29.2 C
Phnom Penh

ដំណើរ​បញ្ចប់​សង្គ្រាម​រុស្ស៊ី នៅ​អ៊ុយក្រែន កំពុង​ស្ថិត​លើ​វិថី​ដ៏​លំបាក​ក្រោម​លក្ខខណ្ឌ​របស់​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ បាន​បន្ត​ដាក់​លក្ខខណ្ឌ​ជា​ថ្មី​ទៀត ដោយ​ទាមទារ​ឱ្យ​មាន​រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​អ៊ុយក្រែន ជំនួស​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី បច្ចុប្បន្ន​នេះ។

សារព័ត៌មាន The Moscow Times ចុះផ្សាយ​ថា លោក ពូទីន មើល​ឃើញ​លោក ហ្សេឡេនស្គី មិន​ស័ក្ដិសម​ជា​ប្រធានាធិបតី​អ៊ុយក្រែន នោះ​ទេ ព្រោះ​លោក ហ្សេឡេនស្គី បាន​ផុត​អាណត្តិ​ជា​ប្រធានាធិបតី​អ៊ុយក្រែន តាំងពី​ខែ​ឧសភា ឆ្នាំ​២០២៤។

លោក ពូទីន បាន​ថ្លែង​ថា គណៈប្រតិភូ​របស់​លោក​នឹង​មិន​ចរចា​ផ្ទាល់​ជាមួយ​ក្រុម​ចរចា​អ៊ុយក្រែន ដែល​ជា​សមាសភាព​មន្ត្រី​នៃ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី ដែល​លោក ពូទីន ថា​ជា​ក្រុម​ខុស​ច្បាប់ ជា​ក្រុម​មួយ​គ្មាន​សិទ្ធិ​តំណាង​ប្រជាជន​អ៊ុយក្រែន ទៀត​នោះ​ទេ។

តែ​បែប​នេះ​ក្ដី សភា​អ៊ុយក្រែន បាន​បន្ត​អនុម័ត​ឱ្យ​លោក ហ្សេឡេនស្គី នៅ​ជា​ប្រធានាធិបតី​អ៊ុយក្រែន រហូត​ប្រទេស​ដែល​ធ្លាក់​ក្នុង​សង្គ្រាម​មាន​សន្តិភាព​ឡើងវិញ ជាមួយ​នឹង​សង្គ្រាម​របស់​រុស្ស៊ី ត្រូវ​បិទ​បញ្ចប់។

ក្រៅពី​លក្ខខណ្ឌ​ដូចនេះ ក្រុង​មូស្គូ បាន​ដាក់​លក្ខខណ្ឌ​ជាច្រើន​ទៅ​ហើយ ដូចជា​ស្នើ​ឱ្យ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​រុស្ស៊ី ទាំងស្រុង​ទៀត​ផង។ តែ​ក្រុម​ប្រទេស​អឺរ៉ុប បាន​ច្រានចោល​ទាំងស្រុង​នូវ​ការ​ទាមទារ​ពី​រុស្ស៊ី ទាំង​ការ​ទាមទារ​ឱ្យ​មាន​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ពី​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​អ៊ុយក្រែន ជាដើម។

ចំពោះ​សហរដ្ឋ​អាមេរិក ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ច្រានចោល​សំណើ​របស់​ប្រធានាធិបតី​រុស្ស៊ី ដែល​ទាមទារ​ឱ្យ​ប្រទេស​អ៊ុយក្រែន ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​ជា​បណ្ដោះអាសន្ន​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ។

ជាមួយ​គ្នា​នេះ លោក ដូណាល់ ត្រាំ បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​លោក ពូទីន ដែល​ចោទ​សួរ​ពី​ភាព​ស្រប​ច្បាប់​របស់​លោក ហ្សេឡេនស្គី ក្នុង​នាម​ជា​ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន។ លោក ត្រាំ ក៏​បាន​ព្រមាន​អំពី​ការ​ដាក់​ទណ្ឌកម្ម​ថែម​ទៀត​លើ​ការ​នាំចេញ​ប្រេង​របស់​រុស្ស៊ី ប្រសិនបើ​រុស្ស៊ី ក្លាយ​ជា​បញ្ហា​ទប់ស្កាត់ និង​ធ្វើ​ផែនការ​សន្តិភាព​របស់​អាមេរិក​បរាជ័យ។

ទន្ទឹម​នឹង​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres បាន​ទាត់​ចោល​សំណើ​របស់​ប្រធានាធិបតី​រុស្ស៊ី ដែល​ចង់​ឱ្យ​អ៊ុយក្រែន ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ ទើប​រុស្ស៊ី ព្រម​បញ្ចប់​សង្គ្រាម។

នៅ​ពេល​ត្រូវ​បាន​អ្នក​សារព័ត៌មាន​សាកសួរ​អំពី​សំណើ​របស់​លោក ពូទីន ស្ដីពី​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​នៅ​អ៊ុយក្រែន លោក Guterres បាន​ឆ្លើយតប​ថា អ៊ុយក្រែន​បច្ចុប្បន្ន​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ខ្លួន​ទៅ​ហើយ។

ចំណែក​អ្នកស្រី Tammy Bruce អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​អះអាង​ថា អ៊ុយក្រែន​ជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែល​អំណាច​ក្នុង​ការ​គ្រប់គ្រង​របស់​ប្រធានាធិបតី​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ និង​ប្រជាជន​អ៊ុយក្រែន។

ទោះជា​បែប​នេះ​ក្តី លោក ពូទីន និយាយ​ថា ដើម្បី​ឱ្យ​កិច្ចចរចា​ជាមួយ​អ៊ុយក្រែន អាច​កើតឡើង អ៊ុយក្រែន​ចាំបាច់​ត្រូវ​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់​មួយ។ លោក​ប្រធានាធិបតី​រុស្ស៊ី បាន​លើកឡើង​ថា ជា​គោលការណ៍ រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ​អាច​បង្កើត​ឡើង​នៅ​អ៊ុយក្រែន ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ ហើយ​ស្ថាប័ន​ពិភពលោក​នេះ​មាន​កាតព្វកិច្ច​ក្នុង​រឿង​នេះ។

តាម​លោក ពូទីន ក្រោយពី​មាន​រដ្ឋាភិបាល​បណ្ដោះអាសន្ន អ៊ុយក្រែន​ត្រូវតែ​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឡើងវិញ ដែល​នឹង​នាំមក​នូវ​រដ្ឋាភិបាល​មាន​សមត្ថភាព​ពេញលេញ និង​មាន​ការ​ជឿ​ទុកចិត្ត​ពី​ប្រជាជន ហើយ​បន្ទាប់​មក ការ​ចាប់ផ្តើម​ចរចា​ជាមួយ​រដ្ឋាភិបាល​ថ្មី​អាច​ធ្វើ​ទៅ​បាន​ជាមួយ​គណៈប្រតិភូ​រុស្ស៊ី អំពី​សន្ធិសញ្ញា​សន្តិភាព​រុស្ស៊ី និង​អ៊ុយក្រែន។

តែ​អ្នក​សង្កេតការណ៍​យល់​ថា ការពិត លោក ពូទីន មិន​ចង់​ជួប​លោក ហ្សេឡេនស្គី នោះ​ទេ ព្រោះ​ថា​នៅ​ពេល​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​សន្តិភាព​រុស្ស៊ី និង​អ៊ុយក្រែន ត្រូវ​បាន​ព្រមព្រៀង​ជា​ផ្លូវការ ត្រូវតែ​មេដឹកនាំ​ច្បាំង​គ្នា​ទាំង​ពីរ​នេះ​ជា​អ្នក​ចុះហត្ថលេខា​បញ្ចប់​សង្គ្រាម។

យ៉ាងណា ស្រប​ពេល​ដែល​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម​រុស្ស៊ី នៅ​អ៊ុយក្រែន កំពុង​ស្ថិត​លើ​វិថី​ដ៏​លំបាក​បំផុត​ក្រោម​លក្ខខណ្ឌ​របស់​រុស្ស៊ី ក្រុម​ប្រទេស​អឺរ៉ុប និង​អង្គការ​យោធា​ណាតូ (NATO) នៅតែ​ប្ដេជ្ញាចិត្ត​បន្ត​ជួយ​អ៊ុយក្រែន ក្រោយពី​លោក ពូទីន ចេះ​តែ​បន្ថែម​លក្ខខណ្ឌ​ទៅ​លើ​សំណើ​សន្តិភាព​របស់​លោក ដូណាល់ ត្រាំ។

កាលពី​ថ្ងៃ​ពុធ ទី​២ មេសា អគ្គលេខាធិការ​នៃ​អង្គការ NATO លោក Mark Rutte បាន​និយាយ​ថា សម្ព័ន្ធមិត្ត NATO បាន​សន្យា​គាំទ្រ​ផ្នែក​យោធា​អ៊ុយក្រែន ក្នុង​ទំហំ ២១​ពាន់ ៦៥​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន ក្នុង​រយៈពេល ៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៥។

លោក​អគ្គលេខាធិការ NATO អះអាង​ដូច​នេះ​ក្នុង​សន្និសីទ​កាសែត​នា​ទីក្រុង​ប្រ៊ុចសែល នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សម្ព័ន្ធមិត្ត NATO នឹង​បន្ត​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន រហូត​ដល់​ក្រុង​មូស្គូ បញ្ចប់​សង្គ្រាម។

តាម​លោក Mark Rutte សន្តិភាព​មួយ​ដែល​មាន​ស្ថិរភាព​ត្រូវតែ​មាន​បទ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​នៅ​ប្រទេស​អ៊ុយក្រែន ហើយ​ការ​ដាក់​លក្ខខណ្ឌ​ណា​ដែល​ខុស​នឹង​កាលៈទេសៈ​មិន​អាច​ទទួល​បាន​ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស