34.1 C
Phnom Penh

មន្ត្រី​បក្ស​ជំទាស់​ថា​ពន្ធ​កប់​ពពក​លើ​ការ​នាំចេញ​បន្ទះ​សូឡា​ប្រើ​ថាមពល​ព្រះអាទិត្យ​ជា​រឿង​កំប៉ិកកំប៉ុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត លើកឡើង​ថា ការ​ដំឡើង​ពន្ធ​លើ​បន្ទះ​ថាមពល​ព្រះអាទិត្យ ឬ​ហៅថា​សូឡា​ផាណល (solar panel) ដែល​នាំ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក ចំនួន​ជាង ៣៥០០% (៣៥២១%) គ្រាន់តែ​ជា​រឿង​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ បើ​មន្ត្រី​រដ្ឋាភិបាល​យល់​ពី​កិច្ចព្រមព្រៀង GATT (General Agreement on Trade and Tariffs) នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នោះ (World Trade Organization, WTO)។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក ហ៊ីង សុខសាន្ត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែ​មេសា នេះ​ថា បញ្ហា​ដំឡើង​ពន្ធ​លើ​បន្ទះ​សូឡា​នេះ គឺជា​រឿង​ផ្ទាល់​ឯកជន​របស់​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​បាន​បំពាន​គោលការណ៍​សកល​ក្នុង​វិស័យ​ពាណិជ្ជកម្ម ស្ដីពី​ការ​ដឹក​ផលិតផល​ចាក់​ធារ​លក់​បង្ខូច​ថ្លៃ (Dumping) និង​ការ​ឧបត្ថម្ភ​ធន (Subsidy) ប៉ុណ្ណោះ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​មិន​នៅ​ពីក្រោយ ឬ​ចូលរួម​ចំណែក​ក្នុង​រឿង​នេះ​ផង​នោះ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ទីតាំង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន គឺជា​ឈ្មួញ​កណ្ដាល​ដែល​ត្រូវ​ស្ថិត​នៅ​ចន្លោះ​រវាង​អ្នក​ផលិត គឺ​ចិន និង​អ្នក​ទិញ គឺ​អាមេរិកាំង។ ក្នុង​ន័យ​នេះ បើ​ប្រទេស​កម្ពុជា​ផ្ដាច់ខ្លួន​ទៅ​នៅ​ខាង​អ្នក​ផលិត គឺ​ចិន នោះ​អាមេរិកាំង​ដែល​ជា​អ្នក​ទិញ​ក៏​នឹង​ឈប់​ទិញ​អីវ៉ាន់​ផលិត​នៅ​ប្រទេស​កម្ពុជា​ដែរ។

ផ្ទុយទៅវិញ បើ​ប្រទេស​កម្ពុជា​ផ្ដាច់ខ្លួន​នៅ​ខាង​អ្នកទិញ គឺ​សហរដ្ឋ​អាមេរិក នោះ​អ្នក​ផលិត គឺ​ចិន ក៏​នឹង​បញ្ឈប់​ផ្តល់​ទំនិញ​ឱ្យ​កម្ពុជា​ដែរ ដូច្នេះ​លទ្ធផល​អ្នក​រងគ្រោះ​ពិតប្រាកដ គឺ​កម្ពុជា​ខ្លួនឯង​ដែល​ត្រូវ​បាត់បង់​ប្រាក់ចំណូល​សម្រាប់​ជាតិ ព្រោះ​កម្ពុជា​ភ្ជាប់​ខ្លួន​ទៅ​ជាមួយ​ភាគី​ណា​ក៏​នឹង​មាន​ផល​អាក្រក់​សម្រាប់​ខ្លួន​ដែរ។

លោក ហ៊ីង សុខសាន្ត បញ្ជាក់​ថា ប្រទេស​កម្ពុជា​អាច​ចៀស​ផុត​ពី​បញ្ហា​ទាំងនេះ​បាន​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​យក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ គឺ​មិន​ធ្វើ​អាក្រក់​ដាក់​អ្នក​ផលិត និង​ធ្វើ​ល្អ​ដាក់​អ្នកទិញ នោះ​ខ្មែរ​នៅតែ​អាច​បន្ត​ទទួល​បាន​ទំនិញ​ពី​អ្នក​ផលិត និង​អាច​បន្ត​លក់​ទៅ​ឱ្យ​អ្នកទិញ​បាន​ដូច​មុន​ដដែល។

កាល​ថ្ងៃទី​២១ ខែ​មេសា សហរដ្ឋ​អាមេរិក​សម្រេច​ដំឡើង​ពន្ធ​នាំចូល​បន្ទះ​សូឡា​ប្រើ​ថាមពល​ព្រះអាទិត្យ​ពី​ប្រទេស​កម្ពុជា រហូត​ដល់ ៣៥២១% ចាប់ពី​ខែ​មិថុនា ឆ្នាំ​២០២៥ តទៅ ក្នុង​បំណង​ប្រឆាំង​នឹង​ការ​ឧបត្ថម្ភ​ធន​ពី​រដ្ឋការ​ចិន និង​លក់​បង្ខូច​តម្លៃ​ពី​ក្រុមហ៊ុន​នាំចូល​ផ្ទាំង​សូឡា​ពី​ប្រទេស​កម្ពុជា ក្នុង​នោះ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​វៀតណាម ក៏​ត្រូវ​ជាប់​ពន្ធ​នាំចូល​បន្ទះ​សូឡា​នេះ​ដែរ។

ទោះជា​យ៉ាងណាក៏ដោយ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២២ មេសា នេះ​ថា ករណី​ស៊ើបអង្កេត​ប្រឆាំង​នឹង​ការ​លក់​បង្ខូច​ថ្លៃ និង​ការ​ឧបត្ថម្ភ​ធន​នេះ គឺជា​នីតិវិធី​ដោយ​ផ្អែកលើ​បណ្តឹង​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​សូឡា​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ព្រួយបារម្ភ​ចំពោះ​ការ​ប្រកួតប្រជែង​តម្លៃ​នៃ​បន្ទះ​សូឡា​នាំចូល​ទៅ​កាន់​ទីផ្សារ​អាមេរិកាំង​តែប៉ុណ្ណោះ។

ត្រង់​ចំណុច​នេះ គេ​ចាត់ទុក​ជា​ការ​រកស៊ី​ជំនួញ​គៃ​បន្លំ មិន​ស្មោះត្រង់ មិន​ស្មើភាព​គ្នា។

ក្រសួង​ពាណិជ្ជកម្ម បញ្ជាក់​ថា ករណី​នេះ ក្រសួង​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​វិស័យ​ឯកជន​ដែល​ពាក់ព័ន្ធ និង​ស្ថាប័ន​រដ្ឋ ដើម្បី​ចូលរួម​បំភ្លឺ​លើ​ចំណុច​នៃ​ការ​ចោទប្រកាន់​ទាំងនេះ​រួចរាល់​ហើយ ហើយ​ការ​ដំឡើង​ពន្ធ​នាំចូល​បន្ទះ​សូឡា​នេះ ក៏​មិន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ពន្ធគយ ៤៩% ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​ដើម​ខែ​មេសា នោះ​ដែរ។

ចាប់តាំងពី​ដើម​ខែ​មេសា មក ប្រទេស​កម្ពុជា​ប្រឈម​នឹង​ឧបសគ្គ​ជាបន្តបន្ទាប់​ជុំវិញ​ការ​កំណត់​ពន្ធគយ​លើ​ទំនិញ​នាំ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក ទាំង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន។ ឧទាហរណ៍​ជាក់ស្តែង កាលពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៥ សហរដ្ឋ​អាមេរិក បាន​កំណត់​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​កម្ពុជា ៤៩% សម្រាប់​ការ​នាំ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក។

គួរ​កត់សម្គាល់​ថា៖ តាម​ស្ថិតិ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ គយ និង​រដ្ឋាករ បន្ទះ​ប្រើ​ថាមពល​ព្រះអាទិត្យ​ហៅ​តាម​ភាសា​អង់គ្លេស​ថា Solar panel នាំ​ចេញពី​ប្រទេស​កម្ពុជា ទៅ​លក់​នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០២៣ មាន​ទឹកប្រាក់ ២​ពាន់​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០២៤ មាន​ទឹកប្រាក់ ៨៣០​លាន​ដុល្លារ។ ក្រុមហ៊ុន​ផលិត​បន្ទះ​ថាមពល​ព្រះអាទិត្យ​ភាគច្រើន​ជា​ក្រុមហ៊ុន​ចិន មាន​ដូចជា ក្រុមហ៊ុន Jintek Photovoltaic Technology, Hounen Solar, ISC Cambodia and Solar Long PV-Tech ជាដើម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស