29.2 C
Phnom Penh

គណៈប្រតិភូ​ខ្មែរ​ទៅ​ចរចា​រឿង​ពន្ធ​ទំនិញ​នៅ​អាមេរិក ចប់​កិច្ចប្រជុំ​លើក​ទី​១ និង​រង់ចាំ​កិច្ចប្រជុំ​លើក​ទី​២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ការ​ចរចា​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក ជាពិសេស​ការ​ស្នើសុំ​បញ្ចុះ​អត្រា​ពន្ធ ៤៩% នឹង​ត្រូវ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ចរចា​លើក​ទី​២ ក្នុង​សប្តាហ៍​ទី​១ នៅ​ដើម​ខែ​ក្រោយ។

គណៈប្រតិភូ​ខ្មែរ​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល និង​ឯកអគ្គរាជទូត​ថ្មី លោក កុយ គួង។ ក្នុង​វគ្គ​ទី​មួយ​នៃ​កិច្ចប្រជុំ ភាគី​ទាំង​ពីរ​មិន​បាន​និយាយ​អំពី​រឿង​ពន្ធ ៤៩% ទេ គ្រាន់តែ​សម្ដែង​ការ​គួរសម​រាក់ទាក់​ធម្មតា។

អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៥ ឧសភា នេះ​ថា ក្រុម​ការងារ​ចំពោះ​កិច្ច​សម្របសម្រួល​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​កម្ពុជា-សហរដ្ឋ​អាមេរិក បាន​ចូលរួម​កិច្ចប្រជុំ​ចរចា​លើក​ទី​១ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​កម្ពុជា-អាមេរិក​ចប់​សព្វគ្រប់​ហើយ​ជាមួយ​ជំនួយការ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក អ្នកស្រី ហ្សារ៉ា អែលឺមែន (Sarah Ellerman)។

ប្រភព​ដដែល​អះអាង​ថា ក្នុង​កិច្ចប្រជុំ​លើក​ទី​១ នេះ ភាគី​ទាំង​ពីរ​បាន​លើកឡើង​ដោយ​ត្រង់ៗ​លើ​ការ​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី ព្រមទាំង​ពិភាក្សា​ស៊ីជម្រៅ​លើ​អត្ថបទ​សេចក្ដីព្រាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ ឬ​សេចក្តី​ព្រមព្រៀង​កំណត់​ពន្ធ​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​ពី​ស្រុក​ខ្មែរ​ដែរ។

អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល បញ្ជាក់​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​រៀបចំ​កិច្ចប្រជុំ​ចរចា​ជុំ​ទី​២ នៅ​សប្តាហ៍​ទី​១ នៅ​ខែ​មិថុនា ឆ្នាំ​២០២៥ ខាងមុខ​នេះ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន បន្ត​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​ការងារ​ចំពោះ​កិច្ច​សម្របសម្រួល​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា បាន​ជួប​ចរចា​ទ្វេភាគី​ជុំវិញ​ការ​កំណត់​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ពុធ។

កិច្ចប្រជុំ​នេះ ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​កំណត់​ពន្ធគយ ៤៩% (Reciprocal Tariff ៤៩%) លើ​ទំនិញ​កម្ពុជា​ដែល​នាំចូល​ទៅ​ទីផ្សារ​របស់​ខ្លួន កាលពី​ដើម​ខែ​មេសា កន្លង​ទៅ ដើម្បី​បញ្ចៀស​នូវ​ឱនភាព​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ជាមួយ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

មុន​ឈាន​ដល់​ការ​ចរចា​នេះ កម្ពុជា​បាន​បញ្ចុះ​ពន្ធ​លើ​ទំនិញ​អាមេរិក​ចំនួន ១៩​វិស័យ​ពី ៣៥% មក​នៅ​ត្រឹម ៥% ផង​ដែរ។ ជាង​នេះ​ទៀត កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​ក្លែង​បន្លំ​ដើមកំណើត​ទំនិញ ដែល​ត្រូវ​បាន​អនុវត្ត​កាលពី​ថ្ងៃទី​១២ ខែ​ឧសភា កន្លង​ទៅ​នេះ។

ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​១៣ ឧសភា ដោយ​ព្រមាន​ថា បើ​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​កម្ពុជា-សហរដ្ឋ​អាមេរិក ជាពិសេស​ការ​ស្នើសុំ​បញ្ចុះ​អត្រា​ពន្ធ ៤៩% បរាជ័យ កម្ពុជា​នឹង​ជួប​ឧបសគ្គ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ទៅ​ថ្ងៃ​មុខ។

លោក សេង វណ្ណលី លើកឡើង​ថា សព្វថ្ងៃ​នេះ កម្ពុជា​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​ប្រទេស​ដែល​ត្រូវ​បាន​ប្រើ​ជា​មូលដ្ឋាន​នៃ​ការ​ផលិត​ដោយ​ការ​នាំចូល​ទំនិញ​ពី​ចិន ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​អាមេរិក ក្រោម​ស្លាក Made in Cambodia ដែល​មាន​ន័យ​ថា ដំឡើង​នៅ​កម្ពុជា ធ្វើ​នៅ​កម្ពុជា និង​ផលិត​នៅ​កម្ពុជា។

លោក សេង វណ្ណលី គូស​បញ្ជាក់​ថា ការ​ស្ដារ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ការ​រក្សា​អព្យាក្រឹត្យ​លើ​នយោបាយ​ការទូត​របស់​កម្ពុជា សុទ្ធតែ​ជា​ចំណែក​ដែល​សហរដ្ឋ​អាមេរិក​ចង់​បាន មិនមែន​ត្រឹមតែ​បញ្ហា​ដោះដូរ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ។

ជាមួយ​គ្នា​នេះ គណៈប្រតិភូ​រាជរដ្ឋាភិបាល​មាន​លោក ស៊ុន ចាន់ថុល អ្នកស្រី ចម និម្មល និង​លោក​ឯកអគ្គរាជទូត កុយ គួង ក៏​បាន​ទៅ​ជួប​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ខាង​បក្ស​ប្រជាធិបតេយ្យ ពី​រដ្ឋ Illinois គឺ​អ្នកស្រី Tammy Duckworth សមាជិក​គណៈកម្មាធិការ​ព្រឹទ្ធសភា​ផ្នែក​កិច្ចការ​កងកម្លាំង​ប្រដាប់​អាវុធ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និង​ដឹកជញ្ជូន ការបរទេស និង​អតីត​យុទ្ធជន។ អ្នកស្រី​មាន​ឪពុក​ជា​ជនជាតិ​អាមេរិកាំង ម្តាយ​ជា​ជនជាតិ​ថៃ ជា​អតីត​នាយ​ទាហាន​ពិការ​ជើង​ទាំង​ពីរ​ក្នុង​ប្រតិបត្តិការ​ហោះហើរ​ឧទ្ធម្ភាគចក្រ​ចម្បាំង រង​គ្រោះថ្នាក់​ដោយ​គ្រាប់​រ៉ុក្កែត​បច្ចាមិត្ត ធ្លាក់​ក្នុង​ទឹកដី​ប្រទេស​អ៊ីរ៉ាក់។

អ្នកស្រី Tammy Duckworth ជា​សមាជិក​ព្រឹទ្ធសភា​ដែល​ស្អប់ខ្ពើម​របប​ផ្ដាច់ការ ជិះជាន់ រំលោភ​សិទ្ធិ​សេរីភាព​មនុស្ស ពុករលួយ និង​ប្រឆាំង​គោលនយោបាយ​ចិន​វាត​ឥទ្ធិពល​នៅ​ភូមិភាគ​អាស៊ី។

រាជាណាចក្រ​កម្ពុជា កំពុង​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កងទ័ព​ចិន ដែល​មាន​បុគ្គលិក​យោធា​ជាង ២០០០​នាក់​ចូលរួម​ធ្វើ​ប្រតិបត្តិការ​ខាង​ជើងគោក ជើងទឹក និង​ជើងអាកាស នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់ឆ្នាំង។

ទាក់ទង​នឹង​បញ្ហា​ខ្មែរ​ទាំងអស់​នេះ តើ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ធ្វើ​អ្វី​ទៀត?៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស