ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅឥណ្ឌូនេស៊ី និងបន្តបំពេញទស្សនកិច្ចនៅប្រទេសទីម័រឡេស្តេ ដែលចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃប្រទេសទាំងពីរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមពីថ្ងៃទី៥-៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧-៩ ខែឧសភា ឆ្នាំ២០២៥។
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅឥណ្ឌូនេស៊ី និងទីម័រឡេស្តេ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា ក្នុងការលើកកម្ពស់ការទូតសភារបស់កម្ពុជា សំដៅដល់ការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដែលនឹងរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
លោក ហ៊ុន សែន កន្លងមកក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋកាតា អេមីរ៉ាតអារ៉ាប់រួម និងសាធារណរដ្ឋតួកគី ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ដោយបានស្នើឲ្យបណ្តាប្រទេសនៅអារ៉ាប់ បង្កើនការវិនិយោគនៅកម្ពុជា ព្រោះថាកម្ពុជាមានសន្តិសុខស្បៀង ខណៈប្រទេស ៤ ទៀតនៅអារ៉ាប់ មានសន្តិសុខថាមពល ធនធានហិរញ្ញវត្ថុ និងមានបច្ចេកទេសខ្ពស់ ដែលអាចបំពេញឲ្យគ្នាទៅវិញទៅមក។ ទស្សនកិច្ចនេះ ធ្វើឡើងក្រោយពីលោកវិលត្រឡប់ពីធ្វើទស្សនកិច្ចនៅប្រទេសចិន ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

