26.9 C
Phnom Penh

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ប្រកាស​ថា​កម្ពុជា​មិន​បាន​ដក​កងទ័ព​ចេញពី​តំបន់​មុំ​បី​នោះ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​កម្ពុជា បដិសេធ​ពី​ការ​ដក​កងទ័ព​ចេញពី​តំបន់​មុំ​បី ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ខ្លួន និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួលយក​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ពី​រដ្ឋាភិបាល ជាជាង​ទទួល​ព័ត៌មាន​ពី​ប្រភព​មិន​ច្បាស់លាស់។

ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​០៩ មិថុនា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ពុំ​បាន​ដក​កងទ័ព​ចេញពី​តំបន់​មុំ​បី ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​នោះ​ឡើយ ដែល​កងទ័ព​កម្ពុជា​បាន​ឈរជើង​កាន់កាប់​តាំងពី​យូរ​មក​ហើយ​នោះ។

ប្រភព​ដដែល​អះអាង​ថា រាល់​ការ​រៀបចំ​កម្លាំង​របស់​កងទ័ព រាប់​ទាំង​ការ​ឈរជើង ការ​ពង្រាយ ការ​កែសម្រួល និង​ការ​ចល័ត​កម្លាំង គឺ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​ទាំងអស់​ក្នុង​គោលដៅ​ត្រៀម​ខ្លួន​ការពារ​បូរណភាព​ទឹកដី​ជានិច្ច។

ក្រសួង​ការពារ​ជាតិ បញ្ជាក់​ថា កងទ័ព​កម្ពុជា​គាំទ្រ​ដល់​ការ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ប៉ុន្តែ​ក៏​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដែរ ដើម្បី​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​ឈ្លានពាន​នានា។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ​ថា ការ​កែសម្រួល​កម្លាំង​កងទ័ព​នៅ​តំបន់​មាន​ជម្លោះ​រវាង​កម្ពុជា-ថៃ គឺជា​រឿង​ចាំបាច់​បំផុត​ដើម្បី​បញ្ចៀស​នូវ​ការ​ប៉ះទង្គិច​គ្នា​ដែល​ឈាន​ដល់​ការ​បង្ហូរ​ឈាម​ទ្រង់ទ្រាយ​ធំ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ អះអាង​ថា ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ពិត​ជា​ចង់​មាន​សន្តិភាព និង​មិន​ចង់​ឃើញ​នូវ​សង្គ្រាម​នោះ​ឡើយ ប៉ុន្តែ​ទោះ​បែបនេះ​ក្តី ក៏​កម្ពុជា​នៅតែ​បន្ត​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ដែរ។

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដើម្បី​បញ្ចៀស​សង្គ្រាម​បង្ហូរ​ឈាម និង​ដើម្បី​មិត្តភាព រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជិតខាង។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ជាច្រើន​របស់​ថៃ បាន​ចេញ​ផ្សាយ​ព្រោងព្រាត​ដោយ​បញ្ជាក់​ថា កងទ័ព​កម្ពុជា និង​ថៃ បាន​ដក​កម្លាំង​ចេញពី​តំបន់​មុំ​បី ខណៈ​លេណដ្ឋាន ឬ​ត្រង់សេ​ដែល​កងទ័ព​កម្ពុជា​បាន​ជីក ក៏​មាន​ការ​ផ្សព្វផ្សាយ​ថា​ត្រូវ​បាន​លុប​ទៅវិញ​ដែរ។

ទោះជា​មាន​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា អំពី​ការ​ប្រកាស​មិន​ដក​ទ័ព​ពី​តំបន់​មុំ​បី​ក៏ដោយ ក៏​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន នៅតែ​អះអាង​ថា ការ​ប្រកាស​កែសម្រួល​កងទ័ព គឺ​មាន​ន័យ​ថា​ដក​ទ័ព។ លោក​បន្ត​ថា លោក ហ៊ុន សែន បាន​ដក​ទ័ព​ជាង ២០០​ម៉ែត្រ​ពី​តំបន់​មុំ​បី ដែល​កងទ័ព​កម្ពុជា​បាន​ជីក​លេណដ្ឋាន​រួច ឬ​ជីក​ត្រង់សេ​រួច​ទៅ​ហើយ។ លោក​ថា រហូត​មក​ទល់​ពេលនេះ កម្ពុជា​បាន​លុប​ត្រង់សេ​ទាំងនោះ​រួច​ទៅ​ហើយ។

លោក អ៊ុំ សំអាន លើកឡើង​នៅ​ថ្ងៃទី​០៩ មិថុនា នេះ​ថា ការ​ដក​ទ័ព​ចេញពី​តំបន់​មុំ​បី​តាម​ការ​ស្នើសុំ​របស់​ថៃ អាច​មាន​ការ​សង្ស័យ​ជាច្រើន ក្នុង​នោះ​រួម​មាន ការ​ភ័យខ្លាច​របស់​លោក ហ៊ុន សែន ទាក់ទិន​នឹង​ការ​ទម្លាយ​អាថ៌កំបាំង​ដែល​គាត់​នៅ​ពីក្រោយ​ឃាតកម្ម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ជាដើម។ ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​អាច​ខ្លាច​ថៃ ផ្តល់​ទីតាំង​ឱ្យ​សកម្មជន​នយោបាយ និង​ទាំង​មន្ត្រី​បក្ស​ប្រឆាំង​មាន​មូលដ្ឋាន​ប្រឆាំង​នឹង​គាត់​ដែរ។ លើស​ពី​នេះ គាត់​ក៏​ខ្លាច​បាត់បង់​នូវ​ផល​ប្រយោជន៍​ដែល​ក្រុម​គ្រួសារ​របស់​គាត់​កំពុង​រកស៊ី​នៅ​ប្រទេស​ថៃ ថែមទៀត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស