នៅថ្ងៃចន្ទ ទី២៨ ខែមេសា នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងកិច្ចប្រឹងប្រែងដ៏ក្លាហានរបស់កងទ័ពកូរ៉េខាងជើង ដែលបានជួយវាយដណ្តើមទឹកដីបានមកវិញនៅតំបន់ Kursk ដែនដីប្រទេសរុស្ស៊ី មួយនេះ ដែលត្រូវបានកងទ័ពអ៊ុយក្រែន វាយកាន់កាប់ជាង ១០ខែមកនេះ។
សារព័ត៌មាន The Moscow Times បានចុះផ្សាយថា លោក ពូទីន បាននិយាយថា មិត្តកូរ៉េខាងជើង បានធ្វើសកម្មភាពដោយស្មារតីសាមគ្គីភាព និងជាមិត្តរួមចិត្តរួមថ្លើមយ៉ាងពិតប្រាកដ ដែលរូបលោកពិតជាអរគុណខ្លាំងណាស់ ជាពិសេសចំពោះលោក គីម ជុងអ៊ុន និងប្រជាជនកូរ៉េខាងជើង ដែលជាមិត្តស្មោះត្រង់នឹងរុស្ស៊ី។
សេចក្ដីថ្លែងអំណរគុណរបស់បុរសខ្លាំងវិមានក្រឹមឡាំង ធ្វើឡើងបន្ទាប់ពីអគ្គសេនាធិការកងទ័ពរុស្ស៊ី ឧត្ដមសេនីយ៍ Valery Gerasimov បានប្រកាសអំពីការដណ្តើមតំបន់ Kursk នៅភាគខាងលិចនៃប្រទេសរុស្ស៊ី បានមកវិញទាំងស្រុង។
ក្នុងសេចក្ដីប្រកាសនេះ ឧត្ដមសេនីយ៍ Valery Gerasimov បានស្ងើចសរសើរពីវីរភាពរបស់កងទ័ពកូរ៉េខាងជើង ដែលបានចូលរួមចំណែកដ៏ធំមួយក្នុងការវាយកម្ចាត់កងកម្លាំងកងទ័ពអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី។
ឧត្ដមសេនីយ៍ Gerasimov បានរាយការណ៍ជូនលោក ពូទីន ថា កងទ័ពកូរ៉េខាងជើង បានបង្ហាញពីការតស៊ូ និងវីរភាព ដោយឈរប្រកៀកស្មាជាមួយកងកម្លាំងរុស្ស៊ី ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង។ តាមរយៈកិច្ចព្រមព្រៀងនេះ ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពប្រហែល ១ម៉ឺន ២ពាន់នាក់ទៅរុស្ស៊ី ដើម្បីហ្វឹកហ្វឺន និងបញ្ជូនចូលប្រយុទ្ធក្នុងសមរភូមិតំបន់ Kursk ដែលអ៊ុយក្រែន លើកទ័ពវាយបំបែកខ្សែការពារព្រំដែនរបស់រុស្ស៊ី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ ក្នុងអំឡុងនោះ ទ័ពអ៊ុយក្រែន បានសម្រុកចូលទៅតំបន់ Kursk ដោយវាយយកបានទឹកដីជិត ១៤០០គីឡូម៉ែត្រក្រឡា។
បើតាមវិទ្យាស្ថានសិក្សាសង្គ្រាម ISW ដែលមានទីស្នាក់ការនៅក្រុងវ៉ាស៊ីនតោន ក្នុងប្រតិបត្តិសឹកវាយបកចាប់យកដែនដីមកវិញពីដៃកងទ័ពអ៊ុយក្រែន រុស្ស៊ីបានបញ្ចេញកម្លាំងទ័ពជាង ៦ម៉ឺននាក់ និងទ័ពកូរ៉េខាងជើង ១ម៉ឺន ២ពាន់នាក់ តែភាគីអ៊ុយក្រែន មានទ័ពតែជាង ១ម៉ឺននាក់ប៉ុណ្ណោះ។
របាយការណ៍របស់សេនាធិការកងទ័ពអ៊ុយក្រែន ឱ្យដឹងថា ទ័ពកូរ៉េខាងជើង ប្រហែល ១ម៉ឺន ២ពាន់នាក់នេះមានទ័ពស្លាប់ និងរបួសប្រហែលជាង ៤ពាន់នាក់។
ទោះជាបែបនេះក្ដី សេនាធិការកងទ័ពអ៊ុយក្រែន អះអាងថា មកដល់ពេលនេះ កងទ័ពរបស់ខ្លួននៅតែបន្តប្រយុទ្ធការពារទីតាំងរបស់ខ្លួននៅឡើយទេ។
អ៊ុយក្រែន ច្រានចោលដែលថាដែនដីក្នុងតំបន់ Kursk ដែលអ៊ុយក្រែន វាយកាន់កាប់ បានធ្លាក់ទាំងស្រុងនៅក្រោមការវាយបានមកវិញដោយប្រតិបត្តិការរវាងកងទ័ពរុស្ស៊ី និងទ័ពកូរ៉េខាងជើង។
នៅថ្ងៃចន្ទនេះ កូរ៉េខាងជើង ទើបតែបានទទួលស្គាល់ជាលើកដំបូងអំពីការបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ី ដែលទីក្រុងព្យុងយ៉ាង តែងតែព្យាយាមនៅស្ងប់ស្ងាត់។ កូរ៉េខាងជើង គឺប្រភពផ្ដល់ជំនួយអាវុធដ៏សម្បើមទៅជួយកងទ័ពរុស្ស៊ី។
បើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង ក្រុងព្យុងយ៉ាង បានបញ្ជូនគ្រាប់កាំភ្លើងធំ គ្រាប់មីស៊ីល និងគ្រាប់កាំភ្លើងផ្សេងៗទៀតប្រមាណជា ៥លានគ្រាប់។ ចុងក្រោយនេះ កូរ៉េខាងជើងបានបញ្ជូនគ្រាប់មីស៊ីលបាលីស្ទិកជាង ២០០គ្រាប់ថែមទៀតទៅឱ្យរុស្ស៊ី។ គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ត្រូវបានគេរកឃើញបំណែករបស់វាធ្លាក់ក្នុងតំបន់មួយនៃទីក្រុងគៀវ ដែលទ័ពរុស្ស៊ី វាយប្រហារលើអ៊ុយក្រែន យ៉ាងសន្ធប់កាលពីថ្មីៗនេះ។
ជាការដឹងគុណក្រុងព្យុងយ៉ាង វិមានក្រឹមឡាំង បានប្រកាសនៅថ្ងៃចន្ទ ទី២៨ ខែមេសា នេះថា រុស្ស៊ី បានត្រៀមផ្តល់ជំនួយយោធាដល់កូរ៉េខាងជើង ប្រសិនបើចាំបាច់ ព្រោះវាស្របទៅតាមកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដែលបានចុះហត្ថលេខារវាងប្រជាជាតិទាំងពីរក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។
អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បានបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរមានកាតព្វកិច្ចតម្រូវឲ្យប្រទេសទាំងពីរផ្តល់ការគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាចាំបាច់។
តាមលោក Dmitry Peskov ការចូលរួមរបស់កងទ័ពកូរ៉េខាងជើង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយវាយដណ្តើមយកមកវិញនូវតំបន់ព្រំដែន Kursk ពិតណាស់វាបង្ហាញអំពីប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន ថ្លែងថា វត្តមានទ័ពកូរ៉េខាងជើង ទៅជួយកងទ័ពរុស្ស៊ី គឺជាសញ្ញាអាសន្នទៅរកសង្គ្រាមលោកជាថ្មី ខណៈកូរ៉េខាងត្បូង ថាកូរ៉េខាងជើង កំពុងតែរំលោភដំណោះស្រាយរបស់អង្គការសហប្រជាជាតិដែលហាមក្រុងព្យុងយ៉ាង បញ្ជូនទ័ពទៅជួយច្បាំងនឹងកងទ័ពប្រទេសណាមួយនៃពិភពលោក។
ខណៈដែលលោក ពូទីន កំពុងសាទរចំពោះកងទ័ពរបស់លោកដែលសហការជាមួយនឹងកងទ័ពកូរ៉េខាងជើង វាយយកបានវិញដែនដីតំបន់ Kursk ពីកងទ័ពអ៊ុយក្រែន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា តាមការយល់ឃើញថាលោកមេដឹកនាំរុស្ស៊ី វ៉្លាឌីមៀ ពូទីន ដូចជាមិនចង់បញ្ចប់សង្គ្រាមទេ។ លោក ត្រាំ បានជំរុញជាថ្មីម្ដងទៀតទៅលោក ពូទីន ឱ្យបន្ធូរបន្ថយសង្គ្រាម ដើម្បីទៅរកកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងអ៊ុយក្រែន។
លោក ត្រាំ បានថ្លែងដូចនេះបន្ទាប់ពីលោកបានជួបលោក ហ្សេឡេនស្គី រយៈពេល ១៥នាទី អំឡុងលោកចូលរួមព្រះរាជពិធីបុណ្យសពសម្តេចប៉ាប ហ្វ្រង់ស៊ីស នៅបុរីវ៉ាទីកង់ នៃប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

