28 C
Phnom Penh

រុស្ស៊ី​ចង់​បាន​តំណាង អ.ស.ប និង​ប្រទេស​ខ្លះ​ទៀត​ចូលរួម​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែ​មីនា ក្រុម​ចរចា​សហរដ្ឋ​អាមេរិក បាន​ជួប​ចរចា​ជាមួយ​ភាគី​រុស្ស៊ី នៅ​ឯ​ទីក្រុង​រីយ៉ាត ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​ជំនួប​ចុងក្រោយ​ថ្មី​មួយ​ទៀត​ផ្ដោត​អំពី​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន។

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The Moscow Times ការ​ចរចា​បាន​ប្រើ​ពេល​ដល់​ទៅ ១២​ម៉ោង ដោយ​រក​ចំណុច​រួម​បាន​តិចតួច​បំផុត។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ក្រុម​ចរចា​រុស្ស៊ី ចង់​ឲ្យ​មាន​វត្តមាន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ដំណើរការ​ចរចា​នេះ​ដែរ។

លោក Grigori Karassine ប្រធាន​ក្រុម​ចរចា​ភាគី​រុស្ស៊ី បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា ទោះ​ជា​មាន​ភាព​តានតឹង​ក្នុង​ការ​ចរចា​ជាមួយ​ភាគី​អាមេរិក​ក្ដី តែ​ការ​ចរចា​ប្រកប​ដោយ​បរិយាកាស​ល្អ​ច្រើន ដែល​ភាគី​ទាំង​ពីរ​មើល​ឃើញ​អត្ថប្រយោជន៍​ចាំបាច់។

មន្ត្រី​រុស្ស៊ី​រូប​នេះ​បញ្ជាក់​ថា រុស្ស៊ី​មាន​បំណង​ចង់​ឲ្យ​មាន​វត្តមាន​តំណាង​អង្គការ​សហប្រជាជាតិ (អ.ស.ប) និង​ប្រទេស​មួយ​ចំនួន​ទៀត​ចូលរួម​នៅ​ក្នុង​ដំណើរការ​ចរចា​នេះ​ដែរ។

តែ​លោក Grigori Karassine មិន​បាន​ប្រាប់​ថា​ប្រទេស​ណា​ខ្លះ​គួរ​ស្នើ​ឱ្យ​មក​កាន់​តុ​ចរចា​នោះ​ទេ តែ​បើ​តាម​អ្នក​សង្កេតការណ៍ ពុំ​មាន​លទ្ធផល​ជាក់ស្តែង​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ភ្លាមៗ​ទេ ទោះបី​ភាគី​អាមេរិក និង​រុស្ស៊ី បាន​ផ្ដោត​លើ​បទ​ឈប់​បាញ់​នៅ​តំបន់​សមុទ្រ​ខ្មៅ​ក៏ដោយ។

គម្រោង​បទ​ឈប់​បាញ់​លើ​លម្ហ​សមុទ្រ​ខ្មៅ​ដែល​ភាគី​អាមេរិក​បាន​យក​ទៅ​ដាក់​លើ​តុ​ដើម្បី​ជជែក​គ្នា ក៏​មិន​បាន​ឱ្យ​ដឹង​ថា ត្រូវ​គ្នា​យ៉ាងណា​នោះ​ទេ ដែល​ករណី​នេះ​ត្រូវ​ឆ្លង​ការ​យល់ព្រម​ពី​ភាគី​អ៊ុយក្រែន។

អ្នក​សង្កេតការណ៍​បាន​លើកឡើង​ថា សន្តិភាព​មិនមែន​ស្ថិត​ក្នុង​លោក ដូណាល់ ត្រាំ នោះ​ទេ គឺ​ក្នុង​ដៃ​លោក ពូទីន និង​រុស្ស៊ី ព្រោះ​រុស្ស៊ី ជា​អ្នក​បង្ក​សង្គ្រាម​នៅ​អ៊ុយក្រែន។ អ៊ុយក្រែន​បង្ហាញ​ថា ក្រុង​គៀវ សុខចិត្ត​ព្រម​ទទួល​យក​បទ​ឈប់​បាញ់​ទាំងស្រុង​ដោយ​គ្មាន​លក្ខខណ្ឌ តែ​រុស្ស៊ី​ទេ​ដែល​នៅតែ​អូស​បន្លាយ​ពេលវេលា។

តាម The Moscow Times រុស្ស៊ី​នៅតែ​ប្រកាន់​ជំហរ​រឹងមាំ​នូវ​ការ​ទាមទារ​ចាប់​យក​តំបន់​ចំនួន​៤ នៃ​ទឹកដី​អ៊ុយក្រែន ដែល​កំពុង​ធ្លាក់​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី។ តំបន់​ទាំង​៤ នេះ រួម​មាន តំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson។ តំបន់​ទាំង​៤ នេះ ត្រូវ​បាន​សភា​រុស្ស៊ី កាលពី​ចុង​ឆ្នាំ​២០២២ បាន​អនុម័ត​ចាត់ទុក​ជា​ដែនដី​របស់​រុស្ស៊ី។

នៅ​ក្នុង​ការ​ចរចា​ក្នុង​សប្ដាហ៍​នេះ ភាគី​អ៊ុយក្រែន ត្រូវ​ចរចា​នឹង​ភាគី​អាមេរិក​ម្ដង​ទៀត​នៅ​ថ្ងៃទី​២៥ មីនា នេះ ហើយ​ការ​ចរចា​នេះ​ក៏​ធ្វើ​ឡើង​នៅ​នៅ​ទីក្រុង​រីយ៉ាត ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ផង​ដែរ។

នៅ​មុន​ការ​ចរចា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​អះអាង​ថា យន្តការ​នានា​ដែល​កំពុង​ដំណើរការ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​បន្ថែម​ទៀត​នៃ​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន កំពុង​ស្ថិត​ក្នុង​កម្រិត​គ្រប់គ្រង​មួយ​ល្អ។

ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​មួយ​នៅ​លើ​យន្តហោះ Air Force One លោក ត្រាំ បាន​បញ្ជាក់​ថា ការ​ពិភាក្សា​ដោយ​សម​ហេតុផល រួម​ជាមួយ​នឹង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និង​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី គឺជា​កត្តា​សំខាន់​ក្នុង​ការ​ឈាន​ទៅ​រក​ដំណោះស្រាយ​សន្តិភាព​សម្រាប់​សង្គ្រាម​ដែល​កំពុង​បន្ត។

ស្រប​ពេល​ដែល​ការ​ចរចា​កំពុង​ផ្ដោត​លើ​បទ​ឈប់​បាញ់ តែ​នៅ​សមរភូមិ ការ​វាយប្រហារ​ក៏​នៅតែ​បង្ហូរ​ឈាម​អ្នក​ប្រយុទ្ធ​ទាំង​សងខាង ហើយ​កាន់តែ​ខ្លាំង​ថែម​ទៀត។

នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែ​មីនា កងទ័ព​អាកាស​អ៊ុយក្រែន បាន​អះអាង​ថា រុស្ស៊ី​បាន​បាញ់​យន្តហោះ​ដ្រូន​ចំនួន ១៣៩​គ្រឿង ព្រមទាំង​មីស៊ីល​បាលិស្ទីក Iskander ចំនួន ១​គ្រាប់។ ការ​វាយប្រហារ​នេះ​នៅ​វេលា​យប់​ចូល​ដល់​ថ្ងៃទី​២៥ ខែ​មីនា ដោយ​បណ្ដាល​ឱ្យ​មនុស្ស ២​នាក់​រង​របួស ហើយ​ខូចខាត​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅ​លើ​ទឹកដី​អ៊ុយក្រែន នៅ​តំបន់ Poltava, Kharkiv និង​ក្រុង Kyiv។

កងទ័ព​អាកាស​អ៊ុយក្រែន បាន​និយាយ​ថា កងកម្លាំង​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​រុស្ស៊ី ៧៨​គ្រឿង រីឯ ៣៤​គ្រឿង​ទៀត​មិន​បាន​ហោះ​ទៅ​ដល់​គោលដៅ​របស់​ពួកវា​ទេ។

ការ​វាយប្រហារ​របស់​រុស្ស៊ី កើត​មាន​ឡើង​បន្ទាប់ពី​កិច្ចពិភាក្សា​ជាច្រើន​ម៉ោង​កាលពី​ថ្ងៃ​ចន្ទ​រវាង​ក្រុម​មន្ត្រី​រុស្ស៊ី និង​ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក នៅ​ឯ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ស្ដីពី​លទ្ធភាព​បទ​ឈប់​បាញ់​នៅ​តំបន់​សមុទ្រ​ខ្មៅ​ក្នុង​សង្គ្រាម​រុស្ស៊ី ជាមួយ​អ៊ុយក្រែន។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី អះអាង​ទៀត​ថា កាលពី​ថ្ងៃ​ចន្ទ ទ័ព​មីស៊ីល​របស់​រុស្ស៊ី បាន​កម្ទេច​ដ្រូន​អ៊ុយក្រែន​ជាច្រើន​គ្រឿង​ដែល​ហោះ​វាយ​លើ​ទីតាំង​ប្រេង​របស់​រុស្ស៊ី ក្នុង​តំបន់ Krasnodar ភាគ​ខាងត្បូង​នៃ​តំបន់​គ្រីមៀ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស