នេះគឺជាប្រតិបត្តិការសងសឹកលើកទី២ របស់រុស្ស៊ី ដែលកាលពីលើកទី១ នៅថ្ងៃទី៦ ខែមិថុនា រុស្ស៊ីបានបាញ់មីស៊ីលលើប្រទេសអ៊ុយក្រែន ដោយប្រើដ្រូន ២៥៤គ្រឿង និងមីស៊ីល ៤៥គ្រាប់ រាប់ទាំងមីស៊ីលបាលិស្ទិក ដោយសម្លាប់មនុស្ស ៤នាក់ និងរបួស ៨០នាក់។
តែការសងសឹកលើកទី២ នៅថ្ងៃទី៩ ខែមិថុនា នេះ បើតាមបណ្ដាញផ្សាយព័ត៌មានរបស់ទូរទស្សន៍ ABC News រុស្ស៊ីបានបើកការវាយប្រហារដែនអាកាសអ៊ុយក្រែន ទ្រង់ទ្រាយធំបំផុតនៅទូទាំងប្រទេសអ៊ុយក្រែន ដោយបញ្ជូនដ្រូនចំនួន ៤៧៩គ្រឿងឱ្យហោះបាញ់។
លើកទី២ នេះ មានមីស៊ីលមិនដល់ ២០គ្រាប់នោះទេ តែក្នុងនោះ មានមីស៊ីលល្បឿនលឿនជាង ៤គ្រាប់ គឺមីស៊ីលបាលិស្ទិក Kh-47M2Kinzhal។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥។
កងទ័ពអាកាសអ៊ុយក្រែន បានហៅការវាយសងសឹករបស់រុស្ស៊ី ចំពោះប្រតិបត្តិការ «សំណាញ់ពីងពាង» របស់អ៊ុយក្រែន ដែលបាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី បានដល់ទៅ ៤១គ្រឿង ដោយវាយលើគោលដៅមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ី ចំនួន ៤ទីតាំង។
នៅក្នុងប្រតិបត្តិការ «សំណាញ់ពីងពាង» អ៊ុយក្រែនបានបើកការវាយប្រហារដោយប្រើដ្រូនចំនួន ១១៧គ្រឿង មានគោលបំណងបំផ្លាញសមត្ថភាពយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។
បើតាមពួកមន្ត្រីយោធាអ៊ុយក្រែន ឲ្យដឹងថា ការវាយប្រហារក្នុងប្រតិបត្តិការ «សំណាញ់ពីងពាង» បានបំផ្លាញ ឬធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ គឺក្រុមយន្តហោះទម្លាក់គ្រាប់បែក Tu-95, Tu-22M និងយន្តហោះឈ្លបការណ៍ A-50 ចំនួន ១គ្រឿង។ ការខូចខាតយន្តហោះរបស់រុស្ស៊ី ទាំងនេះ ក្នុងទំហំ ៧ពាន់លានដុល្លារ។
ក្នុងប្រតិបត្តិការសងសឹកលើកទី២ នេះ បើតាមការបញ្ជាក់របស់កងទ័ពអាកាសអ៊ុយក្រែន កងទ័ពអ៊ុយក្រែន បាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ី ចំនួន ២៩២គ្រឿង តែបើតាមសេនាធិការកងទ័ពអ៊ុយក្រែន វិញ រុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែន ក្រោយឆ្លងម៉ោងបន្តិចចូលថ្ងៃទី៩ មិថុនា ដោយយន្តហោះដ្រូន អាចមានដល់ ៤៩៩គ្រឿង ជាមួយនឹងមីស៊ីល ១៨គ្រាប់ ហើយវាយច្រើនគោលដៅ ប៉ុន្តែអ៊ុយក្រែន បានវាយទប់ស្កាត់ដ្រូនរុស្ស៊ី បានចំនួន ២៧៧គ្រឿង និង ១៨៣គ្រឿងបានបាត់ខ្លួន។ ចំណែកមីស៊ីលបាលិស្ទិក Kinzhal ៤គ្រាប់ បូកនឹងមីស៊ីល Kh101 ចំនួន ១០គ្រាប់ ក៏បានវាយច្រាន។
នេះគឺជាការសងសឹករបស់រុស្ស៊ី ជាថ្មីទៀត បន្ទាប់ពីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើកទី១ កាលពីថ្ងៃទី៦ មិថុនា កន្លងទៅនេះ ដោយសម្លាប់មនុស្ស ៤នាក់ និងជាង ៨០នាក់រងរបួសនៅទូទាំងប្រទេសអ៊ុយក្រែន។
មុនការវាយប្រហារសងសឹករបស់រុស្ស៊ី ចំនួន ២លើកនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញប្រតិកម្មខ្លាំងៗថា ប្រតិបត្តិការ «សំណាញ់ពីងពាង» របស់អ៊ុយក្រែន ដូចជាការកំពុងផ្ដល់ឱកាសទៅរុស្ស៊ី មានលេសវាយសងសឹកកាន់តែបង្កទៅជាសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើង។
ស្របពេលដែលរុស្ស៊ី និងអ៊ុយក្រែន កាន់តែបង្កើនការប្រយុទ្ធគ្នានេះ ប្រទេសទាំងពីរដែលយល់ព្រមដោះដូរសាកសពយុទ្ធជន និងឈ្លើយសឹកជាមួយគ្នា ក៏កំពុងតែពន្យារពេល ព្រោះតែប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរារាំងកិច្ចព្រមព្រៀង។
ក្រុងមូស្គូ បានចោទមុនថា មកពីអ៊ុយក្រែន វាយប្រហារលើមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី ក្រោមប្រតិបត្តិការសំណាញ់ពីងពាង។ រុស្ស៊ី បានអះអាងថា អ៊ុយក្រែនបានពន្យារពេលប្រគល់អ្នកទោស និងទាហានដែលបានស្លាប់ បើទោះបីជាមានកិច្ចព្រមព្រៀងក្នុងអំឡុងពេលកិច្ចចរចានៅទីក្រុងអ៊ីស្តាន់ប៊ុល កាលពីដើមខែមិថុនា នេះក៏ដោយ។
ឧត្ដមសេនីយ៍ Alexander Zorin នៃប្រទេសរុស្ស៊ី បានប្រកាសពីការរៀបចំសាកសពទាហានអ៊ុយក្រែន ចំនួន ១២១២នាក់ទៅកាន់កន្លែងផ្លាស់ប្ដូរដែលបានកំណត់នៅជិតព្រំដែន ហើយត្រៀមសម្រាប់ប្រតិបត្តិការដោះដូរ។
ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី រូបនេះបន្ថែមថា អ៊ុយក្រែនមិនបានគោរពកិច្ចសន្យាតាមពេលវេលាដែលបានព្រមព្រៀងនោះទេ។
យ៉ាងណា មន្ត្រីចារកម្មយោធាអ៊ុយក្រែន បានចោទរុស្ស៊ី ថាបានដឹកជញ្ជូនសាកសពមុនកាលកំណត់ គឺជាល្បិចដ៏អាក្រក់របស់ខ្លួន។
តាមប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បញ្ជីពេញលេញនៃអ្នកទោសសង្គ្រាមរុស្ស៊ី សម្រាប់ការដោះដូរ មិនទាន់ត្រូវបានផ្តល់ឲ្យមកឱ្យអ៊ុយក្រែន នោះទេ ដែលធ្វើឲ្យមានភាពស្មុគស្មាញបន្ថែមទៀតដល់ការដោះដូរសាកសពទាហានដែលស្លាប់ក្នុងសមរភូមិ។
លោក ហ្សេឡេនស្គី បានថ្កោលទោសទីក្រុងមូស្គូ ដែលកំពុងលេងល្បែងស្មោកគ្រោកនេះតាមរយៈក្បាលម៉ាស៊ីនឃោសនារបស់ខ្លួន។
កិច្ចព្រមព្រៀងដោះដូរសាកសពយុទ្ធជន និងឈ្លើយសឹក បានព្រមព្រៀងគ្នាក្នុងការចរចាជុំទី២ នៅទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសតួកគី។ តាមកិច្ចព្រមព្រៀងនេះ នឹងមានការដោះដូរទាហានដែលស្លាប់ប្រហែល ៦ពាន់នាក់ពីភាគីនីមួយៗ។
តាមសេចក្ដីរាយការណ៍ចុងក្រោយមួយទៀត រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសដោយបានកំណត់គោលដៅទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមទាំងទីក្រុង Kharkiv និងតំបន់ Sumy ដែលតំបន់ពីរនេះស្ថិតក្នុងព្រំដែនអ៊ុយក្រែនភាគឦសានដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៤នាក់ និងរាប់សិបនាក់រងរបួស។
ចំពោះការសងសឹករបស់រុស្ស៊ី មានលក្ខណៈទ្រង់ទ្រាយធំទាំង ២លើកនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បានថ្កោលទោស ដោយចាត់ទុកថាជាអំពើភេរវកម្មមានចេតនាសម្លាប់រង្គាលប្រជាជនអ៊ុយក្រែន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

