សេចក្តីស្លាប់កើតលើមនុស្ស សត្វ រុក្ខជាតិឥតរើសមុខ បង្កជាទុក្ខគ្រប់គ្នា គ្រាន់តែមុន ឬក្រោយ។ ពុទ្ធសាសនិកខ្មែរបានដឹងបានឮលោកសង្ឃសម្ដែងធម្មទេសនាគ្រប់ទីកន្លែង តាមវត្ត តាមរោងបុណ្យ ឬតាមផ្ទះ អំពីព្រះពុទ្ធដីកា គឺ៖ រូបំ អនិច្ចំ ទុក្ខំ អនត្តា។
ហេតុនេះ ព្រះភគវ័ត ឬព្រះសម្មាសម្ពុទ្ធ អប់រំមនុស្សឲ្យសាង សន្សំ បុណ្យកុសលដែលនាំឲ្យមានបារមី ហើយបារមីទីមួយក្នុងបារមីទាំងដប់ ហៅថា ទសបារមី គឺការបរិច្ចាគ ទាន មិនរិះថាំ កើបក្តាប់ទុកឥតចែករំលែកអ្នកដទៃ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កំពុងជួបប្រទះសេចក្តីទុក្ខ ដោយបងប្រុសបង្កើត គឺលោក ហ៊ុន សាន បានទទួលមរណភាពដោយសារជំងឺនៅយប់ថ្ងៃសុក្រ ទី២៨ មីនា នេះ ខណៈលោក ហ៊ុន សែន អះអាងថាលោក និងក្រុមគ្រួសារបានខិតខំអស់លទ្ធភាពហើយដើម្បីព្យាបាលបងប្រុស។
លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៨ មីនា នេះថា ទោះបីលោកជាប្អូនក៏ពិតមែន តែលោកគឺជាមេគ្រួសារមួយនេះ ដូច្នេះទោះបីជាលោកមិនចង់ទទួលការពិតក៏ដោយ ក៏ត្រូវតែទទួលយកដែរ ព្រោះការកើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិដែលមិនអាចនរណាម្នាក់ចៀសវាងបានឡើយ។
លោក ហ៊ុន សែន រៀបរាប់ថា ១២ឆ្នាំមុន គឺនៅឆ្នាំ២០១៣ ភរិយារបស់លោក ហ៊ុន សាន បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់លោកក៏មិនបានដឹងរហូតទាល់តែគាត់ទទួលមរណភាព ព្រោះឪពុកលោកនៅពេលនោះក៏កំពុងឈឺធ្ងន់ដែរ។
លោកបន្តថា ចំណែកពេលនេះពេលបងប្រុសទីមួយរបស់លោក បានទទួលមរណភាព ខណៈភរិយារបស់លោកដែលជាប្អូនថ្លៃមិនអាចមកទាន់ដង្ហើមចុងក្រោយរបស់គាត់ទៅវិញ។
កាលពីថ្ងៃទី២៥ ខែមីនា លោក ហ៊ុន សែន រៀបរាប់ថា លោកកំពុងជួបទុក្ខធំក្នុងគ្រួសារ ត្បិតភរិយារបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី កំពុងឆ្លងកាត់ដំណាក់កាលវះកាត់នៅមន្ទីរពេទ្យ ស្របពេលដែលលោក ហ៊ុន សាន ដែលជាបងប្រុសបង្កើតរបស់លោក ក៏ប្រឈមនឹងលាចាកលោកនេះដែរ។
ជុំវិញបញ្ហានេះ លើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានបង្ហោះបទចម្រៀងដែលរៀបរាប់ពីទុក្ខសោករបស់លោកជាច្រើនបទ ដូចជា បទ «អនិច្ចាសង្ខាររៀមច្បងខ្ញុំ» បទ «បងប្រុសដូចឪពុក» បទ «បេះប្អូនប្រុស បេះដូងស្វាមី» និងបទ «អម្រែកទុក្ខពីរនៃខ្ញុំក្នុងពេលតែមួយ» ជាដើម។
យ៉ាងណាក៏ដោយ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៦ មីនា នេះថា នៅពេលដែលក្រុមគ្រួសារណាមួយមានសមាជិកមានជំងឺ ឬទទួលមរណភាព មេគ្រួសារ រួមទាំងសមាជិកគ្រួសារទាំងអស់ ប្រាកដជាមានទុក្ខសោកចៀសមិនផុតឡើយ។
លោក ម៉ែន ណាត លើកឡើងថា ទុក្ខសោកដែលកើតលើគ្រួសារលោក ហ៊ុន សែន នៅពេលនេះ គឺជាទុក្ខសោកទូទៅដែលមនុស្សគ្រប់រូបត្រូវតែជួប ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺនៅត្រង់ថា ពេលគ្រួសារលោក ហ៊ុន សែន មានទុក្ខ គាត់អាចហៅពេទ្យមួយប្រទេសទៅព្យាបាលសមាជិកគ្រួសាររបស់គាត់ពេលណាក៏បាន។ ជាងនេះទៀត គាត់ចង់បញ្ជូនសមាជិកគ្រួសាររបស់គាត់ទៅព្យាបាលនៅប្រទេសណា ក៏គ្មានបញ្ហា ហើយបើគាត់ចង់ហៅកងកម្លាំងមួយប្រទេសទៅការពារសន្តិសុខឱ្យគ្រួសាររបស់គាត់ ក៏គាត់អាចធ្វើបានដែរ ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រោមការដឹកនាំរបស់គាត់ភាគច្រើន ពេលខ្លះពេទ្យមិនទទួលព្យាបាលជំងឺពួកគេផង ដោយសារតែអ្នកទាំងនោះជាជនក្រីក្រគ្មានលុយសម្រាប់បង់ថ្លៃព្យាបាល ជាដើម។
អ្នកឃ្លាំមើលសង្គមរូបនេះដាស់តឿនលោក ហ៊ុន សែន ថា បើគាត់យល់ថារឿងដែលគាត់កំពុងជួបក្នុងពេលនេះជាទុក្ខសោកសម្រាប់ក្រុមគ្រួសាររបស់គាត់ ដូច្នេះគាត់គួរតែដឹងថា ពលរដ្ឋខ្មែរដែលប្រាសព្រាត់ពីគ្រួសារ ដូចជា អ្នកខ្លះរត់ទៅរស់នៅក្រៅប្រទេស អ្នកខ្លះជាប់គុក និងអ្នកខ្លះស្លាប់បាត់បង់ជីវិតដោយសារការដឹកនាំរបស់គាត់នោះ គឺមានសភាពធំធេងទ្វេដងជាងគ្រួសាររបស់គាត់ដែលជួបទុក្ខក្នុងពេលនេះទៅទៀត។
ជាក់ស្តែង ដូចជា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះនៅពេលនេះ សូម្បីតែឱកាសទៅសួរសុខទុក្ខម្តាយឈឺនៅមន្ទីរពេទ្យក៏ត្រូវបានហាមឃាត់ដែរ ចំណែកក្រុមគ្រួសាររបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលកំពុងជាប់ពន្ធនាគារនៅពេលនេះ មានទុក្ខសោកលើសលោក ហ៊ុន សែន ទៅទៀត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

