28 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អ្នក​រស់នៅ​ខេត្ត​ភាគ​ឦសាន​វិនិយោគ​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ក្នុង​ស្រុក ធ្វើការ​វិនិយោគ​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដូចជា​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី ជាពិសេស​អ្នក​វិនិយោគ​នៅ​ក្នុង​ខេត្ត​ទាំងនោះ​តែម្តង។

លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​៩ មេសា នេះ សម្រេច​ប្រកាស​អនុវត្ត​ជា​ផ្លូវការ​នូវ «កម្មវិធី​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង ៤ នៅ​ភាគ​ឦសាន» ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចង់បាន​របស់​ពលរដ្ឋ ដោយ​ផ្ដោត​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម និង​ទេសចរណ៍។

លោក​អះអាង​ថា ការ​ជំរុញ​ការ​កសាង​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន តាមរយៈ​ការ​កសាង និង​អភិវឌ្ឍ​តាម​បណ្ដោយ​ព្រំដែន ដូចជា ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម ដែល​រដ្ឋាភិបាល​បាន​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​ពេលនេះ គឺជា​កិច្ចការ​ការពារ​ព្រំដែន​ដែល​មាន​ប្រសិទ្ធភាព និង​មាន​ចីរភាព​បំផុត។

នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​អនុវត្ត​កម្មវិធី​ពិសេស​នេះ គឺជា​សក្ខីភាព​នៃ​ឆន្ទៈ​នយោបាយ​យ៉ាង​មោះមុត​របស់​រដ្ឋាភិបាល នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ការពារ​សន្តិភាព ស្ថិរភាព ឯករាជភាព និង​បូរណភាព​ទឹកដី ក៏ដូចជា​ការ​ខិតខំ​ពង្រីក និង​ចែកចាយ​ផល​លាភ​ពី​កំណើន​សេដ្ឋកិច្ច​ទៅ​ដល់​គ្រប់​មជ្ឈដ្ឋាន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផង​ដែរ។

ការ​ប្រកាស​ដាក់​ចេញ​នូវ​កម្មវិធី​វិនិយោគ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​ដក​ខេត្ត​ទាំង ៤ ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម កាលពី​ពេល​កន្លង​ទៅ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ មេសា នេះ​ថា ការ​ដាក់​ចេញ​នូវ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ក្នុង​ខេត្ត​ភាគ​ឦសាន គឺជា​រឿង​ល្អ ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ជួយ​លើក​កម្ពស់​ជីវភាព រួម​ទាំង​ការ​រស់នៅ​របស់​ពលរដ្ឋ​ឱ្យ​ល្អ​ប្រសើរ ហើយ​ការ​ធ្វើ​ដូច្នេះ​ក៏​ទទួល​បាន​ការ​ស្វាគមន៍​ពី​ពលរដ្ឋ​ដែរ។

លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​រដ្ឋាភិបាល​កសាង​រោងចក្រ និង​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ រួម​ទាំង​រចនាសម្ព័ន្ធ​នានា ដូចជា ផ្លូវថ្នល់ មន្ទីរពេទ្យ ផ្សារ និង​សាលារៀន ជាដើម ដើម្បី​បម្រើ​ដល់​ការ​រស់នៅ និង​ការ​ធ្វើ​កសិកម្ម​របស់​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ហើយ​ការ​កសាង​បែប​នេះ​ក៏​ជា​មូលហេតុ​ក្នុង​ការ​ទប់ស្កាត់​ពលរដ្ឋ​ក្នុង​ខេត្ត​ទាំងនេះ កុំ​ឲ្យ​ធ្វើ​ចំណាកស្រុក​ដែរ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា រដ្ឋាភិបាល​មិន​ត្រូវ​ភ្លេច​លុប​គម្រោង​ដី​សម្បទាន​ដែល​កំពុង​កាន់កាប់​ដោយ​ក្រុមហ៊ុន​ឯកជន និង​កងទ័ព​វៀតណាម ឡើយ។ ជាង​នេះ​ទៀត ក៏​ត្រូវ​បណ្តេញ​ពលរដ្ឋ​វៀតណាម ដែល​បាន​ចូល​ទៅ​រស់នៅ​ខុស​ច្បាប់​លើ​ដី​សម្បទាន​ទាំង​ជាង ២៤​ម៉ឺន​ហិកតា​នៅ​ទីនោះ ឱ្យ​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស