គណបក្សកម្លាំងជាតិ ប្រកាសប្រារព្ធពិធីសមាជវិសាមញ្ញនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះនៅទីស្នាក់ការគណបក្សខេត្ត ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានសមាជិកចូលរួមប្រមាណ ៥០០នាក់។
គណបក្សកម្លាំងជាតិ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពីការប្រារព្ធពិធីសមាជវិសាមញ្ញរបស់ខ្លួន បន្ទាប់ពីគណបក្សបានជូនដំណឹងដល់ក្រសួងមហាផ្ទៃ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
គណបក្សកម្លាំងជាតិ បានដាក់លិខិតមួយច្បាប់ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ទៅក្រសួងមហាផ្ទៃ ស្ដីពីការជូនដំណឹងអំពីប្រារព្ធពិធីសមាជវិសាមញ្ញរបស់ខ្លួនដែលគ្រោងនឹងប្រមូលអ្នកគាំទ្រចូលរួមប្រមាណ ៥០០នាក់ ស្ថិតនៅទីស្នាក់ការរបស់ខ្លួនក្នុងខេត្តសៀមរាប។
យ៉ាងណាក៏ដោយ គណបក្សកម្លាំងជាតិ មិនទាន់បញ្ជាក់ពីគោលបំណងពិតប្រាកដនៃការប្រារព្ធពិធីសមាជវិសាមញ្ញរបស់ខ្លួនដែលគ្រោងនឹងធ្វើនៅដើមខែក្រោយនេះនៅឡើយទេ ទាំងក្នុងលិខិតជូនដំណឹងទៅក្រសួងមហាផ្ទៃ និងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២៦ មីនា នេះ។
ចាប់តាំងពីត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃជាផ្លូវការមក គណបក្សកម្លាំងជាតិ បានប្រារព្ធពិធីសមាជលើកដំបូងរបស់ខ្លួននៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីន និងលក្ខខណ្ឌផ្សេងៗរបស់គណបក្ស ដូចជា ការជ្រើសរើសប្រធាន អនុប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការវិន័យ ព្រមទាំងគណៈកម្មាធិការនាយក ជាដើម។
រហូតដល់ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤ គណបក្សនេះបានប្រកាសប្រារព្ធពិធីសមាជវិសាមញ្ញម្តងទៀត ដើម្បីជ្រើសរើសប្រធានបក្សថ្មី បន្ទាប់ពីមេដឹកនាំបក្សនេះ គឺលោក ស៊ុន ចន្ធី ត្រូវបានឃុំខ្លួន និងផ្ដន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំពីបទ «ញុះញង់» រួមទាំងដកសិទ្ធិធ្វើនយោបាយអស់មួយជីវិតកាលពីដើមខែឧសភា ឆ្នាំ២០២៤ កន្លងទៅនោះ។
គណបក្សកម្លាំងជាតិ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីប្រធានគណបក្សនេះបានដាក់ពាក្យស្នើសុំបង្កើតគណបក្សនយោបាយទៅក្រសួងមហាផ្ទៃ កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

