀត។
ប្រភពដដែលបញ្ជាក់ថា ជនល្មើសដែលត្រូវរកឃើញគួរតែត្រូវបានអនុវត្តច្បាប់ធ្ងន់ធ្ងរបំផុត និងគួរតែត្រូវបានហាមប្រាមមិនឱ្យចូលប្រទេសកម្ពុជាផងដែរ ដើម្បីទុកជាការព្រមានដល់ជនល្មើសដទៃទៀត និងដើម្បីធានាថាកម្ពុជាគ្មានបទល្មើសអនឡាញទៅថ្ងៃមុខ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា កម្ពុជាមិនអាចលុបបំបាត់បទល្មើសអនឡាញបានទេ ព្រោះបទល្មើសទាំងនេះមិនមែនត្រឹមតែឧក្រិដ្ឋជនធម្មតាជាអ្នកប្រព្រឹត្តទេ គឺមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលជាអ្នកនៅពីក្រោយអំពើខុសច្បាប់នេះតែម្តង ខណៈច្បាប់នៅប្រទេសកម្ពុជាក៏មិនដែលអនុវត្តទៅលើពួកគេដែរ។
ជាក់ស្តែង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិសមាជិកព្រឹទ្ធសភាបក្សកាន់អំណាច លោក លី យ៉ុងផាត់ និងអាជីវកម្មរបស់លោកមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការលាងលុយកខ្វក់ ការបង្ខំឲ្យធ្វើពលកម្មដោយខុសច្បាប់ និងការបោកប្រាស់តាមបណ្ដាញអ៊ីនធឺណិត ជាដើម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

