31.7 C
Phnom Penh

ចារកម្ម​កូរ៉េខាងត្បូង​រក​ឃើញ​ថា​កូរ៉េខាងជើង​បន្ថែម​កងទ័ព​ជាង ៣០០០​នាក់​និង​អាវុធ​ទៅ​កាន់​ប្រទេស​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយកដ្ឋាន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នៃ​ប្រទេស​កូរ៉េខាងត្បូង បាន​ឱ្យ​ដឹង​ថា កូរ៉េខាងជើង​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​បន្ថែម​ជាង ៣០០០​នាក់​ទៀត រួម​នឹង​គ្រាប់​មីស៊ីល និង​កាំភ្លើង​ធំ​ទៅ​កាន់​ប្រទេស​រុស្ស៊ី។

នេះ​បើ​តាម​ការ​ផ្សាយ​ដោយ​សារព័ត៌មាន​អាមេរិក UPI នៅ​ថ្ងៃទី​២៧ មីនា នេះ។ រុស្ស៊ី និង​កូរ៉េខាងជើង បាន​ពង្រឹង​ទំនាក់ទំនង​នឹង​គ្នា​កាន់តែ​ជិតស្និទ្ធ ជាពិសេស​លើ​វិស័យ​ការពារ​ជាតិ ចាប់តាំងពី​រុស្ស៊ី បើក​ការ​ឈ្លានពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២។

ទាំង​រុស្ស៊ី ទាំង​កូរ៉េខាងជើង មិន​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ការ​ដាក់​ពង្រាយ​កងទ័ព ឬ​ការ​ផ្គត់ផ្គង់​អាវុធ​នោះ​ទេ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​យោធា​ជាមួយ​គ្នា​កាលពី​ឆ្នាំ​២០២៤ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅ​កាន់​ក្រុង​ព្យុងយ៉ាង។

តាម​ភ្នាក់ងារ​ចារកម្ម​ប្រទេស​កូរ៉េខាងត្បូង បាន​ឱ្យ​ដឹង​ថា កូរ៉េខាងជើង​បាន​បញ្ជូន​កងទ័ព​ជាង ១១០០០​នាក់ និង​អាវុធ ៦៥០០​កុងតឺន័រ ក្នុង​នោះ​មាន​គ្រាប់កាំភ្លើង​ធំ និង​គ្រាប់​មីស៊ីល​ទៅ​ឱ្យ​រុស្ស៊ី ដែល​អាច​មាន ៥​លាន​គ្រាប់។

អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង ឱ្យ​ដឹង​ថា កូរ៉េខាងជើង​បាន​បញ្ជូន​កងទ័ព​បន្ថែម​ជាង ៣០០០​នាក់​ទៅ​ជួយ​រុស្ស៊ី ក្នុង​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កុម្ភៈ បន្ទាប់ពី​កូរ៉េខាងជើង ដំបូង​ឡើយ​បាន​បញ្ជូន​កងទ័ព​វគ្គ​ដំបូង ១១០០០​នាក់​ទៅ ១២០០០​នាក់​ទៅ​ជួយ​រុស្ស៊ី ក្នុង​នោះ​មាន​ទ័ព ៤០០០​នាក់ ត្រូវ​បាន​ជឿជាក់​ថា​បាន​ស្លាប់ ឬ​រង​របួស។

បេសកជន​ការទូត​កូរ៉េខាងត្បូង​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ឱ្យ​កូរ៉េខាងជើង បញ្ឈប់​ការ​បញ្ជូន​កងទ័ព និង​សព្វាវុធ​ទៅ​ជួយ​ច្បាំង​នឹង​ទ័ព​រុស្ស៊ី។

ឯកអគ្គរដ្ឋទូត Hwang Joon-Kook បាន​និយាយ​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ មីនា នេះ​ថា សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន បាន​ធ្វើ​ឱ្យ​មាន​ការ​ឈឺចាប់​យ៉ាង​ធ្ងន់ធ្ងរ​ដែល​មិន​ត្រឹមតែ​លើ​ប្រជាជន​អ៊ុយក្រែន និង​ទ័ព​រុស្ស៊ី ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​គ្រួសារ​កូរ៉េខាងជើង ផង​ដែរ ព្រោះតែ​ពួកគេ​ទៅ​ស្លាប់​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី។

លោក Hwang បាន​លើកឡើង​ថា តាម​ចម្លើយ​របស់​ទាហាន​កូរ៉េខាងជើង ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កងទ័ព​អ៊ុយក្រែន នៅ​ទីក្រុង Kursk ខាង​ក្នុង​ទឹកដី​រុស្ស៊ី បាន​បង្ហាញ​ថា ពួកគេ​ត្រូវ​បាន​បញ្ឆោត​ដោយ​ទីក្រុង​ព្យុងយ៉ាង ឱ្យ​ជឿ​ថា​ពួកគេ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​មួយ​ក្នុង​ការ​ហ្វឹកហ្វឺន មិនមែន​ដើម្បី​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នោះ​ទេ។

តាម​មន្ត្រី​ទូត​កូរ៉េខាងត្បូង ក្រុម​គ្រួសារ​ទាហាន​កូរ៉េខាងជើង នៅតែ​មិន​ដឹង​ថា​កូនប្រុស​របស់​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ចូលរួម​ក្នុង​សង្គ្រាម​ដ៏​សាហាវ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន នោះ​ទេ រហូត​ដល់​អាជ្ញាធរ​ចេញ​លិខិត​បញ្ជាក់​ពី​មរណភាព​ក្នុង​សមរភូមិ ទើប​ដឹង​ថា​កូន​ពួកគាត់​បាន​ស្លាប់​និង​រង​របួស។

លោក Hwang បាន​និយាយ​ថា ទីក្រុង​ព្យុងយ៉ាង ត្រូវតែ​បញ្ឈប់​ការ​បញ្ជូន​ប្រជាជន​របស់​ខ្លួន​ទៅ​ស្លាប់​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី ដែល​ជា​ថ្នូរ​នឹង​ការ​គាំទ្រ​ផ្នែក​យោធា និង​សេដ្ឋកិច្ច​ពី​ទីក្រុង​មូស្គូ។

បើ​តាម​ការ​វិភាគ​របស់​ក្រុម​ស្រាវជ្រាវ JCS នៅ​សិង្ហបុរី វត្តមាន​ទ័ព​កូរ៉េខាងជើង នៅ​រុស្ស៊ី កើត​ឡើង​ចំ​ពេល​មាន​ការ​ព្រួយបារម្ភ​ថា កិច្ចសហប្រតិបត្តិការ​យោធា​ដែល​កំពុង​កើន​ឡើង​ជាមួយ​ក្រុង​មូស្គូ បាន​នាំ​ឱ្យ​ក្រុង​ព្យុងយ៉ាង កាន់តែ​បង្កើន​ការ​ផ្គត់ផ្គង់​អាវុធ និង​កងទ័ព​ដែល​ក្រុង​ព្យុងយ៉ាង បាន​ត្រឡប់​មក​វិញ គឺ​ជំនួយ​បច្ចេកទេស​កម្រិត​ខ្ពស់​សម្រាប់​កម្មវិធី​អាវុធ​របស់​ទីក្រុង​ព្យុងយ៉ាង។

របាយការណ៍​របស់​ក្រុម JCS បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​រុស្ស៊ី កំពុង​ជួយ​កូរ៉េខាងជើង ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បច្ចេកទេស​ក្នុង​ការ​រៀបចំ​បាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​យោធា​មួយ​ផ្សេង​ទៀត​នៅ​ពេល​ខាងមុខ​នេះ។

ក្រុម​ប្រទេស​នៅ​អឺរ៉ុប បាន​លើកឡើង​ថា វត្តមាន​ទ័ព​កូរ៉េខាងជើង ដែល​ត្រូវ​បញ្ជូន​ជួយ​ច្បាំង​នឹង​កងទ័ព​រុស្ស៊ី បាន​កំពុង​នាំ​ឱ្យ​រុស្ស៊ី នៅ​បន្ត​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន បើ​ទោះជា​គេ​មើល​ឃើញ​ការ​ចរចា​ដែល​សម្របសម្រួល​ដោយ​សហរដ្ឋ​អាមេរិក​កំពុង​បោះ​ជំហាន​ទៅ​មុខ​ក៏ដោយ។

រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ប៉ូឡូញ Radosław Sikorski បាន​និយាយ​ថា ដោយសារតែ​វត្តមាន​ទ័ព​កូរ៉េខាងជើង និង​អាវុធ​របស់​ប្រទេស​នេះ ចេះ​តែ​ហូរ​ចូល​ទឹកដី​រុស្ស៊ី នេះ​ហើយ ដែល​នាំ​ឱ្យ​ប្រទេស​នៅ​អឺរ៉ុប​ជា​សម្ព័ន្ធភាព​នឹង​អ៊ុយក្រែន ចង់​បញ្ជូន​ទ័ព និង​បន្ថែម​អាវុធ​ទៅ​អ៊ុយក្រែន ថែម​ទៀត។

តាម​លោក Radosław Sikorski រុស្ស៊ី​គ្មាន​សិទ្ធិ​តវ៉ា​ចំពោះ​អឺរ៉ុប​ដែល​ត្រូវ​បន្ត​ជួយ​ប្រទេស​អ៊ុយក្រែន នោះ​ទេ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស