គណៈកម្មការទន្លេមេគង្គ ទាមទារឲ្យប្រទេសកម្ពុជាផ្តល់សេចក្តីរាយការណ៍លម្អិតអំពីគម្រោងព្រែកជីកហ្វូណន ឲ្យឆាប់រហ័ស ពីព្រោះមកទល់នឹងពេលនេះ រាជរដ្ឋាភិបាលក្រុងភ្នំពេញមិនទាន់បានផ្ដល់សេចក្តីរាយការណ៍នៃការសិក្សាលម្អិតអំពីគម្រោងព្រែកជីកហ្វូណននៅឡើយទេ។
ប្រទេសក្នុងគណៈកម្មការទន្លេមេគង្គមានបួនប្រទេស គឺរាជាណាចក្រកម្ពុជា រាជាណាចក្រថៃឡង់ដ៍ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យលាវ និងសាធារណរដ្ឋសង្គមនិយមយៀកណាម ដោយចែកជាស្ថាប័នគ្រប់គ្រងអចិន្ត្រៃយ៍បីផ្នែក គឺ៖
- ក្រុមប្រឹក្សាទន្លេមេគង្គ
- គណៈកម្មាធិការចម្រុះទន្លេមេគង្គ
- និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។
ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៣ មេសា បានស្រង់ប្រភពពីគណៈកម្មការទន្លេមេគង្គ ដោយអះអាងថា គិតចាប់តាំងពីគម្រោងព្រែកជីកហ្វូណនត្រូវបានប្រកាសជាផ្លូវការមក គឺមានតែព័ត៌មានមូលដ្ឋានប៉ុណ្ណោះដែលលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គទទួលបានពីភាគីប្រទេសកម្ពុជា។
ប្រភពដដែលបានអះអាងថា សេចក្តីរាយការណ៍សិក្សាលម្អិតសំខាន់សម្រាប់វាយតម្លៃ ប៉ាន់ប្រមាណថា តើគម្រោងព្រែកជីកហ្វូណនអាចបំពានដល់កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដែរឬទេ។
ការទាមទារចង់បានសេចក្តីរាយការណ៍សិក្សាលម្អិតពីខាងគណៈកម្មការទន្លេមេគង្គទាក់ទងនឹងគម្រោងព្រែកជីកហ្វូណន ធ្វើឡើងបន្ទាប់ពីគម្រោងដឹកជញ្ជូនតាមផ្លូវទឹកខ្នាតធំនៅប្រទេសកម្ពុជា ចុះហត្ថលេខាជាផ្លូវការតែរវាងភាគីខ្មែរ និងភាគីចិន ដែលជាអ្នកគាំទ្រគម្រោងនេះ។
នៅក្នុងពិធីបើកសម័យប្រជុំលើកទី៣ នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកប្រធាន ស៊ី ជីនពីង រយៈពេល ២ថ្ងៃនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា កន្លងមកនេះ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគដែលជាការគាំទ្រយ៉ាងសំខាន់។
លោក ហ៊ុន សែន បញ្ជាក់ថា ព្រែកជីកនេះបើទោះបីជាមាន ឬគ្មានមិត្តចិន ក៏ត្រូវតែធ្វើឱ្យបានដែរ ប៉ុន្តែជាភ័ព្វសំណាងដែលមិត្តចិន បានប្រកាសនៅក្នុងការផ្ដល់ជំនួយ ក៏ដូចជាឱ្យក្រុមហ៊ុនមកចូលរួមសម្រាប់ដំណើរការព្រែកជីកនេះ។

គម្រោងព្រែកជីកហ្វូណនតេជោដែលគ្រោងចំណាយទឹកប្រាក់ប្រមាណ ១៧០០លានដុល្លារ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់យ៉ាងគគ្រឹកគគ្រេងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយអះអាងថា ចិនចេញចំណាយសាងសង់។ គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។
គម្រោងនេះឆ្លងកាត់ខេត្តចំនួន ៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១,៦លាននាក់រស់នៅអមសងខាងផ្លូវទឹកនេះ។
នៅថ្ងៃទី១៧ មេសា លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអ្នកដឹកនាំគម្រោងព្រែកជីកហ្វូណន បានចុះហត្ថលេខាជាផ្លូវការជាមួយក្រុមហ៊ុនឯកជនចិន និងកម្ពុជា លើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានធម្មជាតិចម្រុះហ្វូណនតេជោ។ ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងអំឡុងពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង បំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួន ២ថ្ងៃនៅកម្ពុជា កាលពីថ្ងៃទី១៧-១៨ មេសា។
ឯកសារទាំង ៥ ដែលត្រូវបានចុះហត្ថលេខានោះ គឺជាឯកសារពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលកំណត់ពីការបណ្ដាក់ទុនរបស់អ្នកវិនិយោគ ប្រតិបត្តិការសាងសង់ និងការថែទាំ ជាដើម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

