ទីបំផុត អ៊ុយក្រែន និងរុស្ស៊ី បានបើកកិច្ចចរចាជុំទី២ រួមគ្នានៅទីក្រុងអ៊ីស្តាន់ប៊ុល ដោយប្រទេសទាំងពីរបានបញ្ជូនគណៈប្រតិភូទៅចូលរួមក្នុងកិច្ចចរចាដូចកាលពីការចរចានៅជុំទីមួយដែរ។
ទោះជាយ៉ាងណា លទ្ធផលនៃកិច្ចប្រជុំនៅតែមិនអាចបង្ហាញយ៉ាងច្បាស់លាស់ថា តើភាគីទាំងពីរនឹងអាចឈានទៅដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ឬយ៉ាងណានោះទេ។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន RBC-Ukraine បានឲ្យដឹងថា ការចរចារវាងអ៊ុយក្រែន និងរុស្ស៊ី ចាប់ផ្តើមនៅម៉ោង ១រសៀល កាលពីថ្ងៃចន្ទ ទី២ មិថុនា ហើយកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅវិមាន Çırağan នៃប្រទេសតួកគី ខណៈដែលតួកគី ត្រូវដើរតួជាអ្នកសម្រុះសម្រួលកិច្ចចរចារវាងអ៊ុយក្រែន និងរុស្ស៊ី ជាថ្មីម្ដងទៀត។ ក្រោយពីដំណើរការចរចាបានជាង ១ម៉ោងបន្តិច ក៏បានបិទវិញ ដោយពុំអាចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។
លោក Vladymir Medinsky ជំនួយការលោក ពូទីន បានបង្ហាញព័ត៌មានលម្អិតនៃអនុស្សរណៈដែលត្រូវបានប្រគល់ទៅឱ្យភាគីអ៊ុយក្រែន។ ឯកសារដែលត្រូវបានប្រគល់នេះ មានពីរផ្នែក ដោយផ្នែកទីមួយ បានបង្ហាញពីជំហររបស់ទីក្រុងមូស្គូ អំពីរបៀបដើម្បីសម្រេចបាននូវសន្តិភាពរយៈពេលវែងពិតប្រាកដ។ ផ្នែកទីពីរ គឺពិពណ៌នាអំពីអ្វីដែលត្រូវចាត់វិធានការដើម្បីបើកកិច្ចចរចាអំពីបទឈប់បាញ់ពេញលេញ។ លើសពីនេះទៅទៀត ផ្នែកនេះរួមបញ្ចូលជម្រើស មធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត ក្នុងនោះរួមមាន ការអាចជួបគ្នារវាងលោក ហ្សេឡេនស្គី និងលោក ពូទីន ដែលអាចជួបជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។
យ៉ាងណាក៏ដោយ គ្មានសញ្ញាណាមួយបង្ហាញថា ពួកគេខិតទៅជិតកិច្ចព្រមព្រៀងនេះទេ។
កិច្ចពិភាក្សាដែលធ្វើឡើងនៅវិមាន Ciragan ក្នុងក្រុងអ៊ីស្តាន់ប៊ុល ត្រូវបានគេរំពឹងថានឹងផ្ដោតទៅលើគំនិតរៀងៗខ្លួនរបស់ភាគីទាំងពីរ សម្រាប់បទឈប់បាញ់ពេញលេញ និងផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែង។
លោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ី បាននិយាយថា រុស្ស៊ីបានទទួលសេចក្តីព្រាងអនុស្សរណៈរបស់អ៊ុយក្រែន ហើយ។ អនុសារណៈនេះបង្ហាញសេចក្តីព្រាងកិច្ចព្រមព្រៀងរបស់ខ្លួន រួមទាំងសំណើបទឈប់បាញ់ដែលមិនបានបញ្ជាក់ពេលវេលា។ គណៈប្រតិភូអ៊ុយក្រែន ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov។
ជារឿងចម្លែកបន្តិច ព្រោះប្រធានគណៈប្រតិភូរុស្ស៊ី ដែលជាជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី បាននិយាយថា រុស្ស៊ីបានស្នើឱ្យអ៊ុយក្រែន នូវគំនិតនៃបទឈប់បាញ់ក្នុងរយៈពេលពីរទៅបីថ្ងៃ ដើម្បីប្រមូលយកសាកសពទាហានរុស្ស៊ី ដែលស្លាប់នៅសមរភូមិយកទៅបញ្ចុះក្នុងទឹកដីរុស្ស៊ី តែសំណើនេះត្រូវបានទាត់ចោលដោយក្រុមគណៈប្រតិភូប្រទេសអ៊ុយក្រែន។
គណៈប្រតិភូប្រទេសអ៊ុយក្រែន នៅតែទាមទារឱ្យមានការព្រមព្រៀងបទឈប់បាញ់រយៈពេល ៣០ថ្ងៃពេញលេញ តែភាគីរុស្ស៊ី មិនព្រម។
លោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ី បានបន្តថា ពួកគេបានស្នើបទឈប់បាញ់ជាក់លាក់មួយរយៈពេល ពីរទៅបីថ្ងៃ នៅតំបន់មួយចំនួននៃសមរភូមិជួរមុខ។ យោងតាមលោក Medinsky បានឱ្យដឹងថា គោលបំណងនៃបទឈប់បាញ់រយៈពេលខ្លីនេះ គឺដើម្បីផ្អាកនូវសកម្មភាពយន្តហោះគ្មានមនុស្សបើក និងដើម្បីអនុញ្ញាតឱ្យមេបញ្ជាការអាចប្រមូលយកសាកសពទាហានរុស្ស៊ី ដែលបានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធ ត្រឡប់ទៅប្រទេសរុស្ស៊ី តែសំណើបទឈប់បាញ់រយៈពេល ៣ថ្ងៃ មិនត្រូវបានភាគីអ៊ុយក្រែន យល់ព្រមនោះទេ។
ជាមួយគ្នានេះ ប្រធានគណៈប្រតិភូចរចារបស់រុស្ស៊ី លោក Vladimir Medinsky បានថ្លែងឲ្យដឹងថា ទីក្រុងមូស្គូ នឹងប្រគល់សាកសពទាហានអ៊ុយក្រែន ចំនួន ៦ពាន់នាក់ត្រឡប់ទៅឲ្យអ៊ុយក្រែន វិញ។
ទាក់ទងនឹងការប្រគល់សាកសពទាហាន លោក មេឌីនស្គី បានបញ្ជាក់ពីការសម្រេចចិត្តរបស់ទីក្រុងមូស្គូ ក្នុងការប្រគល់សាកសពទាហានអ៊ុយក្រែន ចំនួន ៦ពាន់នាក់ ដែលជាកាយវិការមួយអាចត្រូវបានគេមើលឃើញថា ជាវិធានការកសាងទំនុកចិត្ត។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចចរចាជុំទី២ រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុងអ៊ីស្តាន់ប៊ុល នៃប្រទេសតួកគី កាលពីថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥។
តែជាមួយគ្នានេះ ភាគីអ៊ុយក្រែន បានទទូចឲ្យរុស្ស៊ី ដោះលែងអ្នកទោសទាំងអស់ និងការវិលត្រឡប់មកវិញនៃកុមារដែលត្រូវបានចាប់ពង្រត់។
លោក Rustem Umerov រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានលើកឡើងថា នៅក្នុងការដោះលែងអ្នកទោសសង្គ្រាម សម្រាប់អ៊ុយក្រែន បានយល់ព្រមផ្ដោតលើប្រភេទជាក់លាក់ មិនមែនចំនួននោះទេ។
អ៊ុយក្រែន និងរុស្ស៊ី ឥឡូវនេះក៏បានព្រមព្រៀងគ្នាលើការផ្លាស់ប្ដូរអ្នកទោសសង្គ្រាមដែលកំពុងរងរបួសធ្ងន់ធ្ងរទៅវិញទៅមក។ ជាមួយគ្នានេះ ទាហានវ័យក្មេងដែលមានអាយុពី ១៨ ទៅ ២៥ឆ្នាំទាំងអស់ ក៏នឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសកំណើតរៀងៗខ្លួននៅអ៊ុយក្រែន ដែរ។
លោក Umerov បានផ្តល់យោបល់ដំបូងរបស់គាត់បន្ទាប់ពីមានការពិភាក្សាអំពីលទ្ធភាពនៃបទឈប់បាញ់។ លោកបានលើកឡើងថា អ៊ុយក្រែនយល់ព្រមលើការផ្លាស់ប្ដូរ ហើយនឹងប្រកាសព័ត៌មានលម្អិតក្នុងពេលឆាប់ៗនេះ។ ឥឡូវនេះ អ៊ុយក្រែនកំពុងផ្ដោតទៅលើការផ្លាស់ប្ដូរអ្នករបួសធ្ងន់ធ្ងរ និងមានជំងឺ ក៏ដូចជាការផ្លាស់ប្ដូរសាកសព ដែលនឹងផ្តល់ព័ត៌មានលម្អិតនៅពេលក្រោយ។
តែភ្លាមៗនោះ លោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ី នៅតែបន្តទាមទារឱ្យអ៊ុយក្រែន បញ្ឈប់ចលនាកងទ័ពនៅសមរភូមិជួរមុខទាំងអស់ ហើយដែនដីចំនួន ៥តំបន់ មានដូចជា តំបន់ដូណែត, លូហ្គាន់ ហ្សាប៉ូរីសហ្សា និងខឺសុន រួមទាំងឧបទ្វីបគ្រីមៀរ ត្រូវបានទទួលស្គាល់ជាដែនដីស្របច្បាប់របស់រុស្ស៊ី។
កិច្ចចរចានៅទីក្រុងអ៊ីស្តាន់ប៊ុល នេះ គឺជាជំនួបដោយផ្ទាល់លើកទីពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលភាគីទាំងពីរកំពុងព្យាយាមពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាព និងលទ្ធភាពនៃបទឈប់បាញ់ ទោះបីជាកិច្ចចរចាលើកមុនមិនបានសម្រេចការព្រមព្រៀងលើបទឈប់បាញ់ទូទៅក៏ដោយ។
តែបែបនេះក្ដី អ្នកសង្កេតការណ៍នៅតែមិនដឹងថា ពេលណាជាក់លាក់ដែលភាគីចម្បាំងគ្នាទាំងរុស្ស៊ី និងអ៊ុយក្រែន អាចនឹងឈានដល់កិច្ចព្រមព្រៀងយុទ្ធសន្តិភាព ឬកិច្ចព្រមព្រៀងឈប់បាញ់មួយរឹងមាំនោះទេ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

