អង្គការសមាគមជាង ១០ ចាត់ទុកការចាប់ខ្លួនអ្នកសារព័ត៌មានផ្នែកបរិស្ថាន លោក អ៊ុក ម៉ៅ គឺជាផ្នែកមួយនៃការគំរាមកំហែង បំភិតបំភ័យ និងបំបិទសំឡេងអ្នកសារព័ត៌មាន និងអ្នកការពារបរិស្ថាន។
អង្គការសមាគមចំនួន ១៤ រួមមានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជាដើមបានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២១ ឧសភា នេះ ដោយអំពាវនាវឱ្យរដ្ឋាភិបាលលើកលែងការចោទប្រកាន់ និងដោះលែងអ្នកសារព័ត៌មានផ្នែកបរិស្ថាន លោក អ៊ុក ម៉ៅ ជាបន្ទាន់ និងឥតលក្ខខណ្ឌ។
ប្រភពដដែលទាមទារឱ្យរដ្ឋាភិបាល បញ្ឈប់រាល់ទម្រង់នៃការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ និងការគំរាមកំហែងប្រឆាំងនឹងលោក អ៊ុក ម៉ៅ និងអ្នកសារព័ត៌មានដទៃទៀត ជាពិសេសអ្នករាយការណ៍អំពីបរិស្ថាន និងជម្លោះដីធ្លី និងត្រូវធានាការពារសិទ្ធិសេរីភាពបញ្ចេញមតិអ្នកសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិផងដែរ។
អង្គការសមាគមទាំងនេះ ជំរុញឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតដោយតម្លាភាពលើអំពើហិង្សាដែលបានកើតឡើងលើលោក អ៊ុក ម៉ៅ កាលពីចុងខែមីនា កន្លងទៅឡើងវិញ ដើម្បីផ្តល់យុត្តិធម៌សម្រាប់រូបលោក ព្រោះមកដល់ពេលនេះ លោក អ៊ុក ម៉ៅ មិនត្រឹមតែរងនូវអំពើហិង្សាទេ ថែមទាំងកំពុងប្រឈមនឹងបណ្តឹងផ្លូវច្បាប់រហូតដល់ ១៥ករណីថែមទៀតពីសកម្មភាពរាយការណ៍ពីបញ្ហាបរិស្ថានរបស់លោក។
លោក អ៊ុក ម៉ៅ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ និងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្ទឹងត្រែង ដោយចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ»។
លោក អ៊ុក ម៉ៅ មានអាយុ ៤៩ឆ្នាំ រស់នៅភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្រៅពីការងារជាកសិករ លោកក៏មានមុខងារជាអ្នកសារព័ត៌មាន “ឥន្ទ្រីផ្លាសញ៊ូ” ផងដែរ ដែលលោកតែងតែចុះល្បាតតាមតំបន់ព្រៃសហគមន៍ ថតសកម្មភាពឈ្មួញកាប់បំផ្លាញព្រៃឈើ និងសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ជាបន្តបន្ទាប់។
ក្រោមសកម្មភាពទាំងនេះ លោកក៏បានរងបណ្ដឹងចំនួន ១៥ករណីផ្សេងទៀតដែរនៅតុលាការខេត្តស្ទឹងត្រែង ដែលបណ្ដឹងភាគច្រើន ចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទកាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកជាកម្មសិទ្ឋិ» ខណៈដើមបណ្ដឹងភាគច្រើនជាមន្ត្រីបរិស្ថាន និងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង រួមទាំងស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ផងដែរ។
ទិន្នន័យសង្គមស៊ីវិល បង្ហាញថា អ្នកសារព័ត៌មានជាង ៦៤នាក់ ត្រូវបានរកឃើញថាបានរងនូវការយាយីតាមប្រព័ន្ធតុលាការក្នុងចំណោមការយាយីទាំង ៤១ករណី ដោយសារតែការរាយការណ៍ព័ត៌មានរបស់ខ្លួន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

