ក្នុងទស្សនកិច្ចផ្លូវការនាដើមសប្តាហ៍ខែឧសភា នេះ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសកាន់សាសនាអ៊ីស្លាមធំជាងគេលើពិភពលោក លោក ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា បានជួបមេដឹកនាំប្រទេសកោះចំនួន ១៧៥០០ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធថែមទៀតលើវិស័យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការខាងយោធា ថែមទាំងផ្លាស់ប្ដូរទស្សនៈសភា និងកិច្ចការទូត ព្រមទាំងនយោបាយសម្រាប់សហគមន៍អាស៊ានផងដែរ ក្រៅតែវិស័យវប្បធម៌ សិល្បៈរវាងប្រទេសទាំងពីរ។
លោក ហ៊ុន សែន បានជួបជាមួយប្រធានាធិបតីថ្មី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ជាកូនប្រសាអតីតប្រធានាធិបតី ស៊ូហារតូ (Suharto) ដែលស្វាគមន៍លោកនៅវិមានឯករាជ្យសេរីភាព Istana Merdeka ចរចារឿងបញ្ជូនពលករខ្មែរធ្វើចំណាកស្រុកទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ លោកក៏បានជួបជាមួយអ្នកស្រី ពួន មហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភា ដោយសម្ដែងគោលបំណងចង់បង្កើនបរិមាណជំនួញទំនិញ ជាពិសេសស្រូវអង្ករ និងសាច់សត្វសម្រាប់អ្នកកាន់សាសនាអ៊ីស្លាមបរិភោគស្របតាមជំនឿ ហៅថា ហាឡាល់។
យោងតាមការផ្សាយវិទ្យុសំឡេងសាធារណរដ្ឋឥណ្ឌូនេស៊ី (VOI) កាលពីថ្ងៃទី៧ ឧសភា ក្នុងជំនួបនោះ លោក ហ៊ុន សែន ហាក់បីដូចជារំភើបឃើញមានស្ត្រីដឹកនាំជាប្រធានរដ្ឋសភាជាតិនៅប្រទេសឥណ្ឌូនេស៊ី។ តាមការវិភាគ នេះហាក់ដូចជាបង្ហាញថា លោក ហ៊ុន សែន មិនបានសិក្សាល្អិតល្អន់ទេអំពីប្រវត្តិប្រទេសដែលលោកកំពុងធ្វើទស្សនកិច្ច មុនទៅធ្វើទស្សនកិច្ច។
សាធារណរដ្ឋឥណ្ឌូនេស៊ី មានស្ត្រីកាន់មុខតំណែងជារដ្ឋមន្ត្រី និងប្រធានាធិបតីប្រមាណ ៤០នាក់ហើយ ចាប់ឆ្នាំ១៩៩៩ មក។ អ្នកស្រី ពួន មហារ៉ានី ពីមុនជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍មនុស្សជាតិ និងកិច្ចការវប្បធម៌ ជាកូនស្រីអតីតប្រធានាធិបតី មេហ្គាវ៉ាទី ស៊ូការណូប៊ុត្រី ជាចៅស្រីបិតាឯករាជ្យជាតិឥណ្ឌូនេស៊ី អតីតប្រធានាធិបតី សឺការណូ (Soekarno) និងអ្នកស្រី ហាទីនី ជាមិត្តជិតស្និទ្ធនឹងអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហនុ ដែលជាមេដឹកនាំក្នុងបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ។
ជំនួញទ្វេភាគីរវាងរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីឆ្នាំទៅ មានចំនួនទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ។ តាមការចុះផ្សាយក្នុងសារព័ត៌មានមួយចំនួន ក្នុងឆ្នាំ២០២៥ នេះ ស្រុកខ្មែរនាំចូលទំនិញពីប្រទេសឥណ្ឌូនេស៊ី ភាគច្រើនជាធ្យូងគ្រាប់ចម្អិនអាហារ មានទឹកប្រាក់ ៩៩៣លានដុល្លារ។ ទំនិញដឹកពីស្រុកខ្មែរទៅប្រទេសឥណ្ឌូនេស៊ី ភាគច្រើនជាសំណ មានទឹកប្រាក់ប្រមាណ ១០៥លានដុល្លារ។ ក្នុងលក្ខណៈយកចិត្តថ្លើមរដ្ឋការក្រុងហ្សាការតា លោក ហ៊ុន សែន បានសន្យាថានឹងដាក់ឈ្មោះផ្លូវថ្នល់ពីរជូនវីរបុរសឥណ្ឌូនេស៊ី គឺអតីតប្រធានាធិបតី សឺការណូ និងប្រមុខការទូត រដ្ឋមន្ត្រីការបរទេស អាលី អាឡាតាស ដែលរួមគំនិតជួយបង្កើតកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា។
កាលពីឆ្នាំ២០២៤ ប្រទេសឥណ្ឌូនេស៊ី បានផ្តល់កាំភ្លើងចម្បាំង មានកាំភ្លើងវែង កាំភ្លើងខ្លី ហើយជួយបង្ហាត់ហ្វឹកហ្វឺនកងកុម្ម៉ង់ដូឆត្រយោង និងកងអង្គរក្សនាយករដ្ឋមន្ត្រីខ្មែរ។
យ៉ាងណាមិញ ប្រទេសទាំងពីរមិនដែលធ្វើសមយុទ្ធយោធាជាមួយគ្នាទ្វេភាគីក្នុងនាមជាសមាជិកសហគមន៍អាស៊ានទេ ប៉ុន្តែកងទ័ពខ្មែរគ្រោងធ្វើសមយុទ្ធក្នុងខែនេះជាមួយចិន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

