32 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន សែន លើក​យក​បញ្ហា​អធិបតេយ្យ​ជាតិ​ទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ស្នើ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន លើក​យក​បញ្ហា​អធិបតេយ្យ​ជាតិ​ទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​វៀតណាម ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​ខួប​អនុស្សាវរីយ៍​បង្រួបបង្រួម​ជាតិ​របស់​វៀតណាម នៅ​ថ្ងៃទី​៣០ ខែ​មេសា។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ក្នុង​ប្រទេស​ន័រវែស លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ មេសា នេះ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន គួរតែ​មាន​ភាព​ក្លាហាន​បញ្ជាក់​ជំហរ​ទៅ​កាន់​មេដឹកនាំ​វៀតណាម ក្នុង​ការ​ធ្វើ​និរាករណ៍​កិច្ចព្រមព្រៀង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ចោល​ទាំងអស់ ដើម្បី​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ពី​ឆន្ទៈ​ការពារ​អធិបតេយ្យ​ជាតិ​ខ្មែរ​របស់​គាត់​ចំពោះ​បរទេស​ឈ្លានពាន​មួយ​នេះ។

លោក​បន្ត​ថា បើ​លោក ហ៊ុន សែន មិន​ហ៊ាន​លើក​យក​បញ្ហា​ដែល​លោក​បាន​រៀបរាប់​ទាំងនេះ​ទៅ​ជជែក​ជាមួយ​មេដឹកនាំ​វៀតណាម ដើម្បី​បញ្ឈប់​យុទ្ធសាស្ត្រ​ឈ្លានពាន​របស់​ពួកគេ​ទេ នោះ​មាន​ន័យ​ថា កម្ពុជា​នៅតែ​ត្រូវ​បាន​ដាក់​ជា​តំបន់​សម្រាប់​ឱ្យ​វៀតណាម ឈ្លានពាន​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត​ដដែល។

លោក ម៉ែន ណាត បញ្ជាក់​ថា ឱ្យ​តែ​កម្ពុជា​មិន​អាច​លុប​កិច្ចព្រមព្រៀង​ខុស​ច្បាប់​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ កម្ពុជា​នឹង​មិន​អាច​ប្តឹង​វៀតណាម ទៅ​តុលាការ​អន្តរជាតិ​ឱ្យ​ការពារ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​បាន​ទេ។ ម្យ៉ាង​ទៀត បើ​កម្ពុជា​មិន​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំង​៤ នៅ​ភូមិភាគ​ឦសាន​មក​វិញ​ទេ នោះ​កម្ពុជា​ក៏​នៅតែ​រង​នូវ​ការ​ប្រឈម​គ្រប់​បែប​យ៉ាង​ពី​វៀតណាម ទៅ​ថ្ងៃ​មុខ​ដែរ។

លោក​គូសបញ្ជាក់​ថា បំណង​របស់​មេដឹកនាំ​វៀតណាម ហៅ​លោក ហ៊ុន សែន ទៅ​ជួប​ក្នុង​ពិធី​ខួប​នេះ គឺ​ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស​ដែល​ជា​យុទ្ធមិត្ត​នៃ​អតីត​សហព័ន្ធ​ឥណ្ឌូចិន​ជាមួយ​គ្នា​ផង ជា​បងធំ​របស់​កម្ពុជា និង​ឡាវ សម្រាប់​ការ​រំឭក​គុណ និង​ដឹងគុណ​ខ្លួន​ផង។

អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៨ មេសា នេះ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នឹង​ចូលរួម​ខួប​អនុស្សាវរីយ៍​បង្រួបបង្រួម​ជាតិ​របស់​វៀតណាម នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅ​ថ្ងៃទី​៣០ ខែ​មេសា ខាងមុខ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បញ្ជាក់​ថា អំឡុង​ពេល​ចូលរួម​ខួប​អនុស្សាវរីយ៍​នេះ លោក ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ការងារ​ដាច់ដោយឡែកៗ​ពី​គ្នា​ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​វៀតណាម រួម​មាន ប្រធានាធិបតី​វៀតណាម និង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម ប្រធាន​រដ្ឋសភា​វៀតណាម លោក ជិន ថាញ់មិន និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ ផង​ដែរ ដើម្បី​បញ្ជាក់​ពី​ការ​បន្ត​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស