32.7 C
Phnom Penh

លោក ហ៊ុន សែន អួត​ក្នុង​វេទិកា​អាស៊ាន​ថា​កម្ពុជា​មិនមែន​ជា​ប្រទេស​កម្សត់​ដូច​អតីតកាល​ទេ​ក្នុង​ជំនាន់​របស់​គាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អួត​ក្នុង​វេទិកា​អាស៊ាន​ក្នុង​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​៥ ឧសភា ថា កម្ពុជា​មិនមែន​ជា​ប្រទេស​កម្សត់​ដូច​ក្នុង​អតីតកាល​ទេ​ក្នុង​ជំនាន់​ដឹកនាំ​របស់​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា។

អតីត​កម្មាភិបាល​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម លោក ហ៊ុន សែន លើកឡើង​ថា លោក​មិនមែន​មាន​ត្រឹមតែ​បទពិសោធន៍​កសាង​ប្រទេស​កម្ពុជា​ពី​បាតដៃ​ទទេ​នោះ​ទេ សូម្បីតែ​វត្តមាន​របស់​កម្ពុជា​នៅ​ក្នុង​អាស៊ាន ក៏​លោក​ជា​អ្នក​គូសវាស​រៀបចំ​ផ្លូវ​ពី​ចំណុច​សូន្យ​ដែរ។

លោក​អះអាង​ថា ចំណុច​ចាប់ផ្ដើម​នៃ​ការ​ដឹកនាំ​របស់​លោក គឺ​កើត​ចេញពី​ភាព​ឯកោ​ខាង​នយោបាយ​ការទូត និង​សេដ្ឋកិច្ច ហើយ​ការ​តភ្ជាប់​របស់​កម្ពុជា​ជាមួយ​នឹង​អាស៊ាន គឺ​មាន​ឫសគល់​ចេញពី​ភាព​ឯកោ​នេះ​តែម្តង ព្រោះតែ​លោក​ចង់បាន​ការ​ទទួលស្គាល់​ស្មើ​មុខ ស្មើ​សិទ្ធិ និង​ការ​គោរព​ពេញលេញ​លើ​ឯករាជ្យ អធិបតេយ្យ និង​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​ប្រជាជាតិ​មួយ​នៅ​ក្នុង​តំបន់។

ប្រធាន​ព្រឹទ្ធសភា​រូប​នេះ​បញ្ជាក់​ថា ចំណុច​ចាប់ផ្ដើម​របស់​កម្ពុជា​ជាមួយ​អាស៊ាន មិនមែន​ជា​រឿងរ៉ាវ​ល្អ​ប៉ុន្មាន​ទេ ព្រោះ​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​៩០ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋ​កម្ពុជា ត្រូវ​បាន​អាស៊ាន​ចាត់ទុក​ថា​ជា​រដ្ឋាភិបាល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម នា​ពេល​នោះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ឧសភា នេះ​ថា ការ​អួតអាង​របស់​លោក ហ៊ុន សែន មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​ឡើយ ព្រោះ​ជាង ៤​ទសវត្សរ៍​ក្រោម​ការ​ដឹកនាំ​របស់​គាត់ ទ្រព្យសម្បត្តិ​របស់​ប្រទេស​កម្ពុជា​បាន​រង​នូវ​ភាព​វិនាស​ហិនហោច​គ្មាន​សល់ ខណៈ​ពលរដ្ឋ​ខ្មែរ​ក្លាយ​ជា​ពលរដ្ឋ​ក្រីក្រ និង​បាត់បង់​សិទ្ធិ​សេរីភាព​គ្រប់​គ្នា។

លោក អ៊ុំ សំអាន លើកឡើង​ថា លោក ហ៊ុន សែន បាន​បន្សល់​ឱ្យ​ពលរដ្ឋ​ខ្មែរ​នូវ​ភាព​ក្រីក្រ​ពេញ​ប្រទេស អំពើពុករលួយ​ពេញ​ស្ថាប័ន​រដ្ឋ អំពើ​ឧក្រិដ្ឋកម្ម​កើត​មាន​សឹង​គ្រប់​ទីកន្លែង ដូចជា អំពើ​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់ ការ​ជួញដូរ​គ្រឿងញៀន ការ​ចាប់​ជំរិត អំពើ​ឆបោក និង​ការ​ចាប់​បង្ខាំង​មនុស្ស ជាដើម។

ជាង​នេះ​ទៀត ក្រុម​ឧកញ៉ា និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​រក​ផល​ប្រយោជន៍​ឱ្យ​គ្រួសារ​លោក ហ៊ុន សែន ក៏​ចូល​ដៃ​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​បោកប្រាស់​ពលរដ្ឋ​ខ្លួនឯង តាមរយៈ​នៃ​ការ​លក់​ដី​ខ្យល់ លក់​ផ្ទះ​ខ្យល់ ក្នុង​នោះ​ក៏​មាន​ការ​បោកប្រាស់​ដោយ​បង្កើត​គម្រោង​វិនិយោគ​ដាក់​លុយ​ទទួល​បាន​ការប្រាក់​ខ្ពស់​ផង​ដែរ។

លោក​បន្ត​ថា ចំណែក​ធនធាន​ធម្មជាតិ​កម្ពុជា ដូចជា រ៉ែ ទាំង​លើ​គោក និង​ក្នុង​ក្រោម​ទឹក រួម​ទាំង​ព្រៃឈើ ត្រូវ​វិនាស​ហិនហោច​គ្មាន​សល់ ខណៈ​ទឹកដី​ត្រូវ​បរទេស​ជិតខាង​រំលោភ​បំពាន​យក​ជាបន្តបន្ទាប់ ចំណែក​លោក ហ៊ុន សែន បែរជា​គប់គិត​ជាមួយ​បរទេស​ឈ្លានពាន​ចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ឱ្យ​ពួកគេ​ជា​ថ្នូរ​នឹង​អំណាច​ដឹកនាំ​ប្រទេស​កម្ពុជា​បន្ត​ពូជ​ទៅវិញ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស