26.9 C
Phnom Penh

នាយករដ្ឋមន្ត្រី​អង់គ្លេស​ព្រមាន​អំពី​ផលវិបាក​ធ្ងន់ធ្ងរ បើ​លោក ពូទីន រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Keir Starmer ព្រមាន​ថា​មេដឹកនាំ​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹង​បំពាន​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ប្រសិនបើ​អ៊ុយក្រែន មិន​ត្រូវ​បាន​ជួយ​ការពារ​ឲ្យ​រឹងមាំ តែ​លោក​ព្រមាន​ថា ក្រុង​មូស្គូ នឹង​រង​វិបាក​ធ្ងន់ធ្ងរ។

លោក Keir Starmer ព្រមាន​ដូចនេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​នៃ​សាជីវកម្ម​ព័ត៌មាន​អង់គ្លេស BBC ដែល​ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Guardian បាន​ចុះផ្សាយ​បន្ត​នៅ​ថ្ងៃទី​២១ មីនា នេះ។

លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​ណា​មួយ​ស្ដីពី​សន្តិភាព និង​បទ​ឈប់​បាញ់​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ត្រូវតែ​មាន​រយៈពេល​យូរ និង​រឹងមាំ តែ​លោក​ថា​វា​អាស្រ័យ​លើ​ការ​រៀបចំ​សន្តិសុខ​នៅ​នឹង​កន្លែង​ឱ្យ​បាន​រឹងមាំ ដែល​បង្ហាញ​ថា​ប្រទេស​រុស្ស៊ី មិន​អាច​បំពាន​សន្តិភាព​បាន​ឡើយ តែ​បើ​លោក ពូទីន បំពាន គឺ​ក្រុង​មូស្គូ នឹង​រង​ផលវិបាក​ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃទី​២០ មីនា លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស Keir Starmer បាន​បើក​កិច្ចប្រជុំ​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​មកពី ៣១​ប្រទេស។ ក្រោយពី​កិច្ចប្រជុំ​នេះ លោក Keir Starmer បាន​ប្រកាស​ពី​ការ​បញ្ជូន​ទ័ព​អឺរ៉ុប ទៅ​អ៊ុយក្រែន ដែល​លោក​ថា​មិនមែន​ជា​ទ័ព​រក្សា​សន្តិភាព​នោះ​ទេ គឺ​ទ័ព​រក្សា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន គេ​ហៅថា​កម្លាំង​ពហុ​ជាតិ​សម្រាប់​អ៊ុយក្រែន (Multinational Forces for Ukraine) ឬ MFU។

ចក្រភព​អង់គ្លេស និង​បារាំង កំពុង​បង្កើត​ផែនការ​ដាក់​ពង្រាយ​កងទ័ព​ពី ២០០០០​នាក់​ទៅ ៣០០០០​នាក់​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​នា​ពេល​ខាងមុខ បើ​ទោះជា​មិន​មាន​ការ​ចូលរួម​ពី​កងទ័ព​សហរដ្ឋ​អាមេរិក​ក្ដី។

កិច្ចប្រជុំ​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់ ៣១​ប្រទេស បាន​ឈាន​ដល់​ការ​បង្កើត​ក្រុម​ចម្រុះ​ឆន្ទៈ​ដើម្បី​ពង្រឹង​ដែន​សន្តិសុខ​ប្រទេស​អ៊ុយក្រែន ដោយ​ធានា​ថា កិច្ចព្រមព្រៀង​សន្តិភាព​មិន​ត្រូវ​បាន​រំលោភ​ឡើយ។

ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស Keir Starmer បាន​ដាក់​បទបញ្ជា​ទៅ​កាន់​កងទ័ព​អង់គ្លេស​ទាំងឡាយ​ណា​ដែល​ត្រូវ​បំពេញ​តួនាទី​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ក្នុង​ក្របខ័ណ្ឌ​នៃ​កង​រក្សា​សន្តិសុខ​សម្រាប់​ប្រទេស​អ៊ុយក្រែន ឱ្យ​ចូល​បន្ទាយ​ជាបន្ទាន់។

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The Guardian នាយករដ្ឋមន្ត្រី​អង់គ្លេស​រូប​នេះ​បាន​ចេញ​បទបញ្ជា​កាលពី​សប្ដាហ៍​មុន គឺ​មុន​លោក​ត្រូវ​ជួប​មន្ត្រី​ជាន់ខ្ពស់​មកពី​ជាង ៣០​ប្រទេស​នៅ​ថ្ងៃទី​២០ មីនា នេះ។

លោក Keir Starmer បាន​ប្រកាស​ឱ្យ​ទ័ព​អង់គ្លេស​ដែល​បម្រុង​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ក្នុង​ក្របខ័ណ្ឌ​កង​រក្សា​សន្តិសុខ​ត្រូវ​ត្រៀម​លក្ខណៈ​ទាំង​ភស្តុភារ​ផ្សេងៗ​ដែល​ត្រៀម​ដឹក​ទៅ​ប្រទេស​អ៊ុយក្រែន។

លោក Keir Starmer ទំនង​នឹង​ឆាប់​បញ្ជូន​កងទ័ព​អង់គ្លេស ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ឱ្យ​ឆាប់​បំផុត គឺ​ភ្លាមៗ​នៅ​ពេល​អ៊ុយក្រែន និង​រុស្ស៊ី ឈាន​ដល់​ដំណាក់កាល​នៃ​ការ​អនុវត្ត​បទ​ឈប់​បាញ់។

បើ​យោង​តាម​លោក​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​រូប​នេះ ក្រុម​ចម្រុះ​សុឆន្ទៈ​ដែល​ត្រូវ​បញ្ជូន​ទ័ព​រក្សា​សន្តិសុខ​ទៅ​កាន់​អ៊ុយក្រែន នោះ គឺ​ជំហាន​ដំបូង​មាន​ទ័ព​ពី ២​ម៉ឺន​ទៅ ៣​ម៉ឺន​នាក់ ហើយ​អង្គភាព​ទ័ព​ពិសេស​នេះ​ក៏​មាន​ទ័ព​ជើងអាកាស និង​ជើងទឹក​ផង​ដែរ។ ពួកគេ​ត្រូវ​ដាក់​ពង្រាយ​រហូត​ដល់​លម្ហ​សមុទ្រ​ខ្មៅ។

កាលពី​សប្ដាហ៍​មុន ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង បាន​និយាយ​ថា ការ​បញ្ជូន​ទ័ព​អឺរ៉ុប​ដែល​មាន​ទ័ព​បារាំង ផង​ដែរ​ទៅ​អ៊ុយក្រែន បើ​ទោះជា​រុស្ស៊ី ជំទាស់ ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ ព្រោះ​ក្រុង​មូស្គូ គ្មាន​សិទ្ធិ​បង្គាប់​បញ្ជា​លើ​អឺរ៉ុប​ឡើយ។ លោក ម៉ាក្រុង ថា​វា​ជា​សេចក្ដី​សម្រេច​របស់​ប្រទេស​អ៊ុយក្រែន។

ទាំង​លោក ម៉ាក្រុង ប្រធានាធិបតី​បារាំង និង​លោក Keir Starmer នាយករដ្ឋមន្ត្រី​អង់គ្លេស គឺជា​មេគំនិត​នៃ​ការ​បង្កើត​ក្រុម​ចម្រុះ​សុឆន្ទៈ​ដែល​មាន​ជាង ៣០​ប្រទេស ក្នុង​នោះ​មាន​ទាំង​ប្រទេស​អូស្ត្រាលី ញូវហ្សេឡេន និង​ប្រទេស​កាណាដា។ ចំណែក​ប្រទេស​កូរ៉េខាងត្បូង ជប៉ុន ក៏​រំពឹង​ថា​នឹង​ចូលរួម​ផង​ដែរ។ ក្នុង​ក្រុម​ចម្រុះ​នេះ ប្រទេស​ខ្លះ​បើ​ទោះជា​មិន​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន ក៏​ពួកគេ​អាច​បញ្ជូន​ភស្តុភារ​ទៅ​ចូលរួម ដើម្បី​ជួយ​ពង្រឹង​សន្តិសុខ​នៃ​ប្រទេស​អ៊ុយក្រែន បាន​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស