ខណៈមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា កំពុងបំពេញបេសកកម្មចរចារឿងពន្ធទំនិញនាំចូលសហរដ្ឋអាមេរិកពីប្រទេសកម្ពុជា ៤៩% ខាងគ្រឿងវាយនភណ្ឌសម្លៀកបំពាក់ និងបន្ទះថាមពលអគ្គិសនីប្រើពន្លឺព្រះអាទិត្យ ព្រមទាំងការប្រព្រឹត្តទៅនៃប្រតិបត្តិការយោធា សមយុទ្ធទ័ពចិន-ខ្មែរនាគមាស ២០២៥ លើទឹកដីខ្មែរ មានកិច្ចជួបពិភាក្សាមួយនៅក្លឹបអ្នកកាសែតនាទីក្រុងបាងកក នៅថ្ងៃសុក្រ ទី១៦ ខែឧសភា វេលាថ្ងៃត្រង់ លើប្រធានបទមានចំណងជើងថា៖ គោលនយោបាយ និងលំអានដានឧក្រិដ្ឋកម្មឆ្លងរដ្ឋ ជ្រោមជ្រែងដោយរដ្ឋ នៅប្រទេសកម្ពុជា ជាការគំរាមសន្តិសុខសកលលោក (Policies and Patterns: State-Abetted Transnational Crime in Cambodia As a Global Security Threat)។
កិច្ចពិភាក្សានេះ ផ្តល់ឱកាសឲ្យអ្នកឯកទេសជាច្រើនរូបវែកញែកបកស្រាយការស្រាវជ្រាវមួយ ដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក បង្ហាញអំពីឧក្រិដ្ឋកម្មតាមអន្តរបណ្ដាញឆ្លងរដ្ឋ (transnational cybercrimes) ជាកម្លាំងរុញច្រានសេដ្ឋកិច្ចមួយយ៉ាងសំខាន់ក្នុងអនុតំបន់ទន្លេមេគង្គ គឺមានចំណូលមួយឆ្នាំៗស្មើនឹង ៤០% នៃផលទុនក្នុងស្រុកសរុប (GDP) សម្រាប់ប្រទេសដែលជួយសម្រួលសកម្មភាពឧក្រិដ្ឋកម្មបែបនេះ។
ការសិក្សាស្រាវជ្រាវដោយវិទ្យាស្ថានសន្តិភាពនៃសហរដ្ឋអាមេរិក សរសេរថា មន្ត្រីដឹកនាំប្រទេសក្នុងតំបន់នេះមានជាប់ជំពាក់ទាក់ទិននឹងមុខរបរឧក្រិដ្ឋនេះកប់ខ្លួនរើខ្លួនលែងរួច ហើយមុខជំនួញនេះកាន់តែរីកធំដែលមិនងាយនឹងដួលរលំទៀតផង។
គេបានរកឃើញថា បណ្ដាញរកស៊ីឧក្រិដ្ឋនេះប្រទាក់ក្រឡាគ្នា រីករាលដាលរវាងឧក្រិដ្ឋជន និងមន្ត្រីរដ្ឋាភិបាល ហើយក្លាយជាបណ្ដាញឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលធំធេងក្នុងយុគសម័យទំនើបផងដែរ។
ដោយសំអាងលើកិច្ចសម្ភាសន៍ជាមួយអ្នកដឹងរឿងរ៉ាវជាច្រើនមជ្ឈដ្ឋាន មានអ្នកការទូត អ្នកកាសែត អ្នករកស៊ី អ្នកស្រាវជ្រាវជិត ១០០នាក់ អត្ថបទព័ត៌មានចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិ អ្នកជំនាញរកឃើញថា មណ្ឌលយ៉ាងសំខាន់នៃឧក្រិដ្ឋកម្មប្រភេទនេះ គឺនៅក្នុងប្រទេសកម្ពុជាតែម្តង។ គេថាហេតុនេះហើយបានជាអន្តរាគមន៍ខាងកិច្ចការទូតស្វែងរកចង់បានកំណែទម្រង់ក្នុងប្រទេសមិនអាចបញ្ឈប់វាបានដោយជោគជ័យ។
អ្នកចូលរួមក្នុងកិច្ចពិភាក្សានេះ រួមមាន៖
- លោក Jacob Sims មជ្ឈមណ្ឌលអាស៊ីនៃសាកលវិទ្យាល័យអាមេរិកាំង (Asia center, Harvard University)
- Lindsey Kennedy នាយកស្រាវជ្រាវនៃគម្រោងសាក្សីផ្ទាល់ (research director, Eyewitness Project)
- Mark Taylor អតីតនាយកគម្រោងប្រឆាំងការរត់ពន្ធ វិនរ៉ក់អន្តរជាតិ (former chief of party, counter-trafficking project (Cambodia) Winrock International)
- Jason Tower អ្នកជំនាញផ្នែកឧក្រិដ្ឋកម្មឆ្លងរដ្ឋប្រចាំតំបន់ (regional transnational crime expert)
- អ្នកសម្របសម្រួល (Moderator) លោក Phil Robertson នាយកអង្គការគាំពារការងារ និងសិទ្ធិមនុស្សអាស៊ី (director, Asia Human Rights and Labor Advocates, and FCCT board)៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

