នៅក្នុងក្រសែភ្នែករបស់មេដឹកនាំអាមេរិកាំង ចិនជាសត្រូវទីមួយមុនគេទាំងអស់។ បើទោះជារដ្ឋការលោក ដូណាល់ ត្រាំ បន្ធូរបន្ថយទណ្ឌកម្មពន្ធ តែចំពោះចិនតែមួយគត់ជាសត្រូវទីមួយរបស់អាមេរិក ដែលក្រុងវ៉ាស៊ីនតោន មិនបន្ធូរបន្ថយឡើយ។
កាលពីថ្ងៃពុធ ទី៩ ខែមេសា រដ្ឋការលោក ត្រាំ បានប្រកាសពីការផ្អាកការអនុវត្តការយកពន្ធគយលើបណ្ដាប្រទេសភាគច្រើន លើកលែងតែចិន ដែលត្រូវបានលោកយកពន្ធបន្ថែមពី ៥៤ភាគរយ ១០៤ភាគរយ ហើយឥឡូវបន្ថែមដល់ ១២៥ភាគរយ គឺជាការឆ្លើយតបចិន ដែលបានវាយបកអាមេរិកវិញបន្ថែមការយកពន្ធលើទំនិញអាមេរិកចូលទីផ្សារប្រទេសចិន ៨៤ភាគរយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រោយប្រកាន់ជំហរតឹងរ៉ឹងអស់រយៈពេលជាច្រើនថ្ងៃជុំវិញផែនការយកពន្ធគយ លោក ត្រាំ បានប្រកាសថា ប្រទេសទាំងឡាយណាដែលមិនបានចាត់វិធានការយកពន្ធសងសឹកប្រឆាំងនឹងការយកពន្ធរបស់សហរដ្ឋអាមេរិក នឹងទទួលបានការលើកលែង ដោយប្រកាសយកពន្ធក្នុងកម្រិតខ្ពស់ នឹងត្រូវប្រឈមនឹងការអនុវត្តការយកពន្ធធ្លាក់មកត្រឹមតែ ១០ភាគរយប៉ុណ្ណោះ។
ក្នុងន័យនេះ ប្រទេសដែលរដ្ឋការលោក ត្រាំ ផ្អាកយកពន្ធខ្ពស់រយៈពេល ៩០ថ្ងៃនោះ គឺអនុវត្តយកពន្ធទៅមកត្រឹមតែ ១០ភាគរយដូចនេះ គឺរហូតដល់ខែកក្កដា ឆ្នាំ២០២៥ ទើបពិនិត្យឡើងវិញ។
នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt បាននិយាយថា លោក ត្រាំ បានដំឡើងពន្ធលើចិន ព្រោះចិន ហ៊ានដាល់ ឬតដៃជាមួយសហរដ្ឋអាមេរិក គឺលោកប្រធានាធិបតី ត្រាំ នឹងលេងឱ្យចាស់ដៃ មិនដកថយឡើយ។
លោក ត្រាំ បានព្យាករថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនានានឹងត្រូវបានធ្វើឡើងជាមួយបណ្ដាប្រទេសទាំងអស់ ក្នុងនោះរួមមានទាំងចិន ប៉ុន្តែលោក ត្រាំ មិនគិតនោះទេថាក្រុងប៉េកាំង បានត្រៀមខ្លួនរួចរាល់ហើយនោះ។
នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា នេះ ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិនមិនចង់ឈ្លោះគ្នាជាមួយអាមេរិកទេ ប៉ុន្តែក៏មិនខ្លាចនោះដែរ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តចាត់វិធានការពន្ធទៅលើចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ការបង្កសង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក វាមិនទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិឡើយ។ វានឹងបរាជ័យនៅពេលវាដើរដល់ចុងក្រោយរបស់វា។ ចិន មិនអង្គុយនៅស្ងៀម រង់ចាំតែគេសំពងនោះទេ។ ចិនមិនបណ្តោយឱ្យសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិន ត្រូវគេបំផ្លាញនោះទេ។
នេះជាប្រតិកម្មរបស់ក្រសួងការបរទេសចិន ឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលបានដំឡើងពន្ធបន្ថែមលើទំនិញនាំចូលពីចិន រហូតដល់ ១២៥ភាគរយ ស្របពេលដែលលោក ត្រាំ បានសម្រេចផ្អាករយៈពេល ៩០ថ្ងៃនូវការអនុវត្តវិធានការយកពន្ធខ្ពស់ដល់ប្រទេសជាច្រើន។ លោក ត្រាំ ចាត់វិធានការដូចនេះ ព្រោះតែទីក្រុងប៉េកាំង បានបន្តដំឡើងពន្ធសងសឹកម្តងហើយម្តងទៀតដល់ ៨៤ភាគរយលើទំនិញអាមេរិក។
អ្នកសង្កេតការណ៍មើលឃើញបរិបទសង្គ្រាមពាណិជ្ជកម្មរបស់រដ្ឋការលោក ត្រាំ វាយសំពងលើចិន ខ្លាំងជាងគេ ព្រោះចិន កំពុងពង្រីកអនុភាពសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្មខ្ចីដៃប្រទេសក្រីក្របង្ហូរផលិតផលចិន បិទស្លាកប្រទេសក្រីក្រទាំងនោះនាំចូលសហរដ្ឋអាមេរិក ក្រោមគោលការណ៍អនុគ្រោះពន្ធកម្រិតខ្ពស់។
បើទោះជារដ្ឋការលោក ត្រាំ ផ្អាកយកពន្ធខ្ពស់រយៈពេល ៩០ថ្ងៃនោះ ដោយអនុវត្តយកពន្ធធ្លាក់មកត្រឹមតែ ១០ភាគរយ តែរដ្ឋការលោក ត្រាំ នឹងចាត់វិធានការមួយទៀតទៅលើប្រទេសទទួលវេចខ្ចប់ផលិតផលចិន ពាក់ស្លាកផលិតក្នុងប្រទេសរបស់ខ្លួន ក៏ប្រហែលរដ្ឋការលោក ត្រាំ អាចនឹងស្រាវជ្រាវរកឱ្យឃើញផលិតផលរបស់ចិន ហើយអាចបិទការនាំទំនិញទាំងអស់នោះចូលសហរដ្ឋអាមេរិក ព្រោះជាផលិតផលរបស់ចិន។
យ៉ាងណា ក្រុមប្រទេសសមាគមអាស៊ានដែលភាគច្រើនជាប្រទេសត្រូវបានរកឃើញជាប្រភពវេចខ្ចប់ផលិតផលចិន តាមសេចក្ដីរាយការណ៍ពីប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា នេះ ក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសសមាគមអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមមួយថា៖ ក្រុមប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះ ចង់ស្វែងរកកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាពន្ធគយ ហើយនឹងមិនដាក់ចេញចំណាត់ការសងសឹកណាមួយប្រឆាំងអាមេរិកនោះទេ។
ដោយបង្ហាញក្តីកង្វល់អំពីវិធានការពន្ធរបស់អាមេរិក និងផលប៉ះពាល់ទៅលើសេដ្ឋកិច្ចអាស៊ាន ក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍រួមដែលមានន័យដូចនេះថា៖ សមាគមអាស៊ានចង់បង្ហាញនូវបំណងរួមក្នុងសហគមន៍អាស៊ាន ក្នុងការចូលរួមក្នុងកិច្ចសន្ទនាស្មោះត្រង់ និងប្រកបដោយការស្ថាបនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយក្តីកង្វល់ពាក់ព័ន្ធបញ្ហាពាណិជ្ជកម្ម ដោយស្នើឱ្យមានការទាក់ទងគ្នាជាចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានានូវទំនាក់ទំនងដែលមានតុល្យភាព និងមាននិរន្តរភាពជាមួយគ្នាទៅមុខទៀត។
អាស៊ានដែលមានសមាជិក ១០ប្រទេស រួមបញ្ចូលគ្នាជាសហគមន៍សេដ្ឋកិច្ចដ៏ធំលំដាប់ទី៥ នៅលើពិភពលោក តែសមាគមនេះពឹងផ្អែកខ្លាំងលើការនាំចេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលជាកត្តាជួយដល់ជីវភាពប្រជាជនជាង ៦៧០លាននាក់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

