32.5 C
Phnom Penh

Freedom House៖ កម្ពុជា​បន្ត​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​មិន​សេរី ដោយសារ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ឯក​បក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ Freedom House ដែល​ជា​អង្គការ​ឃ្លាំមើល​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ពិភពលោក បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២៤ ដោយ​រក​ឃើញ​ថា កម្ពុជា​បន្ត​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​មិន​សេរី ដោយសារ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ឯក​បក្ស ហើយ​រដ្ឋាភិបាល​បាន​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង បណ្តេញ​សារព័ត៌មាន​ឯករាជ្យ​ក្រោម​ហេតុផល​នយោបាយ។

យោង​តាម​របាយការណ៍​របស់​អង្គការ Freedom House បាន​ចេញ​ផ្សាយ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ដុនដាប គឺ​ទទួល​បាន​ពិន្ទុ ២៣/១០០។ ការ​បន្ត​ផ្តល់​ពិន្ទុ​ដល់​កម្ពុជា​ថា​ជា​ប្រទេស​មិន​សេរី ក៏​ព្រោះតែ​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន អស់​រយៈពេល​ជាង ៣​ទសវត្សរ៍។

របាយការណ៍​ដដែល​បាន​ឱ្យ​ដឹង​ថា កម្រិត​ពិន្ទុ​បាន​បែងចែក​ដូចជា៖

  • ទី​១ សិទ្ធិ​នយោបាយ​ទទួល​បាន​ពិន្ទុ ៤/៤០
  • ទី​២ សេរីភាព​ខាង​សង្គម​ស៊ីវិល​ទទួល​បាន​ពិន្ទុ ១៩/៦០​ពិន្ទុ
  • និង​ទី​៣ សេរីភាព​បណ្ដាញ​អ៊ីនធឺណិត​ទទួល​បាន​ពិន្ទុ ៤៣/១០០។

អង្គការ Freedom House បន្ថែម​ថា ការ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​បរិយាកាស​គាបសង្កត់​យ៉ាង​ធ្ងន់ធ្ងរ និង​ការ​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង។ បន្ទាប់​មក មាន​ការ​បណ្តេញ​សារព័ត៌មាន​ឯករាជ្យ​ចេញពី​ប្រទេស និង​ក្រុម​បាតុករ​ដោយ​មាន​ការ​បំភិត​បំភ័យ រួម​ទាំង​ការ​កាត់ទោស​ក្រោម​ហេតុផល​នយោបាយ និង​ប្រើ​អំពើ​ហិង្សា ជាដើម។

ឆ្លើយតប​ទៅ​នឹង​របាយការណ៍​ខាង​លើ អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា របាយការណ៍​របស់​អង្គការ Freedom House មិន​មាន​អ្វី​ចម្លែក និង​តែង​ធ្វើ​ឡើង​តែ​ដដែលៗ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ។

លោក ប៉ែន បូណា បាន​គូស​បញ្ជាក់​បន្ថែម​ថា កម្ពុជា​គ្មាន​ទេ​សកម្មភាព​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រឆាំង ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន។ លោក​បញ្ជាក់​ថា កម្ពុជា​មាន​តែ​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​ជន​ណា​ដែល​ប្រព្រឹត្ត​សកម្មភាព​ល្មើស​ច្បាប់​ប៉ុណ្ណោះ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​លើកឡើង​ថា របាយការណ៍​របស់​អង្គការ Freedom House មិន​ខុស​គ្នា​ខ្លាំង​ពី​របាយការណ៍​ឆ្នាំ​មុនៗ​នោះ​ទេ ពីព្រោះ​កម្ពុជា​ពុំ​បាន​បើក​សេរីភាព​ទៅ​ដល់​សិទ្ធិ​បញ្ចេញមតិ និង​នៅ​បន្ត​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​អះអាង​ថា រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ក្នុង​ការ​កែ​លម្ហ​ប្រជាធិបតេយ្យ ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅ​មាន​កម្រិត ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ខិតខំ​ថែម​ទៀត​ក្នុង​ការ​ស្ដារ​ឱ្យ​មាន​វឌ្ឍនភាព​នៃ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស។

កាលពី​ឆ្នាំ​២០២៣ អង្គការ Freedom House ក៏​បាន​វាយតម្លៃ​ដែរ​ថា កម្ពុជា​ជា​ប្រទេស​មិន​សេរី ដោយ​ទទួល​បាន ២៤​ពិន្ទុ​លើ ១០០​ពិន្ទុ ដោយសារតែ​ដំណើរការ​មិន​ទៅ​មុខ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​នៅ​ក្នុង​ប្រទេស៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស