28 C
Phnom Penh

លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ឱ្យ​មាន​ព្រះជន្ម​យឺនយូរ​ដើម្បី​គង់​ជា​ម្លប់​ដល់​ប្រជានុរាស្ត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម ឱ្យ​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​ល្អ ព្រះ​ពលានុភាព​រឹងមាំ​ខ្លាំងក្លា និង​ព្រះជន្ម​យឺនយូរ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ថ្កុំថ្កើង​រុងរឿង​របស់​មាតុភូមិ និង​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ។

នាយករដ្ឋមន្ត្រី​ត​ពូជ​រូប​នេះ ចេញ​លិខិត​ថ្វាយ​ព្រះពរ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ខ្មែរ កាលពី​ថ្ងៃទី​១២ ឧសភា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ ឧសភា នេះ​ថា លោក​សូម​ក្រាប​ថ្វាយ​បង្គំ​នូវ​កតញ្ញុតាធម៌ និង​កតវេទិតា​ធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត ថ្វាយ​ព្រះករុណា​ព្រះ​បរមនាថ នរោត្ដម សីហមុនី ដែល​ព្រះអង្គ​បាន​បំពេញ​នូវ​ព្រះរាជ​តួនាទី​ដ៏​ឧត្ដុង្គ​ឧត្ដម​ថ្លៃថ្លា​ក្នុង​នាម​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ វឌ្ឍនភាព ការ​បង្រួបបង្រួម​ជាតិ និង​និរន្តរភាព​ជាតិ។

លោក ហ៊ុន ម៉ាណែត ថ្វាយ​ព្រះពរ​សូម​ឱ្យ​ព្រះអង្គ​គង់​ជា​ម្លប់​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ និង​ដើម្បី​លើក​កម្ពស់​កិត្យានុភាព​ជាតិ ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ ទាំង​ក្នុង​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច ការទូត ក្នុង​ម្លប់​នៃ​សន្តិភាព ឱ្យ​រឹងរឹត​តែ​មាន​ភាព​រីកចម្រើន​ជឿនលឿន​ប្រកប​ដោយ​សេចក្តី​សុខ​ក្សេមក្សាន្ត ចម្រុង​ចម្រើន និង​រុងរឿង។

ចំណែក​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក៏​ចេញ​លិខិត​ថ្វាយ​ព្រះពរ​នៅ​ថ្ងៃទី​១៣ ឧសភា នេះ​ផង​ដែរ ដោយ​លោក​សូម​ថ្វាយ​ព្រះពរ​ជាមួយ​នឹង​សមានចិត្ត​ស្វាមីភក្តិ​ចំពោះ​ព្រះរាជ​បល្ល័ង្ក ក្រោម​ម្លប់​ដ៏​ត្រជាក់​ត្រជំ ដែល​ប្រទេស​ជាតិ​កំពុង​បន្ត​ពង្រឹង​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​ការ​រីកចម្រើន​ឥត​ឈប់ឈរ​របស់​ប្រទេស​ជាតិ។

នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៥ គឺជា​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់ ៧២​ព្រះវស្សា​យាង​ចូល ៧៣​ព្រះវស្សា ក្នុង​ព្រះរាជកិច្ច​បំពេញ​ព្រះរាជ​តួនាទី ធានា​ឯករាជ្យ និង​បូរណភាព​ទឹកដី​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល។

ព្រះករុណា​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ជា​ព្រះរាជបុត្រ​ច្បង​របស់​ព្រះ​បរម​រតន​កោដ្ឋ សម្តេច​ព្រះ​នរោត្តម សីហនុ ដែល​បាន​ប្រសូត​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នៅ​ទីក្រុង​ភ្នំពេញ។

មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​យ៉ាង​ច្បាស់​ថា ព្រះមហាក្សត្រ​ទ្រង់​គ្រងរាជ្យ​សម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ ហើយ​ទ្រង់​នឹង​គង់​ជា​ប្រមុខរដ្ឋ​អស់​មួយ​ជីវិត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស