35.9 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន អាច​នឹង​មាន​វាសនា​ដូច​អតីត​ប្រធានាធិបតី​ហ្វីលីពីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង ព្រមាន​ថា ចំណាត់ការ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (International Criminal Court, ICC) លើ​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte នៅ​ពេលនេះ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា បើ​អតីត​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន នៅតែ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​លើ​បក្ស​ប្រឆាំង​ទៀត​នោះ វាសនា​របស់​គាត់​នឹង​ដូច​ប្រធានាធិបតី​ហ្វីលីពីន ដែរ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ មីនា នេះ​ថា បើ​លោក ហ៊ុន សែន មិន​ចង់​មាន​វាសនា​ដូច​លោក Rodrigo Duterte គាត់​ត្រូវតែ​ឈប់​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ផ្សេងៗ​លើ​បក្ស​ប្រឆាំង លើ​សកម្មជន​សង្គម សកម្មជន​នយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស​ចាប់ពី​ពេលនេះ​តទៅ ជាពិសេស​ត្រូវ​បញ្ឈប់​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​តែម្តង។

ត្រង់​ចំណុច​នេះ សាលា​ច្បាប់​គេ​បង្រៀន​ថា តុលាការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ទាក់ទង​តែ​បទល្មើស​ឧក្រិដ្ឋ​ខ្លួន​ប្រព្រឹត្ត​នា​ពេល​កន្លង​ទៅ ពោល​គឺ​ពេល​អតីតកាល​ក្នុង​កាល​បញ្ញត្តិ​ជា​ធរមាន​ប៉ុណ្ណោះ ទោះជា​ជនល្មើស​ឈប់​ប្រព្រឹត្ត​នៅ​ពេលនេះ​ក៏ដោយ​ក្តី។

លោក អ៊ុំ សំអាន លើកឡើង​ថា រយៈពេល​ក្តោប​ក្តាប់​អំណាច​ជាង ៤០​ឆ្នាំ​មក​នេះ លោក ហ៊ុន សែន បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ជាច្រើន ដូចជា ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ឈ្លានពាន និង​ឧក្រិដ្ឋកម្ម​បែប​ភេរវកម្ម​រដ្ឋ ឬ​ឧក្រិដ្ឋកម្ម​បែប​បណ្ដាញ ជាដើម ដើម្បី​តែ​ការពារ​អំណាច​ដែល​កំពុង​កាន់កាប់​ផ្ដាច់មុខ​ដោយ​គ្រួសារ​របស់​គាត់​សព្វថ្ងៃ​នេះ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន សែន គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​អំឡុង​ពេល​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ និង​នៅ​ពីក្រោយ​នៃ​ការ​សម្លាប់​មនុស្ស​ល្បីៗ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ជាច្រើន​នាក់​ទៀត ហើយ​ភស្តុតាង​នៃ​អំពើ​ឧក្រិដ្ឋ​ទាំងនោះ សុទ្ធតែ​មាន​នៅ​ក្នុង​ដៃ​របស់​តុលាការ​អន្តរជាតិ​ទាំងអស់។

នៅ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៥ នេះ អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​តាម​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក្រោយ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក Duterte ពី​បទ​សង្ស័យ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ជុំវិញ​ការ​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ពេល​លោក​កាន់​អំណាច​ជា​ប្រធានាធិបតី​របស់​ប្រទេស​ហ្វីលីពីន កាលពី​អំឡុង​ឆ្នាំ​២០១៦ កន្លង​ទៅ។

ក្នុង​អំឡុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី លោក Duterte បាន​ដឹកនាំ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ខុស​ច្បាប់​យ៉ាង​ខ្លាំងក្លា​បំផុត​ដែល​ត្រូវ​គេ​ហៅថា «សង្គ្រាម​ប្រឆាំង​គ្រឿងញៀន» ក្នុង​នោះ លោក Duterte បាន​បញ្ជា​ឲ្យ​មន្ត្រី​ប៉ូលិស​សម្លាប់​ជនសង្ស័យ​គ្រឿងញៀន​ជាង ៦០០០​នាក់​ក្រោម​យុទ្ធនាការ​នេះ​ថែម​ទៀត។

ទោះជា​យ៉ាងណាក៏ដោយ ដីកា​ចាប់​ខ្លួន​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អនុវត្ត​មាន​ប្រសិទ្ធភាព​តែ​ល្គឹកណា​មាន​កិច្ច​សហប្រតិបត្តិការ​ពេញលេញ​ពី​ប្រទេស​ជា​សមាជិក​ប៉ុណ្ណោះ។ បើ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ការពារ​ឪពុក មិន​ចូលរួម​ធ្វើ​សហការ​ជាមួយ ICC នោះ​ការ​ចាប់​ខ្លួន​បញ្ជូន​ទៅ​វិនិច្ឆ័យ​ទោស​នា​ទីក្រុង​ឡាអេ ក៏​នៅតែ​ជា​ការ​លំបាក​ដដែល ពីព្រោះ​អង្គការ​សហប្រជាជាតិ​ពឹង​តែ​លើ​កម្លាំង​មាន​សមត្ថកិច្ច​ប្រទេស​នីមួយៗ​ជួយ​អនុវត្ត​ដីកា​តុលាការ​តែប៉ុណ្ណោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស