28.8 C
Phnom Penh

លោក ស៊ុន ចាន់ថុល៖ កម្ពុជា​ចុះបញ្ជី​វិនិយោគ​ជិត ៣០០​គម្រោង កើន​ឡើង​ជាង ១០០​គម្រោង​ក្នុង​រយៈពេល ៥​ខែ​ឆ្នាំ​២០២៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បង្ហាញ​ថា​រយៈពេល ៥​ខែ​ក្នុង​ឆ្នាំ​២០២៥ នេះ ការ​ចុះបញ្ជី​វិនិយោគ​មាន​ចំនួន​ជិត ៣០០​គម្រោង (២៩០​គម្រោង) កើន​ឡើង​ជាង ១០០​គម្រោង (១៣៧​គម្រោង) ស្មើ​នឹង ៩០% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ខណៈ​គម្រោង​វិនិយោគ​ចិន មាន​ចំនួន​ជាង ៦០% (៦២,២៧%)។

អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល បង្ហាញ​របាយការណ៍​វិនិយោគ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ មិថុនា នេះ​ថា គិត​ចាប់ពី​ខែ​មករា ដល់​ខែ​ឧសភា ឆ្នាំ​២០២៥ នេះ ការ​ចុះបញ្ជី​គម្រោង​វិនិយោគ​មាន​ចំនួន​ជាង ២០០​គម្រោង​ក្រោម​ទុន​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក (៤,២​ពាន់​លាន​ដុល្លារ) ដែល​អាច​បង្កើត​ការងារ​ជាង ២០០​ពាន់​កន្លែង។

ប្រភព​ដដែល លើកឡើង​ថា ប្រភព​ទុន​វិនិយោគ​ឈាន​មុខ​គេ​មាន​ប្រទេស​ចំនួន ១០ រួម​មាន ចិន ជាង ៦០% (៦២,២៧%) កម្ពុជា​ខ្លួនឯង ជាង ២០% (២៣,២៨%) ខណៈ​សហរដ្ឋ​អាមេរិក នៅ​ក្រោម​គេ គឺ​មាន​ទុន​វិនិយោគ​ត្រឹមតែ ០,១៥% ប៉ុណ្ណោះ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បញ្ជាក់​ថា ក្នុង​ខែ​ឧសភា កន្លង​ទៅ​នេះ ៥៩​គម្រោង​វិនិយោគ​ដែល​មាន​ទំហំ​ទុន​ជាង ៨០០​លាន​ដុល្លារ​អាមេរិក (៨១៦​លាន​ដុល្លារ) ត្រូវ​បាន​អនុម័ត ដែល​នឹង​ជួយ​បង្កើត​ការងារ​ប្រមាណ ៤៤​ពាន់​កន្លែង ខណៈ​វិស័យ​ដែល​វិនិយោគ​ច្រើន​បំផុត គឺ​វិស័យ​ឧស្សាហកម្ម​ដែល​មាន​ទំហំ​ទុន​ជាង ៥០០​លាន​ដុល្លារ​អាមេរិក (៥៧៩​លាន​ដុល្លារ)។

ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ដែល​ជាប់​ក្នុង​តារាង​ទុន​វិនិយោគ​ឈាន​មុខ​នៅ​កម្ពុជា រួម​មាន ចិន សិង្ហបុរី កោះ British Virgin វៀតណាម អង់គ្លេស កោះ Cayman កោះ Samoa សាធារណរដ្ឋ​កូរ៉េ និង​សហរដ្ឋ​អាមេរិក ខណៈ​ប្រទេស​ជប៉ុន ដែល​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ទៅ​វិនិយោគ​នៅ​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ មិន​ជាប់​ក្នុង​តារាង​នៃ​ប្រទេស​ទាំង ១០ នេះ​ទេ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត ធ្លាប់​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ស្ថិត​ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​កំណត់​ពន្ធ​ខ្ពស់​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ពេលនេះ ទោះ​មាន​គម្រោង​វិនិយោគ​ច្រើន​ប៉ុនណា ក៏​មិន​ទាន់​មាន​ភាព​ប្រាកដប្រជា ១០០% ដែរ។

ចំណែក​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បញ្ហា​អំពើពុករលួយ បញ្ហា​ឆបោក និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ដែល​មជ្ឈដ្ឋាន​អន្តរជាតិ​បង្ហាញ​របាយការណ៍​ថា​កំពុង​កើត​មាន​នៅ​កម្ពុជា គឺជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​របស់​រដ្ឋាភិបាល៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស