អតីតកម្មាភិបាលជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម លោក ហ៊ុន សែន អួតដាក់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ថា នយោបាយឈ្នះឈ្នះរបស់លោកបានបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ទើបកម្ពុជាមានសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។
លោក ហ៊ុន សែន លើកឡើងក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសទីម័រឡេស្តេ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នេះថា លោកបានស្វែងរកសុខសន្តិភាពជូនប្រទេសជាតិរហូតកម្ពុជាទទួលបានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ហើយបើគិតមកដល់ពេលបច្ចុប្បន្ន គឺមានរយៈពេល ២៧ឆ្នាំហើយ។
លោក ហ៊ុន សែន លើកឡើងទៀតថា នយោបាយឈ្នះឈ្នះរបស់លោក គឺមានធាតុផ្សំសំខាន់មួយចំនួន គឺការធានាអាយុជីវិត ធានាអាជីព និងមុខរបរ និងធានាកម្មសិទ្ធិឯកជនជូនដល់គូជម្លោះ ជាដើម ខណៈការចរចាដើម្បីស្វែងរកសុខសន្តិភាពសម្រាប់កម្ពុជា លោកបានដាក់ចេញនូវទិសដៅមួយចំនួន ក្នុងនោះក៏មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែរ។
ប្រធានព្រឹទ្ធសភាកម្ពុជារូបនេះបញ្ជាក់ថា ក្រោមការតស៊ូរបស់លោក បាននាំឲ្យកម្ពុជាមានសន្តិភាពរហូតដល់សព្វថ្ងៃនេះ ដែល ៥០០ឆ្នាំមុនមិនធ្លាប់មានទាល់តែសោះ ហើយលោកប្ដេជ្ញាថា ទោះកាលៈទេសៈណាក៏ដោយ ក៏លោកត្រូវតែការពារនូវសុខសន្តិភាពសព្វថ្ងៃនេះឲ្យខាងតែបានដែរ ព្រោះសន្តិភាពនេះ គឺមិនអាចស្វែងរកបានដោយងាយៗទេ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ ឧសភា នេះថា រយៈពេល ២៦ឆ្នាំដែលលោក ហ៊ុន សែន អួតថាកម្ពុជាមានសន្តិភាព គឺជាពាក្យភូតកុហកសុទ្ធសាធ ព្រោះចាប់តាំងពីគាត់ត្រូវបានវៀតណាម លើកបន្តុបជានាយករដ្ឋមន្ត្រីខ្មែរមក ពលរដ្ឋខ្មែររស់ក្រោមចុងកាណុងសន្តិភាពរបស់គាត់ជានិច្ច។
លោក អ៊ុំ សំអាន លើកឡើងថា ដែលហៅថាប្រទេសសន្តិភាពពិតប្រាកដ លុះត្រាតែពលរដ្ឋនៃប្រទេសនោះគ្មានការភ័យខ្លាចពីការអនុវត្តសិទ្ធិមូលដ្ឋានរបស់ខ្លួន ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរត្រូវចាប់ខ្លួនគ្រប់កន្លែង ឱ្យតែពួកគេបញ្ចេញមតិ តវ៉ាទាមទារសិទ្ធិសេរីភាព។ ជាក់ស្តែង សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន សកម្មជននយោបាយ និងមន្ត្រីបក្សប្រឆាំង ជាដើម ដែលអ្នកខ្លះត្រូវជាប់គុកមួយជីវិតក៏មាន។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា វាំងននសន្តិភាពរបស់លោក ហ៊ុន សែន គ្រាន់តែជាអក្សរដែលគាត់សរសេរយកទៅបិទពីលើប៉ុណ្ណោះ តាមពិតនៅផ្នែកម្ខាងទៀតរបស់វាំងនននេះ ពោរពេញទៅដោយឈាមខ្មែរស្លូតត្រង់រាប់សែននាក់ ព្រោះពលរដ្ឋខ្មែរស្លូតត្រង់ដែលទាមទារសិទ្ធិសេរីភាព ត្រូវរបបសន្តិភាពមួយនេះចាប់ដាក់គុក និងបាញ់សម្លាប់យ៉ាងឃោរឃៅ។
លោក អ៊ុំ សំអាន គូសបញ្ជាក់ថា របបសន្តិភាពក្រុងភ្នំពេញបច្ចុប្បន្ន មិនខុសពីរបបកម្ពុជាប្រជាធិបតេយ្យក្រុងភ្នំពេញកាលពីទសវត្សរ៍១៩៧០ ទេ ព្រោះសិទ្ធិសេរីភាពត្រូវបានបិទខ្ទប់ដូចគ្នា ខណៈការកាប់សម្លាប់ត្រូវបានធ្វើក្នុងរូបភាពផ្សេងពីមុនប៉ុណ្ណោះ ដូចជា ករណីបាញ់សម្លាប់លោក លិម គិមយ៉ា បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី លោក ជា វិជ្ជា និងព្រះភិក្ខុ សំ ប៊ុនធឿន ជាដើម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

