30.7 C
Phnom Penh

អ្នក​ឃ្លាំមើល​ចាត់ទុក​សារ​នយោបាយ​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជា​សារ​បំផ្លាញ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចាត់ទុក​ការ​គំរាមកំហែង​ងើប​មួយ​វ៉ៃ​មួយ​ពី​សំណាក់​លោក ហ៊ុន សែន និង​ការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ងើប​ទាំងអស់​វ៉ៃ​លោក ហ៊ុន សែន តែ​ម្នាក់​ពី​សំណាក់​លោក សម រង្ស៊ី សុទ្ធតែ​ជា​ជំហរ​នយោបាយ​បំផ្លាញ​សុខដុមរមនា​របស់​កម្ពុជា​ទាំងអស់។

អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១ មេសា នេះ​ថា ពាក្យ​ថា​ងើប​មួយ​វ៉ៃ​មួយ គឺជា​សារ​នយោបាយ​គំរាម​ដោយ​ត្រង់​ទៅ​កាន់​ពលរដ្ឋ ហើយ​ការ​អនុវត្ត​ជំហរ​នយោបាយ​បែប​នេះ អ្នក​ដែល​រង​ទុក្ខ​ពិតប្រាកដ គឺ​ពលរដ្ឋ​តែម្តង ជាពិសេស​ពលរដ្ឋ​ដែល​អនុវត្ត​សិទ្ធិ​បញ្ចេញមតិ​ដូច​ដែល​បាន​ចែង​ក្នុង​ច្បាប់​នា​ពេល​កន្លង​មក។

លោក វ៉ន ចាន់ឡូត បន្ថែម​ថា ចំណែក​ការ​ប្រកាស​ជំហរ​នយោបាយ​ផ្តួល​រំលំ​របស់​លោក សម រង្ស៊ី គឺជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ជាដាច់ខាត ព្រោះ​លោក ហ៊ុន សែន បាន​ក្តោប​ក្តាប់​កម្លាំង​កងទ័ព និង​ក្រុម​នាយទុន ដូចជា ក្រុម​ឧកញ៉ា ជាដើម យ៉ាង​ណែន​ពេញ​ដៃ​ទៅ​ហើយ ដូច្នេះ​ជំហរ​នយោបាយ​ក្នុង​ការ​ប្រកាស​ផ្តួល​រំលំ​បក្ស​កាន់​អំណាច គឺ​គ្មាន​ពន្លឺ​ឡើយ ទោះ​ប្រទេស​មួយ​ចំនួន​ធ្លាប់​អនុវត្ត​ផែនការ​នេះ​ទទួល​បាន​ជោគជ័យ​ក៏ដោយ ក៏​មិន​ប្រាកដ​ថា​កម្ពុជា​អាច​ជោគជ័យ​ដូច​ប្រទេស​ទាំងនោះ​ទេ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា ដោយ​យោង​តាម​របប​នយោបាយ​របស់​កម្ពុជា​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស អាច​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ការ​គំរាម​ងើប​មួយ​វ៉ៃ​មួយ និង​ការ​អំពាវនាវ​ឱ្យ​ផ្តួល​រំលំ គឺជា​ជំហរ​នយោបាយ​ដែល​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែល​មាន​ចែង​ទាំងស្រុង។

លោក វ៉ន ចាន់ឡូត បញ្ជាក់​ថា ពលរដ្ឋ​គឺជា​ម្ចាស់​សិទ្ធិ ម្ចាស់​អំណាច ម្ចាស់​វាសនា​របស់​ប្រទេស​ជាតិ ខណៈ​អ្នក​ដឹកនាំ​ដែល​កើត​ចេញពី​ការ​បោះឆ្នោត ត្រូវ​ដឹកនាំ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ នោះ​ទើប​ជា​កាតព្វកិច្ច​ដែល​ពួកគេ​ម្នាក់ៗ​ត្រូវតែ​ធ្វើ។

កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៥ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន គំរាម​បន្ត​កម្ទេច​ក្រុម​ប្រឆាំង​ឥត​ឈប់​ឈរ​រហូត​ទាល់តែ​អស់​ពី​ទឹកដី​ខ្មែរ។ ជាង​នេះ​ទៀត ការ​អនុវត្ត​ជំហរ​នយោបាយ​ងើប​មួយ​វ៉ៃ​មួយ ក៏​លោក​នៅតែ​បន្ត​អនុវត្ត​ដូច​មុន​ដែរ។

ចំណែក​លោក សម រង្ស៊ី ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក៏​ប្រកាស​ជំហរ​នយោបាយ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​បន្តបន្ទាប់​ដែរ ក្រោម​យុទ្ធសាស្ត្រ​ផ្កា​រីក ដែល​ត្រូវ​អនុវត្ត​ដោយ​ចលនា​ជាតិ​តស៊ូ ជា​ចលនា​ដែល​ទើប​បង្កើត​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស