គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក និងអង្គការសំឡេងប្រជាធិបតេយ្យ ចេញលិខិតអញ្ជើញរួមគ្នាមួយនៅថ្ងៃពុធនេះ លើកទឹកចិត្តឲ្យពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកចូលរួមឲ្យបានច្រើនកុះករក្នុងពិធីបុណ្យឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ឋលោក លិម គិមយ៉ា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នេះ។
កម្មវិធីបុណ្យគ្រោងធ្វើឡើងនៅវត្តសាមគ្គីរតនារ៉ាម ហៅវត្តចាស់តាកូម៉ា ស្ថិតក្នុងទីក្រុងតាកូម៉ា ក្នុងរដ្ឋវ៉ាស៊ីនតោន ចាប់ពីម៉ោង ៥ល្ងាចដល់ម៉ោង ៩យប់ ហើយបច្ច័យដែលទទួលបានពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ នឹងប្រគល់ជូនទៅឱ្យភរិយារបស់លោក លិម គិមយ៉ា ទាំងអស់សម្រាប់តតាំងក្តីស្វែងរកយុត្តិធម៌ក្នុងអំពើឃាតកម្មនេះ។
គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក និងអង្គការសំឡេងប្រជាធិបតេយ្យ អំពាវនាវឱ្យពលរដ្ឋដែលស្នេហាយុត្តិធម៌ ស្នេហាប្រជាធិបតេយ្យ និងស្អប់របបដឹកនាំផ្ដាច់ការ មេត្តាចូលរួមក្នុងកម្មវិធីបុណ្យនេះឱ្យបានអធិកអធម ដើម្បីរួមចំណែកចូលរួមថវិកាសម្រាប់ស្វែងរកយុត្តិធម៌ឱ្យលោក លិម គិមយ៉ា ក៏ដូចជាការរកយុត្តិធម៌សម្រាប់ជនរងគ្រោះដទៃទៀតដែរ។
ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដែលលោក លិម គិមយ៉ា ត្រូវបានឃាតករបាញ់សម្លាប់ក្នុងទីក្រុងបាងកក ប្រទេសថៃ មក មានរយៈពេល ២ខែ ៥ថ្ងៃហើយ បើគិតមកទល់ថ្ងៃនេះ ប៉ុន្តែយុត្តិធម៌សម្រាប់រូបលោក និងក្រុមគ្រួសារនៅតែងងឹតសូន្យឈឹង ខណៈជនសង្ស័យដែលពាក់ព័ន្ធក្នុងអំពើឃាតកម្មនេះនៅតែមានសេរីភាពរស់នៅក្រៅសំណាញ់ច្បាប់ក្នុងប្រទេសកម្ពុជា ដូចមនុស្សគ្មានទោសដែរ។
ជុំវិញអំពើឃាតកម្មនេះ គេសង្កេតឃើញថារដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ក្នុងការសហការជាមួយអាជ្ញាធរតាមចាប់ខ្លួនជនសង្ស័យឡើយ។ ផ្ទុយទៅវិញ គេសង្ស័យថាអំពើឃាតកម្មនេះមានជាប់ពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ជាពិសេសគឺមន្ត្រីដែលស្និទ្ធនឹងមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន តែម្តង ដូចជាអភិបាលរងក្រុងភ្នំពេញ លោក ឃ្លាំង ហួត ជាដើម។
អស់រយៈពេលជាង ២ខែមកនេះ គេសង្កេតឃើញថា ជនសង្ស័យឈ្មោះ ពេជ្រ គឹមស្រ៊ិន តែងធ្វើដំណើរដោយសេរីធម្មតាក្នុងការប្រមូលថ្លៃភាស៊ីនៅផ្សារកណ្តាល ក្នុងទីក្រុងភ្នំពេញ បើទោះបីជាកាមេរ៉ាសុវត្ថិភាពក្នុងប្រទេសថៃ បានបង្ហាញយ៉ាងច្បាស់ថាជនសង្ស័យរូបនេះជាអ្នកចង្អុលប្រាប់ឃាតករឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា ក៏ដោយ។
ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ លី រតនៈរស្មី ដែលជាប់សង្ស័យជាអ្នកបញ្ជា និងរៀបចំផែនការសម្លាប់លោក លិម គិមយ៉ា ក៏ត្រូវគេរកឃើញថាកំពុងមានអ្នករៀបចំឱ្យលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលយ៉ាងយកចិត្តទុកដាក់ដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

