31.7 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា​អ្នក​ដែល​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​បំពុល​សង្គម គឺជា​រដ្ឋាភិបាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា អ្នក​ដែល​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ភូត​កុហក​ពលរដ្ឋ និង​បំពុល​សង្គម​ខ្មែរ​សព្វថ្ងៃ​នេះ គ្មាន​អ្នក​ណា​អាច​ធ្វើ​បាន​ក្រៅពី​រដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន​ឡើយ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ មេសា នេះ​ថា ការ​ផ្សព្វផ្សាយ​ពី​បញ្ហា​នានា​ពី​សំណាក់​ពលរដ្ឋ​លើ​បណ្ដាញ​សង្គម បាន​កើត​មាន​នៅ​គ្រប់​ទីកន្លែង ដូច្នេះ ការ​លើកឡើង​ពី​បញ្ហា និង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​រងគ្រោះ មិនមែន​ដើម្បី​ញុះញង់​ឱ្យ​ពលរដ្ឋ​ស្អប់​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ដែល​កំពុង​មាន​បញ្ហា​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា អ្នក​ដែល​គេចវេះ​មិន​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដោយ​យក​លេស​ចោទ​ក្រុម​ប្រឆាំង​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ទៅវិញ​ទេ ជា​អ្នក​ដែល​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​នោះ ព្រោះ​ពួកគេ​មាន​បំណង​លាក់បាំង​អំពើ​ទុច្ចរិត​របស់​ខ្លួន។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​អនុវត្ត​យុទ្ធនាការ «និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ» កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៥ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា លើកឡើង​ថា ក្រុម​ជន​អគតិ​មួយ​ចំនួន​ដែល​នៅ​ក្រៅ​ប្រទេស កំពុង​នាំគ្នា​បង្កើត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ញុះញង់ និង​បញ្ឆេះ​កំហឹង​ឲ្យ​ពលរដ្ឋ​ស្អប់ខ្ពើម​ជាតិ​សាសន៍​ខ្លួនឯង និង​រដ្ឋាភិបាល​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រូប​នេះ​បញ្ជាក់​ថា អ្វី​ដែល​ជា​ចរិត​ពិតប្រាកដ​នៃ​ការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រុម​ប្រឆាំង​ទាំងនោះ គឺ​ពួកគេ​ចង់​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ឱ្យ​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​កាលពី​ចុង​ឆ្នាំ​២០២៤ កន្លង​ទៅ​ថា សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា នៅតែ​រង​នូវ​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​ពី​រដ្ឋាភិបាល​នៅឡើយ។

ចំណែក​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) បាន​ចេញ​ផ្សាយ​ពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៥១ សម្រាប់​ឆ្នាំ​២០២៤ ដោយសារតែ​គេ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​វាយប្រហារ និង​គាបសង្កត់​លើ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ឥត​ស្រាកស្រាន្ត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស