31.7 C
Phnom Penh

អ៊ុយក្រែន កម្ទេច​យន្តហោះ​ចម្បាំង​រុស្ស៊ី ៤១​គ្រឿង ខណៈ​ការ​ចរចា​សន្តិភាព​ជុំ​ថ្មី រំពឹង​ថា​នឹង​ចាប់ផ្ដើម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ៊ុយក្រែន បាន​បើក​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅ​លើ​ប្រទេស​រុស្ស៊ី ដោយ​បាន​កម្ទេច​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី ៤១​គ្រឿង បង្ក​ឱ្យ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ។ នេះ​បើ​តាម​មន្ត្រី​សន្តិសុខ​អ៊ុយក្រែន ដែល​បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Associated Press។

ចំណែក​ខាង​រុស្ស៊ី ក៏​បាន​វាយប្រហារ​លើ​អ៊ុយក្រែន ដោយ​មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​ថ្ងៃ​មុន​ពេល​ភាគី​ទាំង​ពីរ​អាច​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​កិច្ចចរចា​ដោយ​ផ្ទាល់​នៅ​ទីក្រុង​អ៊ីស្តាន់ប៊ុល ដែល​គេ​រំពឹង​ថា​អាច​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២ ខែ​មិថុនា នេះ។

ពួក​មន្ត្រី​អ៊ុយក្រែន ឱ្យ​ដឹង​ថា ការ​វាយប្រហារ​នេះ​ចំណាយ​ពេល​ជាង ១៨​ខែ ដែល​អ៊ុយក្រែន បាន​សម្រិតសម្រាំង​ជា​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​ដ្រូន​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន ដែល​ទីបំផុត វាយប្រហារ​លើ​ទីតាំង​សំខាន់ៗ​ដោយ​ជោគជ័យ។ ប្រតិបត្តិការ​នេះ ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ពី​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី។

ក្រុម​មន្ត្រី​អ៊ុយក្រែន បាន​បន្ត​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន បាន​វាយប្រហារ​លើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដែល​បាន​ដាក់​ពង្រាយ​នៅ​មូលដ្ឋាន​ជាច្រើន​កាលពី​រសៀល​ថ្ងៃ​អាទិត្យ យ៉ាងតិច ៤១​គ្រឿង។ យន្តហោះ​ចម្បាំង​រុស្ស៊ី ទាំងនោះ​រួម​មាន យន្តហោះ​ទម្លាក់​គ្រាប់បែក A-50, Tu-95 និង Tu-22M។

កន្លង​មក ទីក្រុង​មូស្គូ ត្រូវ​បាន​គេ​ដឹង​ថា​ធ្លាប់​បាន​ប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រភេទ Tu-95 និង Tu-22 ឬ Tu-160 បំពាក់​ដោយ​មីស៊ីល​វាយប្រហារ​ទៅ​លើ​អ៊ុយក្រែន ខណៈ​ដែល​យន្តហោះ A-50 របស់​រុស្ស៊ី ត្រូវ​បាន​ប្រើ​ដើម្បី​សម្របសម្រួល​គោលដៅ និង​ស្វែងរក​ការ​ការពារ​ដែនអាកាស​ទប់ទល់​នឹង​មីស៊ីល​របស់​អ៊ុយក្រែន។

ជាមួយ​គ្នា​នេះ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ខ្លួន​ពី​ការ​វាយប្រហារ​លើ​មូលដ្ឋាន​ចំនួន ៤​ទីតាំង ដោយ​ការ​វាយប្រហារ​មាន​ចំនួន ៥​លើក ដោយ​ក្រុម​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន។ ប្រភព​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ឲ្យ​ដឹង​ថា ការ​វាយប្រហារ​ដោយ​កង​យន្តហោះ​ដ្រូន​របស់​អ៊ុយក្រែន បាន​បំផ្លាញ​យន្តហោះ​ចម្បាំង​រុស្ស៊ី និង​បង្ក​ឱ្យ​មាន​ការ​ឆេះ​នៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ក្នុង​តំបន់​អឺកឃុត (Irkutsk) ចម្ងាយ​ជាង ៣​ពាន់​គីឡូម៉ែត្រ​ពី​ប្រទេស​អ៊ុយក្រែន។

ហ្វូង​ដ្រូន​អ៊ុយក្រែន វាយប្រហារ​ខ្លាំង​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​មួម៉ាន់ (Murmansk) របស់​រុស្ស៊ី។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​បញ្ជាក់​ថា ការ​វាយប្រហារ​នេះ កើតឡើង​នៅ​ក្នុង​តំបន់ Amur នៅ​ចុង​បូព៌ា​នៃ​ប្រទេស​រុស្ស៊ី និង​តំបន់​ខាងលិច​នៃ​ទីក្រុង Ivanovo និង Ryazan។

ស្រប​ពេល​នេះ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ឱ្យ​ដឹង​ថា យន្តហោះ​ដ្រូន​របស់​អ៊ុយក្រែន ចំនួន ១៦២​គ្រឿង ត្រូវ​បាន​បាញ់​ស្ទាក់​កាលពី​វេលា​យប់​ឈាន​ចូល​ដល់​ថ្ងៃ​ចន្ទ ទី​២ ខែ​មិថុនា នេះ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​ខ្លួន​បាន​បាញ់​ស្ទាក់ និង​កម្ទេច​ដ្រូន​អ៊ុយក្រែន​ទាំងនោះ​កាលពី​ចន្លោះ​ម៉ោង ១២​យប់​រំលង​អាធ្រាត្រ និង​ម៉ោង ៦​ព្រឹក។

យន្តហោះ​ដ្រូន​ទាំងនោះ ភាគច្រើន​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​លើ​តំបន់​ជាប់​ព្រំប្រទល់​អ៊ុយក្រែន ក្នុង​នោះ ៥៧​គ្រឿង​នៅ​តំបន់ Kursk និង ៣១​គ្រឿង​នៅ​តំបន់ Belgorod។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ការ​វាយប្រហារ​នេះ ក៏​បាន​កើតឡើង​ស្រប​ពេល​ដែល​លោក ហ្សេឡេនស្គី បាន​លើកឡើង​ថា អ៊ុយក្រែន អាច​បញ្ជូន​គណៈប្រតិភូ​ទៅ​ទីក្រុង​អ៊ីស្តាន់ប៊ុល សម្រាប់​ជុំ​ថ្មី​នៃ​ការ​ចរចា​សន្តិភាព​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ី ដែល​រំពឹង​អាច​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ចន្ទ​ក្នុង​សប្ដាហ៍​នេះ។

បើ​តាម​អាជ្ញាធរ​អ៊ុយក្រែន កាលពី​វេលា​យប់​កន្លង​ទៅ ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស និង​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី បាន​ផ្តាច់​ជីវិត​មនុស្ស ៥​នាក់​នៅ​ជាយ​ទីក្រុង Zaporizhzhia ភាគ​អាគ្នេយ៍​ប្រទេស ខណៈ​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​លើ​តំបន់ Sumy ភាគ​ឦសាន បាន​បង្ក​ឱ្យ​មនុស្ស​យ៉ាងហោច ៦​នាក់​ផ្សេង​ទៀត​រង​របួស។ អាជ្ញាធរ​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា ស្ត្រី ៣​នាក់​បាន​ស្លាប់ ក្រោយ​ការ​បាញ់​ផ្លោង​ជាបន្តបន្ទាប់ មាន​គោលដៅ​លើ​ភូមិ​មួយ​នៅ​ជាយ​ភាគ​ខាងកើត​ទីក្រុង Zaporizhzhia ខណៈ​ហាង​លក់ដូរ​មួយ និង​លំនៅឋាន​ប៉ុន្មាន​ខ្នង បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ។ រីឯ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​សង្កាត់​ក្បែរ​គ្នា ក្នុង​ការ​វាយប្រហារ​របស់​រុស្ស៊ី ដោយ​ប្រើប្រាស់​គ្រាប់បែក​ទម្លាក់​ពី​អាកាស។

ការ​វាយប្រហារ​មួយ​ទៀត​របស់​រុស្ស៊ី ក៏​បណ្ដាល​ឱ្យ​មនុស្ស ៩​នាក់​បាន​រង​របួស ក្នុង​ករណី​វាយប្រហារ​ប៉ះ​ចំ​លំនៅឋាន​ឯកជន​មួយ​ខ្នង ត្រូវ​បាន​បំផ្លាញ​ខ្ទេច​ទាំងស្រុង។ ទន្ទឹម​គ្នា មាន​កុមារ ២​នាក់​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ទាំង ៦​នាក់​ដែល​រង​របួស ក្នុង​ការ​វាយប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី ទៅ​លើ​តំបន់ Sumy។

កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​១ ខែ​មិថុនា អ៊ុយក្រែន បាន​អះអាង​ពី​ការ​ប្រើប្រាស់​យន្តហោះ​ដ្រូន​ជាង ១០០​គ្រឿង ឆ្មក់​វាយប្រហារ​ក្នុង​ទ្រង់ទ្រាយ​ធំ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ជាច្រើន​កន្លែង ស្ថិត​នៅ​យ៉ាង​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី ក្នុង​គោលដៅ​បំផ្លាញ​យន្តហោះ​យោធា​របស់​រុស្ស៊ី ជាពិសេស​យន្តហោះ​ទម្លាក់​គ្រាប់បែក។

ស្រប​ពេល​ដែល​ថា​ភាគី​រុស្ស៊ី និង​អ៊ុយក្រែន អាច​នឹង​ជួប​ចរចា​ជា​ថ្មី​ទៀត ប្រទេស​ជា​មហាអំណាច​អឺរ៉ុប ដូចជា​បារាំង អង់គ្លេស អាល្លឺម៉ង់ រួម​នឹង​ប្រទេស​ប៉ូឡូញ បាន​ទទូច​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី រឹតតែ​ខ្លាំង ប្រសិនបើ​លោក ពូទីន នៅតែ​មិន​ព្រម​ទទួលយក​បទ​ឈប់​បាញ់។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្មីៗ​នេះ​ក៏​បាន​ចេញ​សារ​ព្រមាន​ថា រាប់​ពី​ថ្ងៃ​ចន្ទ​ក្នុង​សប្ដាហ៍​នេះ បើ​រុស្ស៊ី មិន​ធ្វើ​ឱ្យ​មាន​លទ្ធផល​ដ៏​សំខាន់​ទៅ​រក​សន្តិភាព លោក​ថា​រដ្ឋការ​របស់​លោក​នឹង​បោះបង់​ចោល​ផែនការ​សន្តិភាព ហើយ​បន្ថែម​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ទៅ​លើ​រុស្ស៊ី៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស