27 C
Phnom Penh

អ្នក​ឃ្លាំមើល​ព្រមាន​ថា ការ​រឹត​បន្តឹង​សេរីភាព​បញ្ចេញមតិ​ពលរដ្ឋ​គឺ​ស្មើ​នឹង​លាក់​ទុក​មេរោគ​បំផ្លាញ​ជាតិ​ឱ្យ​រីក​ធំធាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​ព្រមាន​ថា ការ​រឹត​បន្តឹង​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ គឺ​ស្មើ​នឹង​លាក់​ទុក​មេរោគ​បំផ្លាញ​ជាតិ​ឱ្យ​រីក​ធំធាត់​ក្នុង​សង្គម បន្ទាប់ពី​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ បាន​សម្រេច​តម្កល់​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​ឲ្យ​យុវជន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ​ចំនួន ២​រូប​ជាប់​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​បន្ត​ទៀត។

កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ បាន​បដិសេធ​បណ្តឹង​របស់​អនុប្រធាន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ពីរ​រូប គឺ​កញ្ញា រៀម ស្រីពេជ្ររតនា និង​លោក ធី ថន ដែល​បាន​ប្តឹង​ជំទាស់​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​បន្ត​ឱ្យ​អ្នក​ទាំង​ពីរ​នៅ​ជាប់​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រយៈពេល ៦​ខែ​បន្ថែម​ទៀត​កាលពី​ខែ​កុម្ភៈ កន្លង​ទៅ​នេះ។

កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៤ អនុប្រធាន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ពីរ​រូប គឺ​កញ្ញា រៀម ស្រីពេជ្ររតនា និង​លោក ធី ថន ត្រូវ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​អំឡុង​ពេល​នៃ​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើ​អ្នក​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​បញ្ចេញមតិ ឬ​គ្រោង​នឹង​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA)។ ក្រោយ​ចាប់​ខ្លួន សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​អ្នក​ទាំង​ពីរ​ពី​បទ «រួម​គំនិត​ក្បត់» ដែល​អាច​នឹង​ប្រឈមមុខ​នឹង​ការ​ជាប់​ទោស​ពន្ធនាគារ​រហូត​ដល់ ១០​ឆ្នាំ។

អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា ការ​គាបសង្កត់​សិទ្ធិ​បញ្ចេញមតិ​របស់​សកម្មជន​សង្គម​មិនមែន​ជា​វិធានការ​ល្អ​នាំ​ទៅ​រក​ការ​អភិវឌ្ឍ​ជាតិ​ទេ ហើយ​ការ​ធ្វើ​បែបនេះ​ក៏​មិនមែន​ជា​ការ​ធានា​នូវ​ការ​រក្សា​សន្តិសុខ ឬ​សន្តិភាព​សម្រាប់​កម្ពុជា​ដែរ។ ផ្ទុយទៅវិញ គឺជា​ការ​បង្កើត​ឱ្យ​មាន​ការ​បែកបាក់​ការ​សាមគ្គី​ជាតិ​ប៉ុណ្ណោះ។

លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​អាច​រក្សា​សន្តិភាព​ពិតប្រាកដ​សម្រាប់​កម្ពុជា​ទៅ​បាន លុះត្រាតែ​មនុស្ស​គ្រប់​រូប​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់​ក្រោម​លក្ខខណ្ឌ​ដូច​គ្នា​ទាំងអស់ នោះ​ទើប​ជា​ជំហាន​នាំ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ​ឡើងវិញ ព្រោះ​ថា​នៅ​ពេល​ដែល​ច្បាប់​ត្រូវ​បាន​អនុវត្ត​ដោយ​ត្រឹមត្រូវ ដោយ​ពេញលេញ នោះ​ការ​ខឹង​ស្អប់ ឬ​ការ​មិន​ពេញចិត្ត​ចំពោះ​រដ្ឋាភិបាល​ក៏​លែង​កើត​មាន​ទៀត​ដែរ។

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​ច្បាប់​ត្រូវ​បាន​អនុវត្ត​លើ​មនុស្ស​គ្រប់​រូប​ហើយ​នោះ រដ្ឋាភិបាល​ក៏​រួច​ផុត​ពី​ការ​ចោទប្រកាន់​ពី​ភាព​លម្អៀង​ដែរ ប៉ុន្តែ​បើ​ការ​អនុវត្ត​ច្បាប់​ដែល​ស្ថិត​ក្រោម​ស្តង់ដា​ផ្សេង​គ្នា ឬ​ស្ថិត​ក្រោម​របៀបវារៈ​នយោបាយ​ណា​មួយ​នោះ អ្នក​ដែល​ចាញ់​នៅតែ​មិន​អាច​ទទួលយក​នូវ​សន្តិភាព​របស់​រដ្ឋាភិបាល​បាន​ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស